ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ នាំយកសត្វអណ្តើក ៤ក្បាល ព្រលែង នៅតំបន់ធម្មជាតិ ក្រោយទទួលបាន ពីស្ត្រីរុស្ស៊ី

ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអណ្តើកធំ​ ១ក្បាល និងកូនៗអណ្តើក ចំនួន៣ក្បាល ទៅព្រលែង នៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះ បានបន្តរស់រានមានជីវិត បែបលក្ខណៈធម្មជាតិ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកធំមួយក្បាល និង កូនៗអណ្តើក ចំនួន៣ក្បាលនេះ មានស្ត្រីជនជាតិរុស្សីម្នាក់ ស្មគ្រ័ចិត្តនាំយកមក ប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែង អោយរស់នៅបន្ត បែបធម្មជាតិនៅ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ រួចហើយស្រ្តីជនជាតិរុស្ស៊ី រូបនេះ នឹងត្រលប់ទៅរស់នៅ ប្រទេសរបស់ខ្លួនវិញ ក្នុងនោះស្រ្តីជនជាតិរុស្ស៊ី ក៏បានប្រាប់ដែរថា ការដែលនាំយក​សត្វទាំងនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វជាបន្តបន្ទាប់។

ក្រៅពីថ្លែងអំណរគុណ ដល់១ស្ត្រីជនជាតិរុស្ស៊ី ដែលនាំយកសត្វទាំងអស់នេះ មកអោយព្រលែងវិញ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារ សត្វព្រៃ​ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ និងថាការព្រលែងសត្វ អោយរស់រានមានជីវិតវិញ ក្រៅពីទទួលបាន​ នូវបុណ្យកុសល ក៏បានរួមចំណែក ជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

To Top