ព័ត៌មានជាតិ

មិនឈ្នះការប្រកួត តែកុមារា ពេជ្រ ធារ៉ា យកឈ្នះបេះដូងទស្សនិកជន សូម្បីសមាគម​ចលនាយុវជន​ កម្ពុជា (ក្រុម១៥៧) ក៏ឧបត្ថម្ភកង់ថ្មី និងអំណោយជាច្រើន

ភ្នំពេញ៖ ថ្វីបើមិនបានយកឈ្នះ ទទួលជ័យលាភី ចំណាក់ថ្នាក់លេខ១ ក្នុងការប្រកួត ការប្រណាំងកង់ កាលពីពេលថ្មីៗនេះក៏ពិតមែន តែកុមារា ពេជ្រ ធារ៉ា បានយកឈ្នះ បេះដូងទស្សនិកជន ដែលចូលរួមទស្សនាជាច្រើន និងផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង លើបណ្តាញសង្គម ជាមួយឆន្ទៈមុះមុត មិនខ្មាសអៀនរបស់គេ ដោយបានតាំងចិត្ត ចូលរួមប្រកួត ជាមួយកុមារដទៃ ដែលគេដឹងថា សុទ្ធតែប្រើប្រាស់កង់ល្អៗ មានតម្លៃថ្លៃៗ ចំណែករូបគេ ត្រឹមកង់កញ្ចាស់ប៉ុណ្ណោះ ។

ការចូលរួមប្រកួតនេះ កុមារា ពេជ្រ ធារ៉ា បានយកឈ្នះបេះដូង ទស្សនិកជន ផ្អើលកោតសរសើរ ចំពោះការតាំងចិត្តរបស់គេ ដែលចូលរួមប្រកួត ទាំងដែល ស្បែកជើងពាក់ក៏គ្មានពាក់ មានត្រឹមកង់កញ្ចាស់មួយប៉ុណ្ណោះ បានធ្វើឲ្យលោក ម៉ឹង ពន្លក ប្រធានសមាគមចលនា យុវជនកម្ពុជា (ក្រុម១៥៧) ដែលបានចូលរួម ទស្សនាផ្ទាល់នោះ បានចាត់អោយក្រុមការងារ ហៅរូបគេមកសួរនាំ និងសន្យាផ្តល់កង់ថ្មីជូន ក្រោយចប់ការប្រកួត ។

តាមការបញ្ជាក់របស់ ក្រុមកង់១៥៧ បានឲ្យដឹងថា “នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ឹង ពន្លក ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តំណាង ក្រុមកង់១៥៧ តាមការសន្យា យកអំណោយជូនកុមារា ពេជ្រ ធារ៉ា ដែលស្រលាញ់ កីឡាជិះកង់ ដែលបានចូលរួមប្រណាំងកង់ នៅទីលានទួលម៉ូតូហោះ ព្រែកលាភ ” ។

គួរឲ្យដឹងថា កុមារា ពេជ្រ ធារ៉ា មាន ឪពុកឈ្មោះ ពេជ្រ ថា ជាកម្មករសំណង់ និងម្តាយឈ្មោះ ប្រ៉ុយ មុំ កំពុងមានជំងឺប្រចាំកាយ និងមានបងប្អូនចំនួន៥នាក់ ហើយរូបគេជាកូនពៅ។ ដោយឃើញពីភាពខ្វះខាតខ្លាំង របស់កុមារពេជ្រ ធារ៉ា លោក ម៉ឹង ពន្លឹក ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក៏បានបានចង្អុលបង្ហាញ អោយបងប្អូនក្រុមកង់ចូលរួម សហការគ្នា ដើម្បីទិញកង់ថ្មី និងសម្ភារៈប្រើប្រាស់ រួមទាំងអំណោយ មួយចំនួនទៀតរួមមាន៖ កង់ថ្មី ចំនួន ១គ្រឿង សម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ, ខោ អាវ Baleno ១ កំប្លេ, កាតាប ១, សៀវភៅ ១០ ក្បាល, ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលផងដែរ៕

To Top