ព័ត៌មានជាតិ

អគ្គនាយក ប.ស.ស. អញ្ជើញបើកវគ្គ បណ្តុះបណ្តាល ស្តីពីគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាម Video Conference

ភ្នំពេញ៖ ការបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរយៈវីដេអូ (Video Conference) នេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ ប្រធានការិយាល័យ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាស បើកវគ្គក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គមនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាល នៃ ប.ស.ស. រាជធានីភ្នំពេញ ។

ក្នុងឱកាសអញ្ជើញ បើកវគ្គបណ្តុះបណ្តាលខាងលើ លោកអគ្គនាយក បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនិងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងារ របស់ខ្លួនទទួលបាន លទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ នាពេលកន្លងមក ។

ជាមួយគ្នានេះផងដែរ លោកអគ្គនាយក បានជំរុញ និងលើកទឹកចិត្ត ទៅដល់លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក្នុងន័យបង្កើនបន្ថែមទៀត នូវចំណេះដឹងថ្មីៗ ព្រមទាំងស្មារតីទទួលខុសត្រូវ ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនដែលជាសមាជិករបស់ខ្លួន ។

ទន្ទឹមគ្នានឹងស្ថានភាព នៃការឆ្លងវីរុស COVID-19 នៅតែបន្ដអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចពិភពលោក យ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេសកម្ពុជាយើងផងដែរនោះ លោកអគ្គនាយក បានក្រើនរំលឹកដល់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងរួមគ្នាចូលរួម ទប់ស្កាត់នៃការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគួរ និងយកចិត្តទុកដាក់ខ្ពស់ បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា ៕

To Top