ព័ត៌មានជាតិ

ក្រសួងនគរបាលវៀតណាម ផ្ញើសារអបអរសាទរចំពោះ សមិទ្ធផលដែលរាជរដ្ឋាភិបាល កម្ពុជាសម្រេចបាន ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យ ឯករាជ្យជាតិ

ភ្នំពេញ​ ៖​ ក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើសារអបអរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ចំពោះសមិទ្ធផលសម្រេចបានកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃ។ 

តាមរយៈ​លិខិតរបស់ក្រសួងនគរបាលវៀតណាម​ ផ្ញេីជូន​ សម្ដេចក្រឡាហោម​ ស​ ខេង​ នាពេលថ្មីៗនេះឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រី នៃក្រសួងនគរបាលវៀតណាម បានបង្ហាញនូវក្ដីរីករាយ និងអបអរចំពោះការបន្តសម្រេចបាននូវសមិទ្ធផលធំធេងគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី និងការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលញ៉ាំងឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍ មានសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។ 

ផ្ទាំងពាណិជ្ជកម្ម

ព្រមជាមួយគ្នានោះ ក្រសួងនគរបាលវៀតណាម ក៏បានសម្ដែងនូវការដឹងគុណចំពោះការគាំទ្ររបស់ប្រជាជន និងកងកម្លាំងនគរបាលជាតិកម្ពុជា ក្នុងបុព្វហេតុការពារសន្តិសុខជាតិ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងបានសហការជិតស្និទ្ធជាមួយវៀតណាមក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរបស់អាស៊ានផងដែរ។

លោកឧត្តមសេនីយ៍ឯក​ សង្ឃឹមថា ប្រទេសទាំងពីរ នឹងមានទំនាក់ទំនងសហប្រតិបត្តិការកាន់តែជិតស្និទ្ធ បន្តផ្ដល់ព័ត៌មានឲ្យគ្នាបានទាន់ពេលវេលាក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្តរក្សាការផ្លាស់ប្ដូរពាណិជ្ជកម្មតំបន់ព្រំដែន បន្តជំរុញកិច្ចសហប្រតិបត្តិការរវាងកម្លាំងនគរបាលវៀតណាម និងកងកម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃកម្ពុជា តាមបរិបទជាក់ស្ដែងក្នុងការអនុវត្តបណ្ដាខ្លឹមសារទាក់ទងនឹងផែនការសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងក្រសួងទាំងពីរ៕

To Top
×