ព័ត៌មានជាតិ

ថ្ងៃទី១៤ វិច្ឆិកា មិនមានអ្នកវិជ្ជមាន វីរុសកូវីដ១៩ ថ្មីនោះទេ និងគ្មានករណី ជាសះស្បើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី និងមិនមានករណីជាសះស្បើយនោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងបានបញ្ជាក់ថា ដោយឡែកនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៣០០សំណាក ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិនិត្យធ្វើតេស្តចំនួន ១១៩៥ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ ចំណែកវត្ថុសំណាកវិភាគចំនួន ១០៥ ដែលនៅសល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តពិនិត្យនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០បន្តទៀត។

គិតពីថ្ងៃទី០៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្តដែលបានធ្វើវិភាគមាន ៣៧៦២ វត្ថុ សំណាក (ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៤នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុប ចំនួន៣០២នាក់ ក្នុងបានព្យាបាលជាសះស្បើយ សរុបចំនួន ២៨៩នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន១៣នាក់ (គ្មានអ្នកស្លាប់)៕

To Top