ព័ត៌មានជាតិ

ទូតសិង្ហបុរី ៖ គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ជួយជំរុញឲ្យមានការបណ្តាក់ទុន វិនិយោគផ្ទាល់ នៅកម្ពុជា

ភ្នំពេញ ៖ លោក Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ មានសារៈសំខាន់ណាស់ក្នុងការ ជំរុញឲ្យមានការបណ្តាក់ទុន វិនិយោគផ្ទាល់នៅកម្ពុជា ពីបណ្តាក្រុមហ៊ុន ធំៗរបស់សិង្ហបុរី។

ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាល ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង លោក Michael Tan បានថ្លែងថា «គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភ ស្តុភារកម្មភ្នំពេញនេះមាន សារៈសំខាន់ណាស់ ពីព្រោះវាជួយជំរុញ ឱ្យមានការបណ្តាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា ពីបណ្តាក្រុមហ៊ុនធំៗរបស់សិង្ហបុរី ដែលជាលទ្ធផល នឹងបង្កើតនូវការងារ និងជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា»។

ជាការឆ្លើយតប លោក ស៊ុន ចាន់ថុល ថ្លែងអំណរគុណចំពោះទូតសិង្ហបុរី ដែលបានសហការយ៉ាងពេញទំហឹងកន្លងមក ជាពិសេសការជំរុញ ឲ្យមានការបើកចរចារវាងកម្ពុជា និងសិង្ហបុរី ដោយមានការចូលរួម ពីតំណាងរបស់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សាទៅលើកិច្ចព្រមព្រៀងក្របខណ្ឌ នៃគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

លោកបន្ដថា កិច្ចព្រមព្រៀងក្របខណ្ឌបានចរចា ដល់ដំណាក់កាលចុងក្រោយហើយ ដោយនៅសេសសល់ បញ្ហាតូចៗមួយចំនួនទេ ដែលត្រូវដោះស្រាយ មុននឹងអាចចាប់ ផ្តើមការសិក្សាសមិទ្ធិលទ្ធភាព នៃមជ្ឈមណ្ឌលភស្តុភារកម្មនេះ៕

To Top