ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១នេះ មានសិស្សនុសិស្សទូទាំងប្រទេស ប្រមាណជា ៣លាន៥សែននាក់ និងសិស្សស្រីប្រមាណជា ៤៩ ភាគរយ ។
ក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០២០-២០២១ ដែលធ្វើឡើងនៅវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា «ក្នុងឆ្នាំសិក្សា ២០២០-២០២១ នេះ គ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ និងឯកជនមានប្រមាណ ១៨,០០០ ក្នុង នោះ មត្តេយ្យសិក្សាសហគមន៍ ៣០០០កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣,៥០០ និងគ្រឹះស្ថានសិ ក្សាឯកជន១៥០០។ សិស្សសរុបប្រមាណ ៣លាន៥សែននាក់ និងសិស្សស្រីប្រមាណ ៤៩ ភាគរយ»។
លោកបន្ដថា គ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ចំនួន១២៥ ក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងឯកជន ៧៧។ និស្សិតកំពុងសិក្សានៅឧត្តមសិក្សាមានប្រមាណ ២១ម៉ឺន និស្សិតស្រីប្រមាណ ៤៦ភាគរយ។
ជាងនេះទៅទៀត លោករដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានលើកឡើងថា ក្នុងដំណើរការឆ្នាំសិក្សាថ្មីនេះ ក្រសួងបានជំរុញឲ្យ គ្រឹះស្ថានសិក្សាសាធារណៈទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការសុវត្ថិភាពសុខភាពសិក្សា តាមរយៈការអនុវត្ត គោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ស្តីពីសេវារថយន្តដឹកសិស្ស សេវាបណ្ណាល័យ សកម្មភាព អប់រំកាយនិងកីឡា សកម្មភាពសិល្បៈ និងសេវាអាហារដ្ឋាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងបរិបទជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ក្រសួង ក៏បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តកម្មវិធីសិក្សាបង្រួញ និង កាលវិភាគសិក្សាសម្រាប់គ្រឹះ ស្ថានមត្តេយ្យសិក្សា មត្តេយ្យសិក្សាសហគមន៍ គ្រឹះស្ថានបឋមសិក្សា និងគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ សម្រាប់ ឆ្នាំសិក្សា ២០២០-២០២១ ដោយផ្តោតលើរៀបចំ សិស្សក្នុងថ្នាក់ ការបែងចែកកម្មវិធីសិក្សានិងមេរៀនសិក្សា និងការ អនុវត្តកម្មវិធីសិក្សាបង្រួញ។
ឆ្លៀតឱកាសនោះដែរ លោក ហង់ជួន ណារ៉ុន ក៏បានបញ្ជាក់ថា ដើម្បីធានាដំណើរការគ្រឹះស្ថាន សិក្សាសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ ព្រមទាំង ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ១៩ ក្នុងអំឡុងពេលនៃការបើកបវេសនកាល និងដំណើរការឆ្នាំសិក្សា ២០២០-២០២១ ក្រសួង បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តវិធានការសុវត្ថិភាពសិក្សាក្នុងបវេសនកាល ឆ្នាំសិក្សា ២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ៕