ព័ត៌មានជាតិ

អូស្ដ្រាលី នៅតែជាដៃគូយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីស្ដារផលិតកម្មស្បៀងឡើងវិញ

ភ្នំពេញ ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា បានឲ្យដឹងថា អូស្រ្តាលីនៅតែជាដៃគូយ៉ាង ជិតស្និទ្ធជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងស្តារផលិតកម្មស្បៀងឡើងវិញ។

ក្នុងពិធីចែកឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Seeder) ចំនួន១០គ្រឿង ជូនដល់សហគមន៍កសិកម្ម ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាអំណោយ របស់រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លោកឯកអគ្គរដ្ឋទូត អូស្ត្រាលី បានថ្លែងថា «រដ្ឋាភិបាលអូស្រ្តាលី នឹងនៅតែជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេស ស្តារផលិតកម្មស្បៀងឡើងវិញ ក្នុងខណៈដែលកម្ពុជាក៏ដូច ពិភពលោកកំពុង ប្រឈបបញ្ហាកូវិដ-១៩»។

នាឱកាសនោះដែរ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសា ក៏បានថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលអូស្រ្តាលី ដែលបានចូលរួម ចំណែកយ៉ាងសកម្មក្នុងការស្តារ កសាង និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងនោះ ក៏មានវិស័យកសិកម្ម តាមរយ:គម្រោងកម្មវិធី ការស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្ស ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យមួយនេះ ឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

លោករដ្ឋមន្ដ្រី បន្ដថា ជាក់ស្តែងថ្ងៃនេះ ឧបករណ៍ដាំគ្រាប់ស្រូវ ចំនួន១០គ្រឿងបន្ថែមទៀត ដើម្បីរួមចំណែក ពន្លឿនការងារដាំដុះស្រូវរបស់ប្រជាកសិករ កាត់បន្ថយពលកម្មមនុស្ស ចំណេញពេល និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។

ជាងនេះទៅទៀត លោករដ្ឋមន្ដ្រីកសិកម្ម ក៏បានលើកឡើងថា ដោយស្វែងយល់ អំពីតម្រូវការចាំបាច់ឧបករណ៍ ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញ ក្រោយពេលជំនន់ទឹកភ្លៀង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ ព្រោះគ្រាប់ស្រូវនេះចំនួន ២៨០គ្រឿង ដើម្បីយកទៅចែកជូន សហគមន៍កសិកម្ម សម្រាប់បម្រើឲ្យសកម្មភាព ស្តារផលិតកម្មដំណាំស្រូវ៕

To Top