ព័ត៌មានជាតិ

សត្វត្រយងចង្កំ.ក.ស ៥សំបុក ត្រូវបានរកឃើញ ក្នុងដែនជម្រក សត្វព្រៃលំផាត់ ខេត្តរតនគិរី

ភ្នំពេញ ៖ មន្រ្តីជំនាញបរិស្ថាន បានរកឃើញសត្វត្រយងចង្កំ.ក.ស ៥សំបុក កាលពីខែមករា ឆ្នាំ២០២១ ក្នុងដែនជម្រក សត្វព្រៃលំផាត់ខេត្តរតនគិរី ដែលជាប្រភេទសត្វជិតផុតពូជ នៅប្រទេសកម្ពុជា។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១លោក ប៊ូ វរសក្ស នាយកកម្មវិធីអ ង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានឲ្យដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមការជំរឿនទូទាំងប្រទេសឃើញថា សត្វត្រយងចង្កំ.ក.ស មានការធ្លាក់ចុះ ដោយឡែកនៅដែនជម្រកសត្វព្រៃលំផាត់ក៏មានការធ្លាក់ចុះផងដែរ។

លោកបញ្ជាក់ថា ក្រោមកិច្ចសហការរវាងមន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស បានធ្វើការ អង្កេតតាមដានរកឃើញសំបុកសត្វត្រយងចង្កំ.ក.ស ៥សំបុក ក្នុងដែនជម្រកសត្វព្រៃលំផាត់ខេត្តរតនៈគិរី ដែលនេះជាសញ្ញា បញ្ជាក់ពីវត្តមានសត្វស្លាបដ៏កម្ររបស់កម្ពុជាមានឡើងវិញ។

លោកបញ្ជាក់ថា «មកដល់ពេលនេះយើងទើបតែបញ្ចប់ខែ១ យើងបានរកឃើញសំបុកចំនួន ៥ សំបុកក្នុងនោះ១ សំបុកបានបរាជ័យ តាមការអង្កេតរបស់ពួកយើង ការបរាជ័យរបស់ពួកវាគឺ បណ្ដាលមកពីសត្វក្អែកនិងខ្លែង ចូលស៊ី មិនមែនដោយសារមនុស្សទេ ប៉ុន្តែកាលពីមុន ក៏មានការរំខានដោយមនុស្សដែរ មានអ្នកឡើងយកពងកូនរបស់វា រំខានដល់មេវា មួយទៀតគឺមានកាប់ដើមដែលមានសំបុកពងកូនឬក៏កាប់ក្បែរហ្នឹងធ្វើឱ្យសំបុកវាបរាជ័យ»។

លោកបន្ថែមថា ក្រោយពីបានរកឃើញ មន្រ្តីជំនាញអង្គការជីវិតសត្វស្លាប សហការជាមួយមន្រ្តីឧទ្យានុរក្ស តែងតែចុះ អង្កេតជាប្រចាំ ១សប្តាហ៍ម្តង និងធ្វើការអប់រំផ្សព្វផ្សាយដល់សហគមន៍ កុំឱ្យទៅរំខានដល់សត្វត្រយងចង្កំ.ក.ស និង សត្វ ផ្សេងៗទៀតដែលកំពុងទទួលរងគ្រោះថ្នាក់ជិតផុតពូជជាសកល។
លោក ប៊ូ វរសក្ស បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្រ្តីពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្សសត្វព្រៃ ដែលជិតផុតពូជក្នុងដែនជម្រកសត្វព្រៃលំផាត់ ក៏ដូចជាតំបន់ការពារ និង អភិរក្សសត្វព្រៃដទៃទៀតឲ្យបានគង់វង្ស ជាពិសេស សត្វត្រយងយក្ស ដែលជានិមិត្តសញ្ញារបស់ជាតិខ្មែរ៕

To Top