ភ្នំពេញ ៖ គណ:មេធាវីនៃកម្ពុជា បានសម្ដែងនូវក្ដីបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ដ្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធទៅដោះស្រាយ ក្នុងសមត្ថកិច្ចរបស់ខ្លួន និងការបង្ខំឲ្យមេធាវីទម្លាយការសម្ងាត់វិជ្ជាជីវៈ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ គណ:មេធាវីនៃកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា«គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការរបស់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចមួយចំនួន ដែលតែងតែយកសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធទៅដោះស្រាយក្នុងសមត្ថកិច្ចរបស់ខ្លួន និងការបង្ខំមេធាវីឱ្យ ទម្លាយការសម្ងាត់វិជ្ជាជីវៈ»។
កន្លងមកនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកត់សម្គាល់ឃើញថា មានមន្ត្រីនៃអាជ្ញាធរ មានសមត្ថកិច្ចមួយចំនួនបានទទួល និងចាត់ការលើបណ្តឹងដែលប្តឹងចំពោះសកម្មភាពនៃការប្រកបវិជ្ជាជីវៈរបស់មេធាវីសុទ្ធសាធ ជាអាទិ៍ ការឃាត់ខ្លួនមេធាវីដែលបានតំណាងកូនក្តីក្នុងការចរចា និងអមកូនក្តី ការបង្ខំមេធាវីឱ្យអន្ទងកូនក្តីមកកាន់អង្គភាពនគរបាលយុត្តិធម៌ ការបង្ខំមេធាវីឱ្យទម្លាយការសម្ងាត់នៃទំនាក់ទំនងរវាងមេធាវី និងកូនក្តី ការប្តឹងមេធាវីពីបទគំរាមកំហែង ហែកកេរ្តិ៍ ចំពោះការតាក់តែងលិខិតជូនដំណឹងក្នុងនាមមេធាវីតំណាងដោយអាណត្តិ ការប្តឹងមេធាវីពីបទញុះញង់ចំពោះការ ផ្តល់យោបល់ផ្នែកច្បាប់ដល់កូនក្តី។
គណៈមេធាវីកម្ពុជា បានអំពាវនាវដល់មន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិនិត្យតាមផ្លូវច្បាប់លើសកម្មភាពនៃការប្រកបវិជ្ជាជីវៈមេធាវី មុននឹងចាត់ការលើការប្តឹងលើមេធាវីណាមួយ។ ក្នុងករណីរកឃើញថា ការប្តឹងនោះកើតចេញពីការប្រកបវិជ្ជាជីវៈរបស់មេធាវី សូមមន្ត្រីនៃអាជ្ញាធរមានសមត្ថកិច្ចផ្តល់ព័ត៌មាន ឬបញ្ជូនបណ្តឹងនោះទៅគណៈមេធាវី ដើម្បីដោះស្រាយតាមវិធានវិជ្ជាជីវៈ ជាសមត្ថកិច្ច ដូចដែលមានចែងយ៉ាងច្បាស់លាស់ នៅក្នុងមាត្រា ១៩ មាត្រា ២៧ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី៕