ព័ត៌មានជាតិ

កម្ពុជា ឆ្លើយតបទៅភាគីវៀតណាម ក្នុងករណីផ្អាកការនាំចូលត្រី ៤ប្រភេទ

ភ្នំពេញ៖ ក្រោយពីមានការស្នើសុំពីភាគីវៀតណាម ឲ្យកម្ពុជាបើកការនាំចូលត្រី ៤ប្រភេទឡើងវិញ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មបានឆ្លើយតប ទៅភាគីវៀតណាម ប៉ុន្តែទោះបីជាយ៉ាងណា ក៏មិនទាន់មានដំណោះស្រាយនៅឡើយដែរ។

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានផ្ញើលិខិតមកកាន់ លោក ប៉ាន់ សូរស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មខ្មែរ ដើម្បីស្នើឲ្យពិភាក្សាជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយ លោក វេង សាខុន កាលពីថ្ងៃទី ៨ ខែមករាឆ្នាំ ២០២១ បានចេញសេចក្តី ប្រកាស ហាមឃាត់ការនាំចូលត្រីចំនួន៤ ប្រភេទ គឺត្រីប្រា ត្រីពោ ត្រីអណ្តែងនិងត្រីឆ្តោពីបរទេស (ក្នុងនោះមានវៀតណាម) ដើម្បីការពារទីផ្សារក្នុងស្រុក។

ត្រីប្រា

បន្ទាប់ពីឃើញសំណើរបែបនេះ កាលពីថ្ងៃ ៥កុម្ភៈ លោក ប៉ាន់ សូរស័ក្តក៏តបទៅលោក ត្រាំងតុង អាង ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម។ ក្នុងខ្លឹមសារលិខិតរបស់រដ្ឋមន្រ្តីពាណិជ្ជកម្មខ្មែរ ជាភាសាអង់គ្លេសដែល មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃ៦ កុម្ភៈ គឺមានន័យថាក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជូនលិខិតយោងខាងលើ ទៅក្រសួងកសិកម្មសម្រាប់ ការពិចារណារួចហើយ។

លិខិតបន្តថា លើសពីនេះក្រុមជំនាញក៏បាន ពិគ្រោះយោបល់យ៉ាងស្វាហាប់ ជាមួយក្រុមការងារ បច្ចេកទេសនៃក្រសួងកសិកម្ម ដើម្បីពិភាក្សាអំពីបទប្បញ្ញត្តិបច្ចេកទេស និងវិធានការផ្អាកបណ្តោះអាសន្ន និងការប្តេជ្ញាចិត្តរបស់ក្រោម អង្គការពាណិជ្ជកម្មពិភពលោក។

ត្រីប្រា

លិខិតសង្កត់ធ្ងន់ថា ទោះបីជាមានស្ថានភាពលំបាក នាពេលបច្ចុប្បន្នដែលបង្កឡើង ដោយរោគរាតត្បាត Covid-19 នៅក្នុងប្រទេសក៏ដោយក៏ក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជានឹងខិតខំប្រឹងប្រែង អស់ពីសមត្ថភាពក្នុងការពិគ្រោះយោបល់ផ្ទៃក្នុង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដើម្បីដោះស្រាយបញ្ហានេះក្នុងគោលបំណង ឲ្យពាណិជ្ជកម្មទ្វេភាគីវិលមករកភាពប្រក្រតីវិញ ដើម្បីផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជន នៃប្រទេសនីមួយៗ។

ប្រភពបញ្ជាក់ថា “ក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា នឹងជូនដំណឹងដល់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម អំពីលទ្ធផលនៃការពិគ្រោះយោបល់ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ៕

To Top
×