នយោបាយ

BRI ពុំមែនជានយោបាយ “ការទូតអន្ទាក់បំណុល” សម្រាប់កម្ពុជាឡើយ! ទំនាក់ទំនងកម្ពុជា-ចិន មានតាំងពីយូរលង់មកហើយ

          ត្រូវទទួលស្គាល់ការពិតជាប្រវត្តិសាស្រ្តថា ទំនាក់ទំនងកម្ពុជា-ចិន មានតាំងពីយូលុងណាស់មកហើយ តែជាក់ស្ដែងបំផុតនៅសតវត្សរ៍ទី១២ ដោយលោក ជី តាហ្វាន់បានធ្វើដំណើរមកកាន់ដែនដីចេនឡានាឆ្នាំ១២៩៥ ហើយបានស្នាក់អាស្រ័យនៅក្នុងនគរចេនឡានេះរហូតដល់ឆ្នាំ១២៩៧ទើបលោកវិលត្រឡប់ទៅស្រុកចិនវិញ!។ ជាតថភាពយ៉ាងហោចណាស់លោក ជី តាហ្វាន់ បានធ្វើឱ្យពិភពលោកស្គាល់នគរខ្មែរតាំងពីសម័យកាល១០០០ឆ្នាំកន្លងទៅនោះ!។

          យោងតាមសំណេរប្រវត្តិសាស្រ្តគឺ លោក ជី តាហ្វាន់ បានធ្វើដំណើរមកនគរចេនឡាតាមសំប៉ានឆ្លងកាត់កោះ Paracel (សមុទ្រចិនខាងត្បូង) ចូលមកទឹកដីចម្ប៉ា រួចបន្តដំណើរទៅដល់អង្គរ ដោយក្រុមរបស់លោកបានធ្វើដំណើរតាមបណ្ដោយដងទន្លេមេគង្គ លើទន្លេសាប ដល់ភ្នំក្រោមរួចទៅកាន់អង្គរ!។

          នៅក្នុងកំណត់ត្រានេះ គឺជាសក្ខីភាពប្រវត្តិសាស្រ្តមួយក្នុងការអះអាងថា លោក ជី តាហ្វាន់ ដែលជាប្រេសិតរបស់រាជវាំងចិន ក្នុងរជ្ជកាលម៉ុងហ្គោលត្រួតត្រាប្រទេសចិនដែលការធ្វើដំណើរនេះ ក្រុមរបស់លោកបានចំណាយពេល១០ថ្ងៃទើបទៅដល់អង្គរ តាមផ្លូវទឹកទាំងអស់!។

          ជាភាពជាក់ស្ដែងនិយម គឺលោក ជី តាហ្វាន់ បានធ្វើឱ្យពិភពលោក ស្គាល់យ៉ាងពិតប្រាកដអំពីផ្ទាំងរូបភាពយ៉ាងរស់រវើកនៃនគរខ្មែរក្នុងសម័យកាលចេនឡា និងទំនាក់ទំនងកម្ពុជា-ចិនចាប់មានពីពេលនោះមក!។

ជំនួបចេតនាដំបូងរវាងថ្នាក់ដឹកនាំចិនជាមួយព្រះករុណាព្រះបិតា

          ក្នុងកិច្ចប្រជុំកំពូលនៃចលនាមិនចូលបក្សសម្ព័ន្ធនៅ Bandung ប្រទេសឥណ្ឌូនេស៊ីនា ខែមេសា ១៩៥៥ គណៈប្រតិភូចិនបានប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវ ជំហររបស់កម្ពុជាអំពីគោលនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ព្រមទាំងបានអះអាងយ៉ាងឱឡារិក នូវការគោរពអធិបតេយ្យភាព បូរណភាព និងអព្យាក្រឹត្យរបស់កម្ពុជា នៅពេលដែលប្រទេសទាំងពីរ (កម្ពុជា-ចិន) ឥតទាន់មានទំនាក់ទំនងការទូតឬទោះបីការរកស៊ីពាណិជ្ជកម្មណាមួយជាមួយគ្នាសោះឡើយ!។

1954 Geneva Conference

          ក្នុងចក្ខុវិស័យដ៏យូរអង្វែង ទើបក្នុងរាល់កិច្ចប្រជុំនៃសន្និសីទ Geneva ១៩៥៤ ស្ដីពីសន្តិភាពនៅឥណ្ឌូចិន គឺគណៈប្រតិភូចិនក្រោមការដឹកនាំ  របស់លោក ជូ អេង ឡាយ តែងតែ បានចេញមុខការពារផលប្រយោជន៍កម្ពុជា នៅចំពោះមុខមតិសាធារណៈអន្តរជាតិ ដែលក្នុងនោះរួមមានទាំងផែនការទាមទារយកខ្សែស្របទី១៣ និងឧបាយកលនៃផែនការហែកពុះប្រទេសកម្ពុជាទៅជាពីរតំបន់ត្រួតត្រា គឺចិនបានជំទាស់ ព្រមទាំងបាន ស្នើឱ្យកម្លាំងបរទេសទាំងអស់ ត្រូវដកចេញផុតពីទឹកដីកម្ពុជា និងដាច់ខាតមិនគាំទ្រ ឱ្យមានតំបន់  អបគមន៍សម្រាប់កម្លាំងខ្មែរវៀតមិញ ឡើយ!។

Zhou Enlai at the Geneva Conference, 1954

          ក្នុងរាល់កិច្ចប្រជុំ លោក ជូ អេងឡាយ តែងតែ ម្ចាស់ការក្នុងការមកជួបប្រាស្រ័យទាក់ទង ជាមួយគណៈប្រតិភូកម្ពុជា និងជួបសវនាការជាមួយព្រះករុណាព្រះបិតា ដែលទោះបីជាប្រទេសទាំងពីរនេះ មានរបបនយោបាយ ផ្សេងគ្នានិងឥតទាន់មានទំនាក់ទំនងការទូតនឹងគ្នាក៏ដោយ!។

Vietnam and 17th Parallel

ភាពភ្លឺស្វាងនិងចក្ខុវិស័យយុទ្ធសាស្រ្តរបស់ព្រះករុណាព្រះបិតាអំពីចិន!

Sihanouk and Chinese Premier, Zhou Enlai

          ដោយស្ថិតនៅក្នុងចន្លោះនៃបណ្ដាសារភូមិសាស្រ្ត ទើបកម្ពុជាបានជ្រើសរើសយកមាគ៌ាអព្យាក្រឹត្យ មិនចូលរួមក្នុងសង្រ្គាមនៅប្រទេសវៀតណាម! កម្ពុជាពុំមានការស្អប់ខ្ពើម ចងអរិយភាពប្រឆាំងទៅនឹងនរណាឡើយ! គ្រាន់តែសុំកុំឱ្យមានការបង្កើតតំបន់រំដោះ និងកងទ័ពបរទេសទាំងអស់ត្រូវដកចេញឱ្យអស់ពីកម្ពុជា ព្រោះកម្ពុជាមានឯករាជ្យពេញលេញបរិបូរណ៍ លែងមានរបបអាណានិគម ចក្រពត្តិ ធ្វើការត្រួតត្រាមកលើទៀតហើយ!។

 President Eisenhower and Prince Norodom Sihanouk, 1959 

          ក្នុងជំនួបជាមួយ John Foster Dulles រដ្ឋមន្រ្តីការបរទេសអាមេរិក ក្រៅពីការទទួលយកនូវការទិទៀន វាយប្រហារ និងបញ្ចុះបញ្ចូលកម្ពុជាឱ្យទទួលយក SEATO ធ្វើជាឆ័ត្រការពារមក គឺសហរដ្ឋអាមេរិកពុំបាននិយាយដល់ឥស្សរភាព ការការពារបូរណភាពដែនដីរបស់កម្ពុជា ពីអនុភាពក្នុងតំបន់ឡើយ! ក្រៅពីនេះអាមេរិក បានចោទប្រកាន់អព្យាក្រឹត្យភាពរបស់កម្ពុជា លំអៀងទៅរកចិន! អព្យាក្រឹត្យរបស់កម្ពុជាគ្មានន័យអ្វីទាំងអស់! ដូច្នោះកម្ពុជាត្រូវដើរជាមួយអាមេរិក តែបើកម្ពុជាជាមិត្តរបស់ពួកប្រទេសកុម្មុយនីស្តគឺកម្ពុជាជាអ្នកប្រឆាំងនិងផលប្រយោជន៍របស់អាមេរិក(Sic) !។

President Eisenhower and John Foster Dulles

          ភាពភ្លឺស្វាងបំផុតរបស់ព្រះករុណាព្រះបិតា ដោយព្រះអង្គបានឆ្លើយទៅ John Foster Dulles  វិញក្នុងការព្យាករណ៍មួយដែលសច្ចៈភាពបំផុតពាក់ព័ន្ធដល់អត្ថិភាពរបស់ចិនគឺ មិនយូរមិនឆាប់សហរដ្ឋអាមេរិកនឹងត្រូវបង្ខំចិត្តរៀបចំទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងយល់ព្រម មិនជំទាស់ក្នុងការឱ្យចិនចូលរួមក្នុងអង្គការសហប្រជាជាតិទៀតផង!

ការផ្ដើមភ្ជាប់ទំនាក់ទំនងនិងការចូលUNរបស់ចិន!

          ចក្ខុវិស័យក្នុងភូមិសាស្រ្តនយោបាយរបស់ព្រះករុណាព្រះបិតាបានឆ្លុះបញ្ចាំងយ៉ាងសច្ចៈភាព គឺបន្ទាប់ពីប្រធានាធិបតី Nixon ទៅបំពេញទស្សនកិច្ចជាមិត្តភាពនាឆ្នាំ១៩៦៩នៅ Pakistan និង Romania  ហើយដោយមានការសម្របសម្រួលរបស់លោក Kissinger និងមានការជួយជាអាជ្ញាកណ្ដាលរបស់លោក Yahia Khan ប្រធានាធិបតីប៉ាគីស្ថាន និងលោក Nicolae Ceaușescu ប្រធានរដ្ឋរបស់ Romania មក ទើបនៅខែតុលា ១៩៧០ Nixon  បានបាញ់ពាក្យដោយសម្ដែងបំណងចង់មានប្រក្រតីកម្មទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន!។

          ចាប់តាំងពីពេលនោះមក អ្នកកាន់អំណាចរបស់សហរដ្ឋអាមេរិកលែងហៅចិនថា “ចិនកុម្មុយនីស្ត” ទៀត តែជំនួសទៅដោយពាក្យការទូតត្រឹមត្រូវថា “សាធារណរដ្ឋប្រជាមានិតចិន”ទៅវិញ!។ បន្ទាប់មកក៏មានចលនា និងសកម្មភាពការទូតសម្ងាត់ដឹកនាំទៅដោយ Kissinger  និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ UN  ទើបក្នុងអង្គសន្និបាត លើកទី២៦ របស់UNនាថ្ងៃ ២៥ តុលា ១៩៧១ មានការបោះឆ្នោតដោយមានសំឡេងគាំទ្រ៧៦ សំឡេងជំទាស់៣៥ និងសំឡេងអនុប្បវាទ ១៧ ក្នុងការបណ្ដេញតៃវ៉ាន់ចេញ និងបញ្ចូលចិនប្រជាមានិតជាតំណាងតែមួយគត់និងស្របច្បាប់នៅក្នុង UN ទៅ។ នៅចំពោះមុខឧបទ្ទវហេតុនយោបាយមួយនេះ បានធ្វើឱ្យតៃវ៉ាន់បាក់មុខ និងមជ្ឈដ្ឋានអ្នកនយោបាយជប៉ុនមានការភ្ញាក់ផ្អើល ធ្លាក់ទឹកចិត្តដោយពុំបានជូនព័ត៌មានដឹងមុន ក្នុងឋានៈជាសម្ព័ន្ធមិត្តដ៏ជិតស្និទបំផុតជាមួយសហរដ្ឋអាមេរិក! បើលោក Le Duan  វិញ ធ្លាប់មានប្រសាសន៍ថា នៅឆ្នាំ១៩៥៤ នាសន្និសីទ Geneva ចិនបានលក់វៀតណាមនៅលើតុចរចា! ឥឡូវនេះនៅឆ្នាំ១៩៧២ វៀតណាមគឺជាវៀតណាម ចិនមិនត្រូវយកបញ្ហាវៀតណាមទៅជជែកជាមួយអាមេរិកទៀតដោយនេះជាបញ្ហារបស់វៀតណាម(Sic)!។

Le Duan

          តាមពិតក្នុងប្រវត្តិសាស្រ្ត និងជាផលប្រយោជន៍ជាតិរបស់គេផង ទើបក្នុងជម្លោះនៅកម្ពុជានាសម័យសង្រ្គាមត្រជាក់ដែលទោះបីជាកម្ពុជាមិនឯកភាពទទួលយកក៏ដោយ ក៏ធ្លាប់មានអនុភាពខាងក្រៅបានបញ្ចុះបញ្ចូលឱ្យកម្ពុជាទទួលយក ដំណោះស្រាយក្រហម ដែលជាភាពអយុត្តិធម៌មួយក្នុងការបង្ខំឱ្យសាធារណរដ្ឋប្រជាមានិតកម្ពុជារួមរស់ជាមួយកម្ពុជាប្រជាធិបតេយ្យម្ដងទៀត(Sic)!។  សក្ខីកម្មនេះបញ្ជាក់ អោយឃើញថា ពុំមានសត្រូវយូរអង្វែង ពុំមានមិត្តម៉ឺនឆ្នាំ មានតែផលប្រយោជន៍ជាតិតែមួយគត់ដែលអមតៈ!ដែលនេះជាសច្ចៈធម៌ក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិ នាសហសម័យ!។

          សច្ចៈភាពរបស់ព្រះករុណាព្រះបិតា ក្នុងការទស្សន៍ទាយចំពោះមហាអំណាចទាំងពីរនេះក្នុងសម័យកាលដែលប្រព័ន្ធនយោបាយមូលធននិយម និងកុម្មុយនីស្តនិយមបាននិងកំពុងប្រឈមដាក់គ្នាយ៉ាងស្រួចស្រាវបំផុតនោះ បានក្លាយទៅភាពជាក់ស្ដែងនិយមពិតប្រាកដ!។ ទស្សនៈនយោបាយដ៏មោះមុតនឹងត្រឹមត្រូវ ក្នុងការការពារយុត្តិធម៌របស់ចិន នៅចំពោះមុខពិភពលោករបស់ព្រះករុណាព្រះបិតា បានធ្វើឱ្យថ្នាក់ដឹកនាំនិងប្រជាជនចិនទាំងមូលគោរពស្រឡាញ់ ព្រមទាំងបានថ្វាយព្រះនាមថា មហាមិត្តរបស់ប្រជាជាតិចិនក្នុងគ្រប់សម័យកាល!។

កម្ពុជាក្នុងបរិបទភូមិសាស្រ្តយុទ្ធសាស្រ្តរបស់តំបន់ និងពិភពលោក!

          ទំនាក់ទំនងកម្ពុជា-ចិន មានជាក់ស្ដែងពីសតវត្សរ៍ទី១២ បន្ទាប់មកកាន់តែមានភាពល្អប្រសើរ រីកចម្រើនលើគ្រប់វិស័យក្នុងសម័យនៃព្រះរាជាណាចក្រកម្ពុជាទី១ តែជាអកុសល ភាពសុខសាន្ត សម្បូររុងរឿង និងឥស្សរភាពរបស់ខ្មែរត្រូវបានដុតបំផ្លាញដោយកត្តាបណ្ដាសារភូមិសាស្រ្តដែលមហន្តរាយនេះ ពុំមែនកើតមកដោយការដឹកនាំ របស់មេដឹកនាំខ្មែរឡើយ! មហិច្ចិតា និងភាពឃោរឃៅ របស់ភូមិផង គឺជាកត្តាកំណត់សម្រេចលើជោគវាសនានៃការស្លាប់រស់ ការរីកចម្រើនរបស់ប្រជាជាតិមួយដែលអ្នកភូមិសាស្រ្តនយោបាយហៅអំពើនេះថា បណ្ដាសារភូមិសាស្រ្តនោះ!។ សក្ខីភាពជាប្រវត្តិសាស្រ្តបានបង្ហាញឱ្យឃើញយ៉ាងជាក់ស្ដែងបំផុតថា ប្រទេស Baltic 3 រួមមាន Estonia , Latia, Lithuania , Poland , Canada , US និង Mexico ,Myanmar Mongolia , Israel និងមានប្រទេសជាច្រើនទៀតត្រូវបានបណ្ដោយវាសនាទៅដោយបណ្ដាសារភូមិសាស្រ្ត ដែលកត្តាមួយនេះបានកំណត់ភូមិសាស្រ្តនយោបាយអោយប្រទេសជាតិទាំងនោះ!។

          ទំនាក់ទំនងកម្ពុជានិងចិនក្នុងព្រះរាជាណាចក្រទី២

ពិតតែមាន Paris Agreement  ២៣ តុលា ឆ្នាំ ១៩៩១ មានការបោះឆ្នោតសេរី ដោយមានការចូលរួមជិត៤០គណបក្សនយោបាយ ក្រោមការរៀបចំដោយ UNTAC ក៏ដោយ ក៏សភាពការណ៍នយោបាយនៅតែ ស្ថិតក្នុងភាពមិនច្បាស់លាស់ អស្ថេរភាពដដែល! កម្ពុជាចាប់មានសន្តិភាព និងស្ថេរភាពពិតប្រាកដ គឺចាប់តាំងពីមានគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ធ្វើឱ្យខ្មែរគ្រប់ភាគីឯកច្ឆ័ន្ទចូលរួមក្នុងស្មារតីផ្សះផ្សារបង្រួបបង្រួមជាតិ ខ្មែរស្រឡាញ់ខ្មែរ ទុកអរិភាពជាមេរៀន អតីតកាលជាបទពិសោធន៍ ហើយរួមគ្នាសាមគ្គីជាធ្លុងមួយ កសាង អភិវឌ្ឍន៍ជាតិក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ! ដែលពួកប្រទេសភូមិផងកម្ពុជា ធ្វើមិនបាន និងមិិនអាចធ្វើបានអស់រយៈកាលជិត៤៥ឆ្នាំបន្ទាប់ពីរំដោះប្រទេសមក! ដែលទោះបីជាពួកគេបានបំពងសំឡេងផ្សះផ្សារបង្រួបបង្រួមជាតិយ៉ាងណាក៏ដោយនោះ!

          ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ជាប្រមុខ កម្ពុជាទទួលបានការបណ្ដាក់ទុន(FDI) យ៉ាងច្រើន ដែលក្នុងនោះមាន៤៣% ជាទុនមកពីប្រទេសចិន! ក្នុងឆ្នាំ២០១៩ទំនាក់ទំនងរកស៊ី និងជញ្ជីងពាណិជ្ជកម្មកម្ពុជា-ចិនឈានដល់ ៩កោដិដុល្លារអាមេរិក  ក្រៅពីនេះចិនក៏បានផ្ដល់ជាហិរញ្ញប្បទានមានប្រមាណ៧០% សម្រាប់គម្រោងសាងសង់ស្ពាន ថ្នល់ ល។ល។ ដែលជាភាពចាំបាច់និងចំពោះមុខរបស់កម្ពុជា!។

          ដោយកត្តាស្ថេរភាពនយោបាយនិងភាពអំណោយផលខាងសេដ្ឋកិច្ច បានធ្វើឱ្យវិនិយោគិនចិនចូលមកបណ្ដាក់ទុនរកស៊ីក្នុងវិស័យឧស្សាហកម្មវាយភណ្ឌ ដែលផលទុននេះមានប្រមាណ១៥%ក្នុងGDPរបស់កម្ពុជាក្នុងឆ្នាំ២០១៩ ហើយឆ្លងតាមវិស័យកាត់ដេរនេះបាននាំមកនូវការងារផ្ទាល់សម្រាប់ពលរដ្ឋខ្មែរជាង៨០ម៉ឺននាក់និងមានប្រជាជនជាង៣លាននាក់ ជាគ្រួសារទៀត ទទូលបានផលប្រយោជន៍នេះ  បង្កើនកំណើនសេដ្ឋកិច្ច នាំមកជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរមានភាពសមរម្យគួរឱ្យពេញចិត្ត ដែលមើលទៅគឺជាគោលនយោបាយ BRI ទាំងអស់!។

          ក្នុងក្របខណ្ឌភូមិសាស្រ្តសេដ្ឋកិច្ចរបស់ BRI នៅកម្ពុជា!

          ជាង២ទសវត្សរ៍បន្ទាប់ពីមាននយោបាយឈ្នះ ឈ្នះ មក ចិន ប្រែក្លាយទៅជាដៃគូសេដ្ឋកិច្ចមួយដ៏ធំនិងសំខាន់បំផុតនៅកម្ពុជា។ ជាមួយនឹងការបណ្ដាក់ទុនជាង៩កោដិដុល្លារអាមេរិកចូលមកក្នុងវិស័យរ៉ែ ថាមពល វាយនភ័ណ្ឌ និងប្រព័ន្ធគមនាគមន៍ ល-ល…មក បានធ្វើឱ្យមុខមាត់របស់កម្ពុជាមានការប្រែប្រួលពីបរិមាណទៅគុណភាពលើគ្រប់វិស័យ រួមទាំង អត្ថិភាពនិងកិត្យានុភាពរបស់កម្ពុជាលើបណ្ដាវេទិកាតំបន់ និងអន្តរជាតិទៀងផង!។

          ប្រការមួយដែលចាប់អារម្មណ៍បំផុតនោះគឺចាប់តាំងពីឆ្នាំ២០១៥ ចរន្តទុនវិនិយោគរបស់ចិនបានប្ដូរទិសដោយប្រមូលផ្ដុំមកលើបណ្ដាខេត្តជាប់សមុទ្រ! ហើយចាប់តាំងពីដើមឆ្នាំ២០១៦ ការបណ្ដាក់ទុនដែលមានចរិតយុទ្ធសាស្រ្តមកលើសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈជាទេសចរណ៍បម្រើឱ្យបរិស្ថានអេកូឡូស៊ីធម្មជាតិ នៅក្នុងខេត្តព្រះសីហនុ  កោះកុង កែបនិងកំពត ដែលក្នុងនោះរួមមានផ្លូវថ្នល់ ស្ពាន វាលយន្តហោះ អគារយក្ស សំណង់ថាមពល និងកំពង់ផែ ល។ល។ មានការីកផុសផុល!។

          ជោគជ័យក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេស SEZ នៅក្រុងព្រះសីហនុ បានក្លាយទៅជានិមិត្តរូបមួយក្នុងទំនាក់ទំនងជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចដ៏រស់រវើកបំផុតរវាងកម្ពុជា-ចិន។ ក្នុងក្របខណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចនេះ គណៈដឹកនាំរបស់ SEZ នៅក្រុងព្រះសីហនុ មានសេចក្ដីរីករាយដោយប្រកាសថាក្នុងឆ្នាំ២០២១នេះ នឹងបង្កើនរោងចក្រឡើងទៅ៣០០ដែលពេលនោះនឹងមានកម្លាំងពលកម្មមកធ្វើការនៅទីនោះតិចបំផុតមានជាង ១០ម៉ឺននាក់!។

ជ័យជំនះនេះ ក៏បានធ្វើឱ្យវិនិយោគិនចិនមើលឃើញការពង្រីកតំបន់ SEZ  នៅក្នុងខេត្តកំពង់ស្ពឺមួយទៀតសម្រាប់ជាបណ្ដុំកែច្នៃស្បៀងអាហារនាំចេញទៅក្រៅប្រទេសដែលជាជំហានបន្តបន្ទាប់។ តំបន់ SEZ  កំពង់ស្ពឺដែលមានទីតាំងភូមិសាស្រ្តឆ្ងាយពីភ្នំពេញប្រមាណ៤០គីឡូម៉ែត្រ ហើយដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទៅកាន់ក្រុងព្រះសីហនុផង ! មានឃ្លាំងសម្រាប់ស្តុកទំនិញយ៉ាងធំដែលត្រូវបានកសាងឡើងនៅទីនោះ! អនុលោមទៅតាមការប៉ាន់ស្មានគឺនឹងមានទំនិញជាកសិផលកែច្នៃប្រមាណ៥០ម៉ឺនតោននឹងត្រូវបាននាំចេញពីតំបន់ SEZ កំពង់ស្ពឺនេះ ទៅកាន់ទីផ្សារចិននិងពិភពលោកជារៀងរាល់ឆ្នាំ!។ អាចអះអាងបានថា តំបន់ SEZ ក្រុងព្រះសីហនុ គឺជាឃ្លាំងសម្រាប់ទំនិញឧស្សាហកម្ម តែបើ SEZ នៅកំពង់ស្ពឺវិញគឺជាឃ្លាំងសម្រាប់ស្ដុកកសិផលដែលទីតាំង SEZ ទាំងពីរនេះនឹងជាសរសរគ្រឹះពីរក្នុងការស្ដុកទំនិញនាំទៅកាន់ពិភពលោកខាងក្រៅរបស់កម្ពុជា ក្នុងប៉ុន្មានឆ្នាំខាងមុខ!។

          ទន្ទឹមទៅនឹងការជំរុញកសាងតំបន់ SEZ នេះ ចិនក៏បានមើលឃើញជាយុទ្ធសាស្រ្តយូរអង្វែងបម្រើឱ្យពហុគោលដៅដោយត្រូវកសាងផ្លូវល្បឿនលឿន (Highway) មួយតភ្ជាប់ពីភ្នំពេញទៅក្រុងព្រះសីហនុដែលរត់ស្របតាមផ្លូវជាតិលេខ៤ផងដែរ។ Highway នេះមានប្រវែង១៩០គីឡូម៉ែត្រ ដែលចំណាយអស់ទឹកប្រាក់ប្រមាណ១,៩កោដិដុល្លារអាមេរិក៕

 ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់២០២០នេះចិនបានជួយស្ថាបនាផ្លូវជាតិ២០ខ្សែ ស្ពានឆ្លងកាត់ទន្លេមាន៧ ដែលហេដ្ឋារចនាសម្ព័ន្ធនេះស្ថិតនៅក្នុងគម្រោងBRIទាំងអស់!។

Highway ថ្មីដែលរត់ ពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ត្រូវបានមើលឃើញថាជា ឆ្អឹងខ្នង ជា សរសៃឈាម របស់កម្លាំងចលករសេដ្ឋកិច្ចរបស់កម្ពុជា ដោយ Highway នេះជាប្រព័ន្ធ នៃខ្សែគមនាគមន៍ស៊ីសង្វាក់គ្នារត់ពីតំបន់ SEZ ទៅតភ្ជាប់នឹងទីកន្លែងនាំចេញទៅក្រៅប្រទេស រួមមានកំពង់ផែនិងវាលយន្តហោះអន្តរជាតិប្រកបទៅដោយប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលាបំផុត ដែលជាការឆ្លើយតបទៅនឹងសំណូមពរនៃសេចក្ដីត្រូវការរបស់ទីផ្សារទាំងក្នុងតំបន់និងពិភពលោក។

BRI ជា ចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា!

សកម្មភាពពាណិជ្ជកម្មនិងការបណ្ដាក់ទុនលើគ្រប់វិស័យពិសេសលើផ្នែកសំណង់ហេដ្ឋារចនាសម្ព័ន្ធរបស់ចិន ត្រូវបានស្វាគមន៍និងវាយតម្លៃខ្ពស់ក្រោយពី៤ទសវត្សរ៍នៃសង្រ្គាមភាតរភាពក្នុងស្រុករបស់ខ្មែរ! ហើយដោយមានការគាំទ្រលើផ្នែកសេដ្ឋកិច្ច និងហិរញ្ញប្បទាន បានសម្រួលនិងជួយកម្ពុជាមាននីតិសម្បទានក្នុងការពង្រឹងនីតិរដ្ឋ កែទម្រង់រដ្ឋបាល ពីមជ្ឈឹមរហូតដល់មូលដ្ឋានថ្នាក់ក្រោម កាត់បន្ថយនូូវការមិនចាំបាច់ដ៏ច្រើនលើថាមពល ពិសេសគឺការទទួលបានជាបន្តបន្ទាប់នូវគ្រឹះនៃហេដ្ឋារចនាសម្ព័ន្ធដែលជាមួូលដ្ឋានដ៏សាវ័ន្តក្នុងការជំរុញសេដ្ឋកិច្ចនិងរក្សាបានកំណើនសេដ្ឋកិច្ចឱ្យមានស្ថេរភាពឆ្ពោះទៅរកការអភិវឌ្ឍន៍ជាទូទៅ និងបន្តបំបាត់អត្រាភាពក្រីក្រចេញពីបណ្ដាសហគមន៍ក្នុងរយៈពេល៥ឆ្នាំខាងមុខ!។

ទស្សនៈរបស់មជ្ឈដ្ឋានបញ្ញវ័ន្តខ្មែរចំពោះនយោបាយBRI!

ពាក់ព័ន្ធទៅនឹងគោលនយោបាយBRIរបស់ចិននេះ មានមតិជាច្រើនរបស់បញ្ញវ័ន្តខ្មែរយល់ថា ដើម្បីបន្តនិរន្តភាពកំណើនសេដ្ឋកិច្ចនិងពង្រឹងឥស្សរភាពរបស់កម្ពុជា BRIគួរកសាងក្រុង ឬផ្សារគំរូនៅតាមបណ្ដោយព្រំដែនកម្ពុជាទាំងអស់ដោយអមទៅជាមួយនូវប្រព័ន្ធផ្លូវថ្នល់ដូចអ្វីដែលចិនបានធ្វើនៅក្នុងខេត្តBoten របស់ឡាវ បង្កើនកសាងប្រព័ន្ធថាមពល ដើរដោយពន្លឺព្រះអាទិត្យនៅតាមនិគមជនជនបទឱ្យបានច្រើន ដែលប្រការនេះមិនត្រឹមតែបានជួយសម្រួលដល់ស្ថានភាពកង្វះថាមពលតែថែមទាំងបានជួយជំរុញ និងសម្រួលដល់វិស័យសិប្បកម្ម  វារីវប្បកម្ម ឧស្សាហកម្មធុនតូច នៅតាមគ្រួសារ ជំរុញកសាងផ្លូវរថភ្លើងមួយខ្សែថ្មីរត់ពីភ្នំពេញទៅសៀមរាបរួចហួសទៅខេត្តព្រះវិហារទៅតភ្ជាប់នឹងប្រទេសឡាវផង ដែលផ្លូវរថភ្លើងនេះ នឹងប្រែក្លាយជនបទទាំងអស់មកជិតខេត្ត ជិតក្រុងលែងជាតំបន់ដាច់ស្រយាល រួមចំណែកកាត់បន្ថយថ្លៃសេវាដឹកជញ្ជូនបានច្រើននិងថោក រាល់ទំនិញកសិផលបានមកដល់គ្រប់ទីកន្លែងទាន់ពេលវេលា ធ្វើឱ្យប្រជាកសិករមានការកែលម្អជីវភាពរស់នៅដោយការបង្កបង្កើនផលទៅតាមមុខរបររបស់គ្រួសារ។ ក្រៅពីនេះ ចិនគួរកសាងរោងចក្រផលិតរថយន្ត ឬរោងចក្រកែច្នៃដ៏ទំនើបមានចរិតប្រកបទៅដោយពហុមុខងារនៅក្នុងខេត្តកំពង់ឆ្នាំង ដោយខេត្តនេះមានកត្តាអំណោយផល៤យ៉ាង សំខាន់បំផុតដែលទី១).ជាខេត្តនៅចំកណ្ដាលប្រទេស ២).ជាខេត្តដែលមានមធ្យោបាយគមនាគមន៍ដឹកជញ្ជូនអនុគ្រោះបំផុតដោយមានផ្លូវគោក ផ្លូវទឹក ផ្លូវរថភ្លើង និងផ្លូវអាកាសតភ្ជាប់ហើយស្រាប់ ៣).មានទីតាំងភូមិសាស្រ្តល្អ មានភ្នំព័ទ្ធក្រុង និងមានទន្លេនៅខាងមុខ ដីជុំវិញភ្នំមានវិសាលភាពធំ ងាយស្រួលក្នុងការកសាងរោងចក្រឧស្សាហកម្មធំៗ ៤).កត្តាសំខាន់គឺការស្រូបយកកម្លាំងប្រជាពលរដ្ឋដែលរស់អាស្រ័យទៅដោយការនេសាទមកធ្វើជាកម្លាំងពលកម្មនៅតាមរោងចក្រវិញ កាត់បន្ថយការនេសាទខុសច្បាប់ និងការបំផ្លាញបរិស្ថានទឹឹកល។ល។

ប្រការដែលចិនជួយខ្មែរ ដែលតាមការវិភាគប្រកបទៅដោយគតិបណ្ឌិតនោះ ជាស្មារតីស្រឡាញ់ខ្មែរបរិសុទ្ធ ពុំមានផលប្រយោជន៍សួនតួរណាមួយ ក្រៅអំពីការដឹងគុណចំពោះព្រះករុណាព្រះបិតា សម្ដេចតេជោ ប្រជាជាតិកម្ពុជាទាំងមូល ក្នុងការផ្ដល់យុត្តិធម៌ដល់ប្រជាជនចិន ជាប្រជាជាតិមួយដែលធ្លាប់បានរស់នៅក្រោមនឹមត្រួតត្រាដោយបរទេសជាង២សតវត្សន៍ យ៉ាងឃោរឃៅព្រៃផ្សៃដែលចិនមិនអាចបំភ្លេចបាន។ BRIអាចជាគោលនយោបាយដឹងគុណនិងសងគុណ ជាអំពើគុណធម៌ ក្នុងការជួយផ្សះផ្សារស្នាមរបួសសង្គ្រាម ក្នុងអតីតកាលខុសឆ្គងរបស់របបកម្ពុជាប្រជាធិបតេយ្យ ដែលធ្លាប់បានធ្វើ  មកលើកម្ពុជាកន្លងមក!។

ក្នុងប្រវត្តិនៃទំនាក់ទំនងអន្តរជាតិ គឺក្រោយសង្គ្រាមលោកលើកទី២ចប់ សហរដ្ឋអាមេរិក មានផែនការ Marshall   ជប៉ុនមានគោលនយោបាយ ODA អាល្លឺម៉ង់ មានកម្មវិធីជំនួយសេដ្ឋកិច្ច ។ដែលសកម្មភាពខាងលើនេះសុទ្ធតែជាអំពើមនុស្សធម៌ ក្នុងកាជួយផ្សះផ្សារស្នាមរបួសសង្គ្រាមទាំងអស់នោះ!។

BRIនៅកម្ពុជាជានិមិត្តរូបនៃ នយោបាយប្រឆាំងទៅនឹងគោលគំនិត អគតិដោយចោទថា BRI ជានយោបាយការទូតអន្ទាក់បំណុល ពិសេសគឺមកលើកម្ពុជា។ដូច្នេះក្នុងទស្សនៈ សច្ចៈភាព ថ្នាក់ដឹកនាំចិននិងយកកម្ពុជា​ធ្វើជាប្រទេសគំរូក្នុងការអភិវឌ្ឍន៍ប្រទេសក្រោមនយោបាយ BRI ដោយចិននឹងប្រែក្លាយ ព្រះរាជាណាចក្រកម្ពុជា ទី២ ទៅជាទីលានអភិវឌ្ឍន៍មួយ ដូច Hong Kong. Shanghai.Hainan ។ល។ ជាគំរូដែនដីអភិវឌ្ឍន៍បំផុត នៅក្នុងតំបន់ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត។ ជាការពិតប្រជាជនកម្ពុជា១៦លាននាក់ មិនស្មើនិងខេត្តភាគខាងត្បូងរបស់ចិន Kunmingដែលជាខេត្តមួយមានការរីកចំរើន ហួសពីការស្មាន ហើយគឺជាខេត្តដែលមាន GDP ប្រហាក់ប្រហែលទៅនឹងប្រទេសអឺរ៉ុបមួយចំនួន។ Kunming ជាខេត្តមួយក្នុងចំណោមខេត្តជាច្រើន ដែលទទួលបន្ទុកក្នុងការជួយអភិវឌ្ឍន៍កម្ពុជានិងឡាវ ក្រោមគោលនយោបាយ BRI។

កម្ពុជា ក្នុងបរិបទតំបន់ និងពិភពលោក!

ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមូលដ្ឋានគ្រឹះក្នុងការលើកកម្ពស់កិត្យានុភាព អត្ថិភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ បណ្ដាសារភូមិសាស្រ្តជាមេរៀន ជាត្រីវិស័យ ដ៏ថ្លៃថ្លាបំផុតក្នុងប្រវត្តិសាស្រ្តចាប់តាំងពីការកកើតនគរខ្មែរមក ដែលបទពិសោធន៍ទាំងអស់នេះបង្ហាញឱ្យឃើញថា កម្ពុជាមិនអាច និងកាន់តែដាច់ខាតមិនអាចរស់នៅក្នុងស្ថានភាពដង្កៀប(Pincer) នៃចន្លោះប្រទេសធំដែលចិញ្ចឹមគំនិតអរិភាពរាប់ពាន់ឆ្នាំ បើខ្មែរមិនរកបង្អែកជាយុទ្ធសាស្រ្តនោះ!។

សតវត្សរ៍ទី២១ រូបភាពនៃការឈ្លានពាន ទន្ទ្រានកាន់កាប់ដែនដីប្រហែលជាលែងមានដូចសម័យកាលរបស់សង្រ្គាមលោកលើកទី១ លើកទី២ និងសង្គ្រាមត្រជាក់ទៀត ដោយពិភពលោកមានប្រព័ន្ធច្បាប់អន្តរជាតិ!  តែក្នុង សហសម័យនេះ  រូបភាពនៃអំពើឈ្លានពានជាបែបផែនក្នុងអាណានិគមនិយមបែបថ្មី ដែលផែនការឈ្លានពាននោះ ស្ថិតក្រោមរូបភាពជាសង្រ្គាមសេដ្ឋកិច្ច ព័ត៌មាន វប្បធម៌ សាសនា ពូជសាសន៍ ប្រភពទឹក ឬអន្តោប្រវេសន៍ ល។ល។ ដែលសង្រ្គាមទាំងនេះ ពុំមានខណ្ឌសីមា និងពុំមានចែងនៅក្នុងច្បាប់អន្តរជាតិឡើយ!។

នៅក្នុងបរិបទតំបន់និយមនេះ កម្ពុជានឹងចូលរួមឱ្យកាន់តែសកម្មព្រមទាំងពង្រីកទំនាក់ទំនងទ្វេភាគី ជាមួយសមាជិកអាស៊ាន  ពហុទំនាក់ទំនង ជាដៃគូយុទ្ធសាស្រ្តពិសេសគឺជាមួយមហាអំណាចទាំងអស់ ក្នុងការស្មើភាព ក្រៅតំបន់ មានអាមេរិក ចិន ឥណ្ឌា អឺរ៉ុប ជប៉ុន អូស្រ្តាលី កូរ៉េ បង្កើនទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសភូមិផងលើស្មារតីស្មើភាព សមភាព គោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នា!។ ជនកម្ពុជាថ្មីមិនប្រែក្លាយខ្លួនជាអ្នកទោសរបស់ប្រវត្តិសាស្រ្ត មិនចិញ្ចឹមគំនិតជាតិនិយមចង្អៀតចង្អល់ តែស្រឡាញ់ជាតិ ការពារផលប្រយោជន៍ជាតិខ្មែរដោយការតស៊ូមតិ និងស្លាបការនិងនិតិអន្តរជាតិ!។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោជាប្រមុខ បានធ្វើសកម្មភាពមនុស្សធម៌ យ៉ាងច្រើនក្នុងសម័យកាលកូវីដ១៩ ដែលពិភពលោកមានការកោតសរសើរចំពោះកម្ពុជា ដូចជាការទទួលស្វាគមន៍នាវាទេសចរណ៍ចូលមកចតនៅក្រុងព្រះសីហនុ ទស្សនកិច្ចនៅវ៉ូហានសម្ដែងការរួមសុខទុក្ខ និងសាមគ្គីភាពជាមួយប្រជាជនចិន ដែលត្រូវពិភពលោកវាយប្រហារដោយអយុត្តិធម៍បំផុត មកពីមានជំងឺកូវីដ១៩ ពង្រឹងប្រព័ន្ធសុខាភិបាល ការពារប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ១៩ក្នុងស្រុកបានល្អ គ្មានអ្នកស្លាប់ មិនអោយរីករាលដាលនិងការទទួលបានវ៉ាក់សាំង ការពារពីចិន និងប្រទេសជាមិត្តខ្លះ ហើយពិតមែនតែកម្ពុជានៅមានការលំបាកតែក្នុងចំណងមិត្តភាពភាតរភាព ជួយគ្នាក្នុងគ្រាក្រ កម្ពុជាបានបំពេញនូវអំពើមនុស្សធម៍មួយដោយបាន ជូនជាកាដូរនូវម៉ាស់ និងសម្ភារពេទ្យដល់ប្រទេសឡាវ  មីយ៉ាន់ម៉ា នេប៉ាល់ និងទីម័រខាងកើត ដែលសកម្មភាពទាំងនេះត្រូវបានវាយតម្លៃខ្ពស់។

កម្ពុជារឹងមាំដោយសារមានគោលនយោបាយBRI!

មជ្ឈដ្ឋានបញ្ញវ័ន្តខ្លះរបស់ខ្មែរបានយល់ថា នឹងពុំមានដំណោះស្រាយណាមួយល្អជាងនេះក្រៅពីការចូលរួម  ក្នុងគោលនយោបាយBRI ហើយ មានតែBRIមួយគត់ដែលនឹងនាំឱ្យព្រះរាជាណាចក្រ ទី២  របស់កម្ពុជា មានការវិវត្តន៍រីកចម្រើន មាននីតិរដ្ឋ មានស្ថេរភាពនយោបាយ ប្រជាពលរដ្ឋរស់ក្នុងសុខសន្តិភាព សម្បូររុងរឿង ហើយដែលវិសេសវិសាលជាងនេះ គឺការពារបានបូរណភាព អធិបតេយ្យភាព និងរក្សាបានឥស្សរភាពពីអំណាចខាងក្រៅ ដោយយថាភាព!។

ដូច្នេះចំពោះកម្ពុជា BRIពុំមែនជានយោបាយការទូតអន្ទាក់បំណុល ដូចការបំពងសំឡេងរបស់ប្រទេសមួយចំនួនឡើយ!  ក្រៅអំពីការនាំមកនូវសេចក្ដីសុខ ការមានបាន បំបាត់ភាពក្រីក្រ គឺបានធ្វើឱ្យកម្ពុជាមានឯករាជ្យ ម្ចាស់ការ ឈររឹងមាំដោយខ្លួនឯង បាននៅក្នុងតំបន់ ងើបឡើងពេញមុខពេញមាត់ ជាមួយពិភពលោក។

   នៅពេលដែលកម្ពុជារឹងមាំ សំបូររុងរឿងក្រោម នយោបាយ ឈ្នះឈ្នះ គឺពេលនោះ រាល់គំនិត អគតិ អំពី ការទូតអន្ទាក់បំណុល  ស្អីគេនោះនិងសាបរលាប ដោយត្រូវ មតិចំរើន របស់ប្រជាជន ស្នេហាសន្តិភាព រួមគ្នាជីកកប់ នៅឈាបនដ្ឋានប្រវត្តិសាស្រ្ត ដោយបាននាំទៅជាមួយ នូវទស្សននយោបាយ អមនុស្សធម៍ ហួសសម័យដូចជា លិទ្ធិអាណានិគមនិយម បែបចាស់និងថ្មី ចក្រព័ត្រនិយម ឬសហព័ន្ធឥណ្ឌូចិន ស្អីគេនោះ វិនាសហិនហោច អន្តរាយ ជារៀងរហូត!៕

                                                                            ដោយ ហើស សិរីធន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top