ព័ត៌មានជាតិ

សម្ដេចតេជោ ៖ បើកម្ពុជាគ្មាន កិច្ចសហការប្រតិបត្តិការល្អ ជាមួយចិន គឺពុំបានទទួលវ៉ាក់សាំងឡើយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើកម្ពុជាគ្មានកិច្ចសហការ ប្រតិបត្តិការល្អ ជាមួយមិត្តចិន គឺកម្ពុជាពុំបានទទួល នូវវ៉ាក់សាំង ការពារជំងឺកូវីដ១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាឡើយ ខណៈបណ្ដាប្រទេសមួយចំនួនទៀត មានថវិកាហើយ ប៉ុន្តែទិញវ៉ាក់សាំង អត់បានទៀត ដោយសារវ៉ាក់សាំង មានតម្រូវការខ្ពស់។

សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រីនៃកម្ពុជា

ក្នុងសន្និសីទកាសែត ស្ដីពីការទទួលវ៉ាក់សាំង ការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអន្តរជា តិភ្នំពេញ នាល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចោទសួរថាប្រទេសមួយចំនួន មានថវិកាហើយ ទិញវ៉ាក់សាំងកូវីដ-១៩ អត់បានទៀត ហើយប្រទេសកម្ពុជា ក្នុងចំណោមប្រទេសមិនច្រើនឡើយ ដែលទទួលបាន វ៉ាក់សាំង តើមូលហេតុវិញ?

សម្ដេចតេជោ ពន្យល់ថា ការទទួលបានវ៉ាក់សាំងនេះគឺ ជាផ្លែផ្កានូវកិច្ចសហប្រតិបត្តិការវាង កម្ពុជា-ចិន។

សម្ដេចតេជោ បន្ដថា ពិភពលោកហាក់បីកំពុងកើត មានសង្រ្គាម ដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដែលជុំវិញបញ្ហានេះ ធ្វើឲ្យអង្គការសុខភាពពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង ។

សម្ដេចតេជោមានប្រសាសន៍ថា «ចំណុចនេះត្រូវធ្វើការកត់ស្គាល់ឲ្យបាន បើយើងគ្មានកិច្ចសហការប្រតិបត្តិការល្អរវាង កម្ពុជា-ចិន គឺយើងពុំបានទទួលនូវវ៉ាក់សាំង នៅថ្ងៃនេះ (ថ្ងៃទី៧ កុម្ភៈ) សម្រាប់ប្រជាជនកម្ពុជា យើងទេ។កុំភ្លេចថា ប្រជាជនចិន មាន១៤០០លាននាក់ ហើយរដ្ឋាភិបាលចិនត្រូវមានការទទួលខុសត្រូវ ផលិតដើម្បីចាក់ប្រជាជនខ្លួន»។

សម្ដេចតេជោ បន្ថែមថា ប៉ុន្ដែមិត្តចិនមានការចែករំលែក មកដល់ប្រទេសកម្ពុជា ក្នុងជំហានដំបូង តាមរយៈសំណើររបស់ សម្ដេច ទៀ បាញ់ ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ។

ជាមួយគ្នានោះសម្ដេចតេជោក៏បានប្រកាសឲ្យដឹងថា សម្ដេចបានផ្ញើលិខិតទៅ នាយករដ្ឋមន្ដ្រីចិន ដើម្បីស្នើសុំវ៉ាក់សាំងកូវីដ-១៩បន្ថែម ហើយសម្ដេច ក៏មានក្ដីសង្ឃឹមថា ភាគីចិន នឹងឆ្លើយតបមក កម្ពុជាជាដំណាក់កាល។

សម្ដេចតេជោ ក៏បានបញ្ជាក់ថា វ៉ាក់សាំងរបស់ចិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដែលមកដល់នេះ វ៉ាក់សាំង ស៊ីណូហ្វាម បានប្រើប្រាស់ជាង១៦ប្រទេសផងដែរ។

សូមរំលឹកថា វ៉ាក់សាំងដែលបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះ ចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លា វ៉ាក់សាំង SARS-CoV-2 (Sinopharm)

ដោយ ៖ អេង ប៊ូឆេង

To Top