ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី បង្ហាញពីសមាសភាព ដែលត្រូវចាក់ វ៉ាក់សាំងកូវីដ១៩ របស់ចិនមុនគេ


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យកូនប្រុសទាំង៣នាក់របស់សម្ដេច ,រដ្ឋមន្រ្តីវ័យក្មេង,មេបញ្ជាការកងទ័ព ,កូនរដ្ឋមន្ដ្រី ,កូនអ្នកធំ និងអ្នកសារព័ត៌មាន ត្រូវបានចាក់វ៉ាក់សាំងការជំងឺកូវីដ-១៩មុនគេ។

ជាមួយគ្នានេះ ដែរសម្ដេចតេជោក៏បានប្រកាសឈប់ឆ្លើយតបជាមួយក្រុមឆ្កែកាច(ក្រុមប្រឆាំង)ជុំវិញបញ្ហាវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជានាពេលនេះផងដែរ។

ក្នុងសន្និសីទសារព័ត៌មាន ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រដ្ឋមន្ដ្រីនៅកម្ពុជាដែលមានអាយុក្រោម៥៩ឆ្នាំ ដូចជា ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ជាដើម ត្រូវអញ្ជើញចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាលម៉ែត្រ ដោយមានការផ្សាយផ្ទាល់ ផងដែរ។

បន្ថែមនេះ សម្ដេចតេជោ ក៏បានប្រាប់ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ ត្រូវរើសមេទាហាន ចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីបង្ហាញឲ្យសាធារណៈជន បានដឹងថា «ថ្នាក់ដឹកនាំនៅកម្ពុជា មានទទួលខុសត្រូវខ្ពស់ ចំពោះវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជា» ។សម្ដេចថា ត្រូវប្រមូលកូនអ្នកធំ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដោយគោលការណ៍ស្ម័គ្រចិត្ត ផងដែរ។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំយល់ស្របជានឹងការរៀបចំឲ្យមានការចាក់ (ចាក់វ៉ាក់សាំងកូវីដ-១៩) ដោយប្រមូលកូនអ្នកធំ ខ្ញុំមានកូនប្រុស ៣ កូនប្រសារ២ បើគេគ្រប់លក្ខខណ្ឌឲ្យគេចាក់។ រដ្ឋមន្ដ្រីរបស់យើងមានវ័យក្មេង មួយចំនួន»។

សម្ដេចតេជោ ក៏បានណែនាំដល់ក្រសួងសុខាភិបាល និងក្រសួងព័ត៌មាន ត្រូវសហការគ្នាឲ្យបានត្រឹមត្រូវបានបំផុត ចំពោះការចាក់វ៉ាក់សាំងជូនក្រុមអ្នកសារព័ត៌មាន ព្រោះពួកគាត់ក៏ស្ថិតក្នុងក្រុមដែលមានហានីភ័យខ្ពស់ផងដែរ។ជាពិសេស អ្នកសារព័តមាន ទាំងឡាយ ត្រូវធ្វើកិច្ចការងារទាំងនេះ ជាមួយស្ថាប័នរបស់ខ្លួន ដើម្បីចុះបញ្ជីទទួលវ៉ាក់សាំង។

សម្ដេចតេជោ បញ្ជាក់ថា «សូមឲ្យក្រសួងសុខាភិបាល ត្រូវចាត់ទុកក្រុមអ្នកសារព័ត៌មាន គឺជាក្រុមទទួលវ៉ាក់សាំងកូវីដ-១៩ ព្រោះពួកគេរុករកគ្រប់ទីកន្លែងទាំងអស់ មានហានីភ័យអ្វីខ្លះទេ។អីចឹងខ្ញុំសូមឲ្យអ្នកសារព័ត៌មានទាំងអស់ ដែលមាន អាយុក្រោម៥៩ឆ្នាំចុះ មកទទួលវ៉ាក់សាំង ដោយធ្វើការចុះឈ្មោះតាមអនឡាញ ហើយត្រូវមើលក្នុងលក្ខខណ្ឌរបស់ ដែលមិន អាចទទួលវ៉ាក់សាំង»។

ចំពោះអ្នករិះគន់វ៉ាក់សាំងជំងឺកូវីដ-១៩របស់ចិនដែលប្រគល់ឲ្យកម្ពុជានាពេលនេះវិញ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា សម្ដេចឈប់ឆ្លើយឆ្លង ជាមួយក្រុមឆ្កែកាចទៀតហើយគឺមានន័យថា «បិទទ្វារ»ទាំងអស់ ហើយបើទោះបីមានស្ថានតំណាងទូតណាមកនិយាយ ក៏នឹងមិនមានការនិយាយអ្វីទាំងអស់។

សម្ដេចតេជោ ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានណែនាំកន្លងទៅថា សូមឲ្យអ្នកទាំងគ្នានៅប្រទេសកម្ពុជានេះ ឈប់ ឆ្លើយតបជាមួយក្រុមឆ្កែកាច សូម្បីតែខ្លួនខ្ញុំ ក៏ខ្ញុំអត់និយាយទេ។ ក្រុមឆ្កែកាច ទោះបីយើងធ្វើអី សត្វឆ្កែ ក៏នៅតែជាឆ្កែចឹង ដូច្នេះមិនមានការចាំបាច់ឆ្លើយតបទេ»។
សម្ដេចតេជោ បន្ដថា ដូច្នេះក្រុមឆ្កែកាចត្រូវយល់ថា នៅពេលសម្ដេចឈប់តមាត់ នឹងណែនាំឲ្យថ្នាក់ក្រោមឈប់តមាត់ដែរ នោះ មានន័យថា ទ្វារត្រូវបានបិទហើយ។ ដូច្នេះអ្នកនៅក្នុងប្រទេសកម្ពុជា កុំទៅខ្វល់ជាមួយពួកក្រុមឆ្កែកាចនិយាយឡើយ អ្វីដែលជាកង្វល់នោះ គឺសេចក្ដីសុខរបស់ប្រជាជន ខណៈកម្ពុជា មានប្រជាជនជាង១៦លាននាក់ដែលត្រូវរកឲ្យបាននូវស្ថេរភាពនយោបាយ សុខសន្ដិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ជាដើម ដើម្បីកាត់ បន្ថយភាពក្រីក្រ។

សម្ដេចតេជោ បន្ថែមថា មានមនុស្សមួយចំនួនតូចមិនសប្បាយចិត្តរឿងវ៉ាក់សាំងកូវីដ-១៩នេះឡើយ ខណៈមានអ្នក សប្បាយយ៉ាងច្រើនចំពោះវ៉ាក់សាំងនេះ។

សម្ដេចតេជោក៏បានផ្ដាំផ្ញើអ្នកគាំទ្ររាជរដ្ឋាភិបាលកម្ពុជាទាំងអស់ឲ្យឈប់ តមាត់និងកុំរំលឹក ពីក្រុមឆ្កែកាច ត្រូវនាំគ្នាមកនិយាយ រឿង ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អំពើពុករលួយ ជាដើម ប្រសើរជាងតមាត់ជាមួយអ្នកណាទាំងអស់៕
ដោយ ៖ អេង ប៊ូឆេង

To Top