ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឲ្យភាគីពាក់ព័ន្ធ បើកការចរចាស្នើទិញ វ៉ាក់សាំងកូវីដ-១៩ ពីឥណ្ឌា ចាប់ពី១-៤លានដូស


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យភាគីពាក់់ព័ន្ធ បើកការចរចាសុំទិញវ៉ាក់សាំង កូវីដ១៩ ចំនួនចាប់ពី១លានដូស ទៅដល់៤លានដូសពីប្រទេសឥណ្ឌា ព្រោះការយល់ព្រមលក់វ៉ាក់សាំង១០ម៉ឺនដូស របស់ភាគីឥណ្ឌា ឲ្យមកកម្ពុជានោះ គឺស្ថិតក្នុងចំនួនតិចតួចណាស់។

ក្នុងសន្និសីទសារព័ត៌មាន ទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅអាកាសយានដ្ឋានអ ន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានធ្វើលិខិតទៅ នាយករដ្ឋមន្ដ្រីឥណ្ឌា ដើម្បីស្នើសុំជួយផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយមិត្តឥណ្ឌាក៏បានខិតខំចែករំលែកមកដល់កម្ពុជាចំនួន១០ម៉ឺនដូស ទាំងនេះគឺជាការផ្គត់ផ្គង់របៀបលក់ជូនមកកម្ពុជា។

សម្ដេចតេជោ មានប្រសាសន៍ថា «ខ្ញុំបានណែនាំឲ្យ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំក្រុមលទ្ធកម្មវ៉ាក់សាំងរបស់យើងថា ត្រូវចាប់ផ្ដើមចរចាជាមួយឥណ្ឌា ១០ម៉ឺនដូសវាតិចណាស់សម្រាប់កម្ពុជា។ ចឹងដោយសារ ឥណ្ឌាប្រើប្រាស់បច្ចេក ទេសរបស់អង់គ្លេសដែលផលិតវ៉ាក់សាំង អេស្ត្រាសេនីកាល។ ដូច្នេះ ខ្ញុំបានបញ្ជាក់ថា ឲ្យចរចាជាមួយប្រទេសឥណ្ឌា សូមចាប់ទិញពី១លានដូសឡើងទៅ ក្នុងរង្វង់ពី១លានដូស ទៅ៤លានដូស ពីឥណ្ឌា»។

សម្ដេចតេជោ បន្ដថា បើកម្ពុជាទិញពីឥណ្ឌា ដែលផលិតប្រើប្រាស់នៅឥណ្ឌា ហើយចែកទៅ ប្រទេសនេប៉ាល់ ប៊ូតង់ បង់ក្លាសដេស មីយ៉ាម៉ា ជាដើម។ ដូច្នេះ បើកម្ពុជាចាប់បញ្ជាទិញពីឥឡូវ សម្ដេចគិតថា ឥណ្ឌាអាចចែករំលែកមកកម្ពុជា បាន។

សម្ដេច បញ្ជាក់សារជាថ្មីថា ឥណ្ឌាលក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកកម្ពុជា ចំនួន១០ម៉ឺនដូស តិចណាស់ សម្រាប់កម្ពុជា ខណៈតម្រូវរបស់កម្ពុជា ចាប់ពី៩លានដូស ទៅដល់១៤លានដូស។

សម្ដេចតេជោ អះអាងថា ការចរចារឿងទិញវ៉ាក់សាំងពីប្រទេសឥណ្ឌានេះ នឹងត្រូវចរចាគ្នានៅទីក្រុងភ្នំពេញ នាថ្ងៃទី៨ កុម្ភៈ ស្អែកនេះ ដើម្បីឲ្យកម្ពុជាបញ្ជាទិញនូវវ៉ាក់សាំងអង់គ្លេស ដែលវ៉ាក់សាំងមានឈ្មោះថា «អេស្ត្រាសេនីកាល» ដែលផលិតនៅប្រទេសឥណ្ឌា។

សម្ដេចថា ច្រកមួយទៀត កម្ពុជាអាចទទួលវ៉ាក់សាំងកូវីដ-១៩ពីប្រទេសថៃ គឺប្រភេទវ៉ាក់សាំង អេស្ត្រាសេនីកាល ដោយក្រុមហ៊ុនអង់គ្លេសផលិតនៅប្រទេសថៃ នាខែឧសភា ឆ្នាំ២០២១នេះ ដូច្នេះ កម្ពុជាអាចចរចាទិញវ៉ាក់សាំងពីឥឡូវនេះផងដែរ។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកទៀតថា កម្ពុជាអាចទិញវ៉ាក់សាំងអេស្ត្រាសេនីកាល ពីថៃ ដែលប្រទេសថៃនឹងផលិត នៅខែឧសភា ខាងមុខនេះ បើដូច្នេះគឺងាយស្រួល ជិតកម្ពុជាស្រាប់។ ហើយចំពោះតម្លៃវ៉ាក់សាំងនេះគឺ តម្លៃប្រមាណតែ៤ដុល្លារតែប៉ុណ្ណោះ ក្នុង១ដូសអីចឹងកម្ពុជាចំណាយតែ ៤០លានដុល្លារ សម្រាប់១០លានដូស ដែលចំនួននេះគឺកម្ពុជាអាចប្រើថវិកាសប្បុរសធម៌បាន។

បន្ថែមពីនេះ សម្ដេចតេជោ ក៏បានបញ្ជាក់ថា កម្ពុជាក៏នឹងពិចារណាអំពីវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ ប្រទេសរុស្ស៊ី ដែលបច្ចុប្បន្ននេះប្រទេសនៅអឺរ៉ុប កំពុងតែអនុម័តឲ្យប្រើប្រាស់ ផងដែរ។

សម្ដេចបញ្ជាក់ថា កម្ពុជាមិនចេះទទួលវ៉ាក់ សាំងឡើយ ធ្វើយ៉ាងឲ្យវ៉ាក់សាំងស្របតាមទិដ្ឋភាពរបស់ប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន អនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលជាប់ជាប្រចាំដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩៕

ដោយ ៖ អេង ប៊ូឆេង

To Top