នយោបាយ

លោក អ៊ូ ច័ន្ទរ័ត្ន៖ ខ្ញុំមិនបានយកឈ្មោះ លោក កឹម សុខា មកពាក់ព័ន្ធបង្កើតបក្សថ្មីទេ

ភ្នំពេញ៖ ក្នុងនាមជាអ្នកធ្លាប់រស់ក្រោមដំបូល គណបក្សនិងជាមនុស្សជំនិតរបស់លោក កឹម សុខា ម្នាក់ដែលនោះ លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា ក្រោយការប្រកាសបង្កើតគណបក្សថ្មី គឺលោកមិនបានយកឈ្មោះលោក កឹម សុខាមកពាក់ព័ន្ធដើម្បីប្រើប្រាស់ ទាក់ទាញប្រជាប្រិយភាពនោះទេ ។

បក្សថ្មីរបស់លោក អ៊ូ ច័ន្ទរ័ត្នកើតចេញពីក្រុម មន្រ្តីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានគេដឹងថាមានឈ្មោះ “បក្សកែទម្រង់កម្ពុជា”។

ជាមួយគ្នានេះ អតីតមន្រ្តីបក្សប្រឆាំងដែលកើត ចេញពីគណបក្សសិទ្ធិមនុស្សរូបនេះ ក៏បាន យល់ស្របទៅតាមមតិក្រុមមេធាវី លោក កឹម សុខា ផងដែរ។ សហមេធាវីលោកកឹម សុខាកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានរួមគ្នាចេញថ្លែងការណ៍មួយ ដោយផ្តោតសំខាន់ថា “កុំឲ្យបុគ្គលណាភ្ជាប់ឈ្មោះលោក កឹម សុខា ទៅបង្កើតគណបក្សថ្មី”។

សេចក្តីថ្លែងការណ៍បន្តថា “ក្នុងនាមឯកឧត្តម កឹម សុខា យើងខ្ញុំជាសហមេធាវី សូមបញ្ជាក់ជាថ្មីម្តងទៀតថា បុគ្គល ឬក្រុមណាដែលមានបំណងបង្កើត ឬបានបានកំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះរបស់ឯកឧត្តម កឹម សុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។ បុគ្គល ឬក្រុមណាដែលធ្វើកិច្ចការ ខាងលើសូមមានសេចក្តីក្លាហាន ទទួលខុសត្រូវដោយខ្លួនឯង” ។

ទាក់ទិនថ្លែងការណ៍នេះលោក អ៊ូ ច័ន្ទរ័ត្ន បានស្វាគមន៍និងគាំទ្រ ។ ការគាំទ្រនេះត្រូវបានលោកអះអាងថា ដោយសារលោក កឹម សុខា មិនមានសិទ្ធិធ្វើនយោបាយ ព្រោះសិទ្ធិនយោបាយរបស់លោក ត្រូវបានហាមប្រាមដោយ សាលក្រមតុលាការកំពូល ដូច្នេះមិនអាចយកឈ្មោះ ឬនាមរបស់លោកមកធ្វើនយោបាយទេ។

យ៉ាងណាក្តី លោក ច័ន្ទរ័ត្ន បានអះអាងទៀតថា លោកបង្កើតគណបក្សថ្មីនេះ មិនបានយកឈ្មោះលោក កឹម សុខា មកប្រើដើម្បីកេងចំណេញនយោបាយនោះទេ។

លោកបញ្ជាក់ថា «មិនត្រូវយកឈ្មោះគាត់ មកធ្វើនយោបាយនោះទេ ជាទូទៅជាការ ត្រឹមត្រូវ ។ ម្យ៉ាងលោកកំពុងប្រឈម និងសវនាការតុលាការផង តាមផ្លូវច្បាប់ផង ដូច្នេះមិនគួរប្រើប្រាស់នោះទេ» ។

លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានលើកឡើងថា “អ្វីដែលខ្ញុំលើកឡើងពីមុន មកមិនមានអ្វីពាក់ព័ន្ធនឹងលោក កឹម សុខា នោះទេ ។ ខ្ញុំធ្លាប់បានបញ្ជាក់រួចហើយ ខ្ញុំមិនមែនជជែកអ្វីពាក់ព័ន្ធជាមួយលោកកឹម សុខា រឿងបង្កើតគណបក្សនោះទេ ហើយលោកក៏មិនហ៊ាន ជជែករឿងនយោបាយនោះទេ” ។

ជាមួយគ្នានោះដែរ លោកបានលើកឡើងថា មានការចោទប្រកាន់ពីមតិមួយចំនួនថា ការបង្កើតគណបក្សថ្មីនេះ នឹងមានការចួលរួមពីលោកកឹម សុខា ធ្វើប្រធាន ប៉ុន្តែលោកថា អ្វីដែលនិយាយនោះមិនពិតទេ។

សូមបញ្ជាក់ថា ក្រុមអតីតគណបក្សសង្គ្រោះជាតិដែលទទួលបានសិទ្ធិធ្វើនយោបាយ និងអ្នកខ្លះមិនទាន់ទទួលបានសិទ្ធិធ្វើនយោបាយ បានកំពុងប្រមូលកំលាំង ដើម្បីឈានដល់ការបង្កើតគណបក្ស នយោបាយថ្មីមួយ ដែលអាចមានឈ្មោះថា «បក្សកែទម្រង់កម្ពុជា» ។ បក្សថ្មីនេះ ត្រូវបានដឹងថា មានលោក អ៊ូ ច័ន្ទរ័ត្នម្នាក់ដែរ ។ ខណៈរៀបគម្រោងបង្កើតបក្សថ្មីនេះ លោកបានជួប លោក សុន ឆ័យ លោក មាជ សុវណ្ណារ៉ា និងលោក ប៉ុល ហំម ផងដែរ ដើម្បីពិភាក្សាគ្នា។

បើតាមលោក អ៊ូ ច័ន្ទរ័ត្នមកដល់ពេលនេះ ក្រុមការងារបាននិងកំពុងរៀបចំ ឯកសារដើម្បីដាក់ស្នើសុំ ទៅក្រសួងមហាផ្ទៃ ប៉ុន្តែនៅមានការខ្វះខាតចំណុចមួយចំនួន និងពេលវេលាប៉ុណ្ណោះ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top