ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ ទោះវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជា មិនទទួលស្គាល់ពី WHO ក៏នៅតែដំណើរការទៅមុខ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ទោះបីជាវ៉ាក់សាំងកូវីដ-១៩ ដែលមិត្តចិនប្រគល់ឲ្យកម្ពុជា កាលពីថ្ងៃទី៧ កុម្ភៈ មិនទទួលស្គាល់ពីអង្គការ សុខភាពពិភពលោក (WHO) ក៏ដោយ ក៏កម្ពុជា នៅតែដំណើរការទៅមុខជានិច្ច។

លោកស្រី ឱ វណ្ណឌីន លើកឡើងបែបនេះ ក្រោយពីមានប្រជាពលរដ្ឋមួយចំនួន មានការព្រួយបារម្ភ រឿងវ៉ាក់សាំងកូវីដ- ១៩ របស់ចិន ប្រគល់ឲ្យកម្ពុជា មិនទទួលស្គាល់ពី WHO។

សូមជម្រាបថា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ បានបញ្ជូនមកដល់កម្ពុជា ចំនួន៦០ ម៉ឺនដូស ក្នុងជំហានដំបូង ក្នុងនោះ ចំនួន៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ផ្នែកយោធា។

ដោយឡែក អ្នកចាក់វ៉ាក់សាំង ត្រូវមានចាប់ពី១៨ឆ្នាំ ទៅ៥៩ឆ្នាំ ហើយអ្នក ដែលមានអាយុលើស ពី៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផល នៃការសិក្សាជាមុនសិន។

ក្នុងសន្និសីទសារព័ត៌មានស្តីពី ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ Sinopharm នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា «រឿងអង្គការ សុខភាពពិភពលោក ទទួលស្គាល់ ឬមិនទទួលស្គាល់ ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជូនថា ទោះជាយ៉ាងណាក៏ដោយ ក៏វ៉ាក់សាំងនេះ នៅតែដំណើរការទៅមុខ។ ហើយប្រជាពលរដ្ឋ មួយចំនួន ក្នុងបណ្ដាប្រទេស មួយចំនួនធំហើយ នៅឥណ្ឌូនេស៊ី ប្រជាជនច្រើនណាស់ រាប់រាយលាននាក់ គេចាក់រួចហើយដែរ ហើយប្រទេសមួយចំនួនទៀត ក៏មានការប្រើប្រាស់ដែរ» ។

លោកស្រីបន្ដថា «តើយើងអង្គុយចាំឬយ៉ាងម៉េច? ហើយម្យ៉ាងទៀត វ៉ាក់សាំងហ្នឹង ខ្ញុំសូមជម្រាបជូនថា មានលុយហើយទៅសុំគេទិញក៏មិនបានដែរ ព្រោះអីដណ្តើមគ្នា ។ ឥឡូវនេះចូលដល់រឿងដណ្តើមគ្នា អញ្ចឹងសូមបងប្អូនលោកពិចារណា កុំឲ្យមានការអារម្មណ៍ថា Who ទទួលស្គាល់ ឬមិនទទួលស្គាល់នោះឲ្យសោះ ។ ឥឡូវនេះអ្វីដែលយើងបារម្ភនោះ តើយើងទៅដណ្តើមទិញជាមួយគេបានដែរឬទេ?»

អ្នកនាំពាក្យថា មកដល់ពេលនេះ មិនមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ណាមួយទទួលស្គាល់ដោយ WHOនោះឡើយ។

សូមរំលឹកថា ក្នុងសន្និសីទសារព័ត៌មាន ក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវី-១៩ពីមិត្តចិន កាលពីថ្ងៃទី៧ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានលើកឡើងថា ចំនួនវ៉ាក់សាំងកូវីដ-១៩ ដែលផលិតចេញ នៅលើពិភពលោក នាពេលនេះមានចំនួនតិចជាងតម្រូវការ។សម្ដេចថា ប្រទេសជាច្រើន មានលទ្ធភាពទិញវ៉ាក់សាំងកូ វីដ-១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឲ្យពួកគេទិញឡើយ។

សម្តេចតេជោ បានបង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ពីមិត្តចិន ដោយសារតែកិច្ច សហប្រតិបត្តិការដ៏ល្អជាមួយមិត្តចិន នាពេលកន្លងមក។ សម្ដេចថា ការទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺនដូស គឺបង្ហាញឲ្យឃើញពីប្រសិទ្ធភាព នៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិន នាពេលកន្លងមកដែល កម្ពុជា និងចិន បានធ្វើការងារយ៉ាងជិតស្និតជាមួយគ្នា ដែលកន្លងមកបានក្លាយ ទៅជាកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ៕

To Top