ព័ត៌មានជាតិ

អង្គការជិត ១០០ ស្នើបញ្ឈប់ចាប់ខ្លួន សកម្មជន ការពារព្រៃឈើ

ភ្នំពេញ ៖ ក្រុមអង្គការសង្គម ស៊ីវិលចំនួន៧៤ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរួមគ្នាចេញសេចក្តីថ្លែងការណ៍ ស្នើឲ្យក្រសួងបរិស្ថាន បញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញសកម្មជន ការពារព្រៃឈើ ។

ការស្នើនេះ បន្ទាប់ពីសកម្មជន ការពារព្រៃឈើ ១០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធបញ្ហាព្រៃឈើ ។ ក្រោយការឃាត់ខ្លួន ពួកគេ៥នាក់ ក្នុងចំណោម១០នាក់ ត្រូវបានសាលាដំបូងខេត្តក្រចេះ ដោះលែងឲ្យមានសេរីភាពវិញ នៅម៉ោង៩ និង៤៥នាទីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ។

បើតាមសេចក្តីថ្លែងការណ៍ របស់អង្គការទាំង៧៤នោះគឺថា “សូមស្នើសុំឲ្យក្រសួងបរិស្ថាន បញ្ឈប់យុទ្ធនាការ នៃការធ្វើទុក្ខបុកម្នេញប្រឆាំង នឹងសកម្មជនការពារព្រៃឈើ និងសមាជិកសហគមន៍ នៅតាមមូលដ្ឋាន ។ កាលពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុន មន្រ្តីមូលដ្ឋាន របស់ក្រសួងបរិស្ថាន បានឃាត់ខ្លួនសកម្មជន ការពារព្រៃឈើចំនួន ៥នាក់ ដែលកំពុងបំបួសដើមឈើ និងប្រមូលភស្តុតាង នៃការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលកើតមាននៅក្នុងដែនជម្រក សត្វព្រៃព្រៃឡង់ ។ អ្នកទាំង៥នាក់ ត្រូវបានឃាត់ខ្លួនដោយគ្មានការ ចោទប្រកាន់ អស់រយៈពេល៣យប់ នៅមន្ទីរបរិស្ថាន និងអធិការដ្ឋាននគរបាលក្រុងក្រចេះ មុនពេលត្រូវបានដោះលែងឲ្យ មានសេរីភាពវិញនៅព្រឹកថ្ងៃចន្ទនេះ” ។

លិខិតបន្តថា សកម្មជនទាំង៥នាក់ ត្រូវបានដោះលែងវិញ បន្ទាប់ពីផ្ដិតមេដៃលើកិច្ចសន្យា ដែលហាមឃាត់ពួកគាត់មិនឲ្យ ធ្វើសកម្មភាពអភិរក្សផ្សេងៗ នៅក្នុងតំបន់ការពារធម្មជាតិ ឬចែករំលែកវីដេអូ រូបភាព ឬព័ត៌មានឲ្យអង្គភាពខាងក្រៅ ប្រសិនបើគ្មានការអនុញ្ញាតពីអាជ្ញាធរ ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងទៅលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ប៉ុន្តែលោកមិនទាន់ឆ្លើយតប ៕

To Top