ព័ត៌មានជាតិ

ប.ស.ស. ប្រជុំពិភាក្សា ត្រួតពិនិត្យ លើរបាយការណ៍ ស្តីពីលទ្ធផលការងារ សម្រេចបាន ក្នុងឆ្នាំ២០២០ និងទិសដៅការងារ អនុវត្ដបន្ត

ភ្នំពេញ៖ នៅសាលប្រជុំធំ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានកិច្ចប្រជុំពិភាក្សាមួយ ស្តីពីការត្រួតពិនិត្យ លើរបាយការណ៍លទ្ធផលការងារ សម្រេចបានក្នុងឆ្នាំ២០២០ និងទិសដៅការងារអនុវត្ដបន្ត របស់ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារ កម្មករនិយោជិត នៃបេឡាជាតិ សន្ដិសុខសង្គម ដោយមានការចូលរួម ពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក ព្រាប ច័ន្ទវិបុល អនុប្រធានក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. ជាប្រធានក្រុមការងារ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ និយោជិត និងជាសមាជិក គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ លោក ព្រាប ច័ន្ទវិបុល បានផ្តល់បទសម្ភាសន៍ ជាមួយក្រុមការងារព័ត៌មាន ប.ស.ស. ឱ្យដឹងថា បើប្រៀបធៀប រវាងឆ្នាំ២០២០ ធៀបទៅនឹងឆ្នាំ២០១៩ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងមកលើបងប្អូនកម្មករនិយោជិតមានការថយចុះ រហូតដល់ទៅ ៣១% ស្មើនឹង ១៩០០ករណី ដែលក្នុងនោះ អ្នករងរបួសសរុបចំនួន ៣០% ស្មើនឹង ២១៤០នាក់, អ្នកស្លាប់ចំនួន ៤៤% ស្មើនឹង ៨៨នាក់, អ្នករងរបួសធ្ងន់ចំនួន ២៧% ស្មើនឹង ៤០០នាក់, និងអ្នករងរបួសស្រាល ចំនួន ៣០% ស្មើនឹង១៦៥២នាក់ ។

លោកបានបន្ថែមថា បើទោះបីជាមានការថយចុះ នៃករណីគ្រោះថ្នាក់ចរាចរណ៍ មកលើបងប្អូនកម្មករនិយោជិត ក៏ពិតមែនក៏ប៉ុន្តែក្រសួងស្ថាប័ន ពាក់ព័ន្ធនានា ក្នុងនោះក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) នៃប.ស.ស. នៅតែបន្តការសហការគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់តាមរយៈ ការរៀបចំលិខិតបទដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការបណ្តុះបណ្តាល ដល់អ្នកបើកបរ រថយន្តដឹកកម្មករ និងកម្មករនិយោជិត អំពីច្បាប់ស្តីពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តឱ្យបានជោគជ័យ នូវផែនការ ដែលបានគ្រោងទុក ស្របទៅនឹងគោលនយោបាយថ្នាក់ជាតិ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមចំណែកក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យទទួលបានលទ្ធផល កាន់តែល្អប្រសើរថែមទៀត ក្នុងន័យកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការស្លាប់ និងរងរបួសដល់កម្មករ ឱ្យថយមកកម្រិតទាបបំផុត ។

លោក ក៏បានធ្វើការអំពាវនាវ និងស្នើដល់បងប្អូនអ្នកបើកបរ រថយន្តដឹកកម្មករ និងបងប្អូនកម្មករ និយោជិតទាំងអស់ ចូលរួមគោរពច្បាប់ចរាចណ៍ ឱ្យបានត្រឹមត្រូវ និងចេះយោគយល់អធ្យាស្រ័យគ្នា ក្នុងពេលធ្វើដំណើរ លើដងផ្លូវ ជាពិសេសអ្នកបើកបរ រថយន្តដឹកកម្មករ មិនត្រូវផ្ទុកចំនួនកម្មករ លើសចំណុះ និងចូលរួមផ្លាស់ប្តូរពីការ យករថយន្តដឹកទំនិញមកដឹក បងប្អូនកម្មករ ដោយប្រើប្រាស់រថយន្ត ដឹកអ្នកដំណើរមកជំនួសវិញ ។

សូមបញ្ជាក់ថា កន្លងមកឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម និងជាប្រធាន ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត (ស.ផ.ក) តែងតែជម្រុញក្រុមការងារ ឱ្យបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត ក្នុងការចូលរួមផ្សព្វផ្សាយ អប់រំច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់រូបភាព ក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ដែលធ្លាក់មកលើកម្មករនិយោជិត និងដើម្បីចូលរួមអនុវត្ត ផែនការសកម្មភាព “សុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំពោះកម្មករនិយោជិត” ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅនឹង អនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top