ព័ត៌មានជាតិ

គ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ វាយប្រហារដែន កោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី

ស៊ូម៉ាត្រា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយកម្រិត៦,២រ៉ិចទ័រ បានអង្រួននៅតំបន់ឆ្នេរសមុទ្រ នៃដែនកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃពុធ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងដូច្នេះ ប៉ុន្តែ មិនទាន់មានសញ្ញាណព្រមានណាមួយពីរលកយក្សស៊ូណាមិ ឬបង្កការខូចខាត ដែលបានរាយការណ៍ឲ្យដឹងភ្លាមៗនៅឡើយទេ ។

គ្រោះរញ្ជួយដីដ៏ខ្លាំងនេះបានកើតឡើងនៅចម្ងាយ២១គីឡូម៉ែត្រស្ថិតនៅភាគខាងត្បូង លាតសន្ធឺងទៅភាគនីរតីនៃក្រុង Bengkulu ដែលមាជម្រៅ១០ គីឡូម៉ែត្រ នៅម៉ោង៧និង៥២នាទី ម៉ោងក្នុងស្រុក ។

ប្រជុំកោះនេះបានរងគ្រោះដោយរញ្ជួយដីជាញឹកញាប់ និងមានសកម្មភាពបន្ទុះភ្នំភ្លើង នៅទីតាំងរបស់ខ្លួន នៅក្នុងរង្វង់អគ្គីនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាកន្លែង ផែនដីវិវត្តន៍នឹងប៉ះទង្គិចគ្នា ។

គួររំលឹកថា នៅក្នុងឆ្នាំ២០១៨ គ្រោះរញ្ជួយដីកម្រិត៧,៥រ៉ិចទ័រ និងមានរលកយក្ស ស៊ូណាមិ កើតឡើង នៅដែនកោះ Sulawesi បណ្តាលឲ្យពលរដ្ឋជាង៤.៣០០នាក់ ស្លាប់រឺបាត់ខ្លួន ។

ពលរដ្ឋប្រមាណជាង១០០នាក់ បានស្លាប់ នៅគ្រាដែលមានគ្រោះរញ្ជួយដី កម្រិត៦,២រ៉ិចទ័រ អង្រួនដ៏កក្រើកនៅក្រុងតូចមួយឈ្មោះ Mamuju នៅលើដែនកោះ Sulawesi កាលពីខែមុន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top