ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារ សម្រាប់ត្រៀមសន្និបាតក្រសួងមហាផ្ទៃ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន ដែលបានរៀបចំរបាយការណ៍ ផ្ញើជូនមកកាន់ថ្នាក់ដឹកនាំ និងជាពិសេស ថ្លែងអំណរគុណក្រុមការងារដឹកនាំ ដោយលោក សក់ សេដ្ឋា ដែលបានរៀបចំរបាយការណ៍ទាំងនោះ ដាក់ឆ្លងកិច្ចប្រជុំនាថ្ងៃនេះ។

បន្ទាប់មក នាយឧត្តមសេនីយ៍ ប៉ោង ភក្ដិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ ស្ដីអំពីដំណើរការរៀបចំខ្លឹមសារ សម្រាប់ត្រៀមមហាសន្និបាត មុននឹងសម្ដេចបន្តដឹកនាំកិច្ចប្រជុំពិភាក្សា លើចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងសេចក្ដីព្រាងរបៀបវារៈសន្និបាត និងកិច្ចការសំខាន់ៗមួយចំនួនទៀត ៕

To Top