នយោបាយ

លោក សយ សុភាព បញ្ចេញទស្សនៈថា ជាការពិតហើយលោក សម រង្ស៊ី-លោក កឹម សុខា ចែកចានឆ្នាំងគ្នា

ភ្នំពេញ ៖ ក្រោយគណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានលើកឡើង ពីជោគវាសនារបស់លោក សម រង្ស៊ី និងលោក កឹម សុខា ថានឹងប្រកាសបែកបាក់គ្នា ជាចំហរហើយនោះ លោក សយ សុភាព ដែលអ្នកចូលចិត្ត តាមស្ថានការណ៍នយោបាយ ជាតិ-អន្តរជាតិ បានលើកឡើង ជាទស្សនៈផ្ទាល់ខ្លួនថា ជាការពិតហើយដែល គ ប ម លើកឡើងយ៉ាងដូច្នេះ ។

លោក សយ សុភាព ថ្លែងនៅថ្ងៃ១៧ កុម្ភៈថា “បើ គ ប ម ប្រកាសថាចែកចានឆ្នាំងហើយ គឺវាពិតហើយ គ្មានអ្នកណាស្គាល់ក្រុមអតីតបក្សប្រឆាំងជាងគ ប មទេ។ អនាគត គ ប ម អាចនឹងចូលរួមជាមួយលោក កឹម សុខា ប្រសិនបើគាត់អាចមានវាសនាបង្កើតបក្សក្រោយឆ្លងផុតវិញ្ញាសារតាមផ្លូវតុលាការ” ។

លោកថា ម៉្យាងទៀតសហរដ្ឋអាមេរិកដូរយុទ្ធវិធីដោយព្យាយាមដោះដូរ ជាមួយរដ្ឋាភិបាលភ្នំពេញ ដើម្បីឲ្យលោកកឹម សុខា ឆ្លងផុតតាមផ្លូវតុលាការរួចអាចបង្កើតបក្សថ្មី តែមិនមែនខ្មោចសង្រ្គោះជាតិ។ សហរដ្ឋអាមេរិក នៅពេលនេះ សុខចិត្តដូរសន្លឹកបៀរដោយធិបលោកសម រង្ស៊ី ។ អាមេរិកអត់ខ្វល់ទេសំខាន់ផលប្រយោជន៍។ អ្វីដែលសំខាន់បំផុតជាយុទ្ធសាស្រ្ត របស់ឥណ្ឌូប៉ាស៊ីហ្វិក គឺទប់ស្កាត់ឥទ្ធិពលចិន។

លោក សយ សុភាពសង្កត់ធ្ងន់ថា “វាសនា លោក សម រង្ស៊ីនឹងដូចឪពុកខ្លួន ឬលន់ ណល់ ។ កុំនិយាយឲ្យសោះថា លោក សម រង្ស៊ីមានសមាជិកគាំទ្រច្រើនលើសលោក កឹម សុខា តែអាមេរិក និងសម្ព័ន្អគាំទ្រលោក កឹម សុខា អ្វីពួកគេផ្តល់គ្រប់មធ្យោបាយឲ្យលោក កឹម សុខាទាំងអស់។ ដូច្នេះអ្នកងប់ងល់លោក សម រង្ស៊ី ពិចារណា ។ ជាតិសំខាន់ជាងលោក សម រង្ស៊ី និងក្រុមរបស់គាត់ ហើយក៏ជាមេរៀនម្តងទៀតថា កុំអាមេរិកជាងអាមេរិក។ គេធ្វើតាមយុទ្ធសាស្ត្ររបស់គេ គេមិនស្រលាញ់យើងទេ ។ កុំស្លាប់ដើម្បីគេតែយើងរស់ដើម្បីប្រទេស និងប្រជាជនរបស់យើង”។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានធ្វើការទស្សន៍ទាយពីជោគវាសនារបស់អតីតមេដឹកនាំបក្សសង្គ្រោះជាតិ(គសជ) គឺលោក សម រង្ស៊ី និងលោក កឹម សុខា ថានឹងប្រកាសបែកបាក់គ្នាជាចំហរ មុនការបោះឆ្នោត ថ្នាក់ជាតិ នាឆ្នាំ២០២៣ខាងមុខនេះ ហើយចូលរួមបោះឆ្នោត ដោយមានបក្សតំណាងរៀងៗខ្លួន ៕

To Top