ព័ត៌មានជាតិ

សម្ដេចតេជោ៖ ហ្វីលីពីន អាចមកដាក់ទុនវិនិយោគ លើផ្នែកម៉ាស៊ីនកិនស្រូវ និងសាងសង់ឃ្លាំងស្តុកស្រូវ នៅកម្ពុជា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅកាន់លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគ នៅក្នុងកម្ពុជាតាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅ ប្រទេសហ្វីលីពីន។នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងជំនួបជាមួយលោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា នៅថ្ងៃទី១៧កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញ ទៅប្រទេសហ្វីលីពីន ។

សម្ដេចតេជោ បានមានប្រសាសន៍ផងដែរថា យើងគប្បីណាពិនិត្យមើល សក្តានុពលណាដែលមាននៅក្នុង តំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះ មកប្រើប្រាស់ ហើយបំពេញឲ្យគ្នា ទៅវិញទៅមក។

សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ វាពិតជាបានធ្វើឲ្យមានការផ្អាកនៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយយើងនឹងការត្រៀមខ្លួន ចាប់ផ្ដើមសកម្មភាពទាំងនោះ ឡើងវិញ ហើយយើងគប្បីណាពិនិត្យមើល សកម្មភាពនិងសក្តានុពល ដទៃទៀតដែលមានជាពិសេស នៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី លើកឡើងថាកម្ពុជាយើង មានអង្ករនៅសល់ជាច្រើន ប្រមាណ៦លានតោនក្នុងមួយឆ្នាំ។

ចំណែកលោកស្រី Maria Amelita C.Aquino បានសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ។ដែលធ្វើអោយកម្ពុជាមានការរីករាលដាលឆ្លងជំងឺកូវីដ១៩នេះយ៉ាងតិចបំផុត។

លោកស្រីបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះគឺលោកស្រីនឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយនោះ។
លោកស្រីនឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសយើងទាំងពីរមានរួមគ្នានោះ។

លោកស្រីបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើយ៉ាងណា ចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩បានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×