នយោបាយ

វិភាគ: កូរ៉េខាងជើង លួចលុយធនាគារ ជាង១ពាន់លានដុល្លារ តាមប្រព័ន្ធបច្ចេកវិទ្យា

បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈនេះថា ក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក បានចោទប្រកាន់ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាចំនួន៣នាក់ របស់ប្រទេសកូរ៉េខាងជើង ពីបទបានចូលលួចទឹកប្រាក់ ប្រមាណជាង១ពាន់ ៣០០លានដុល្លារអាមេរិក ពីធនាគារតាមប្រព័ន្ធបច្ចេកវិទ្យា ។

ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់ថា ក្រុមចោរព័ត៌មានវិទ្យា ក្រោមការដឹកនាំដោយផ្ទាល់ ពីការិយាល័យឈ្លបយកការណ៍សកល របស់កូរ៉េខាងជើង (North Korea’s Reconnaissance General Bureau) បានចូលលួចលុយ នៅក្នុងធនាគារតាមប្រព័ន្ធបច្ចេកវិទ្យា នៅប្រទេសហ្វីលីពីន វៀតណាម ម៉ាល់តា និងប្រទេសផ្សេងទៀត ។

ប្រតិបត្តិការលួចលុយក្នុងធនាគារ របស់ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ត្រូវបានធ្វើឡើងឡើង ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ននេះ ខណៈដែលអ្នកជំនាញប្រព័ន្ធបច្ចេកវិទ្យា របស់ប្រទេសហ្វីលីពីន វៀតណាម ម៉ាល់តា និងប្រទេសផ្សេងទាំងនៅក្នុងតំបន់ និងក្រៅតំបន់ មិនមានសមត្ថភាព ក្នុងការគ្រប់គ្រងទិន្នន័យទឹកប្រាក់ នៅក្នុងធនាគារបាន ។

លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បាននិយាយថា កាលពីឆ្នាំ២០១៦កន្លងទៅ ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានចូលលួចលុយ នៅក្នុងធនាគាររបស់ប្រទេសបង់ក្លាដែស អស់ប្រមាណជាង ៨១លានដុល្លារអាមេរិក តាមរយៈការកាត់យកទិន្នន័យចំនួនទឹកប្រាក់ នៅក្នុងធនាគារនៅក្នុងប្រទេសនេះ ។

នៅក្នុងបទចោទប្រកាន់ របស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ក៏មានដាក់រូបថត ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើងទាំង៣នាក់ផងដែរ ដែលនៅពេលបច្ចុប្បន្ននេះ គេជឿថា អ្នកជំនាញផ្នែកព័ត៌មាន វិទ្យាកូរ៉េខាងជើងទាំង៣នាក់នោះ កំពុងរស់នៅក្នុងប្រទេសនេះ និងកំពុងធ្វើសកម្មភាពចោរកម្ម តាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងពិភពលោក ។

លោក Ned Price បានបន្ថែមថា ជនជាតិកាណាដាកាត់អាមេរិកម្នាក់ ក៏ជាចោរព័ត៌មានវិទ្យាដែរ ដែលបានចូលលួចលុយក្នុងធនាគារនានា នៅជុំវិញពិភពលោក អស់រាប់សិបលានដុល្លារ ដែលក្រសួងយុត្តធម៌អាមេរិក បានដាក់ការចោទប្រកាន់រួចរាល់ហើយ និងកំពុងតាមចាប់ខ្លួន ប៉ុន្តែរកមិនទាន់ឃើញនៅឡើយ ។

ចំណែកសេវាកម្មចារកម្មជាតិកូរ៉េខាងត្បូង (South Korea’s National Interllegence Service) ដែលហៅកាត់ថា NIS បានអោយដឹងថា ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានលួចចូលមើលទិន្នន័យ តាមប្រព័ន្ធបច្ចេកវិទ្យា (Internet) នៅទូទាំងពិភពលោក ប្រមាណជាង១លាន ៥សែន ៨ម៉ឺនលើកក្នុងមួយថ្ងៃ ជាពិសេសប្រព័ន្ធ Internet នៅកូរ៉េខាងត្បូង ។

NIS បានបន្ថែមថា ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង មានគោលដៅ ចូលលួចយកទិន្នន័យ ស្តីអំពីវ៉ាក់សាំងបង្ការវីរុសCovid-19 របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក និងក្រុមហ៊ុនរបស់ប្រទេសផ្សេងទៀត ដែលបានស្រាវជ្រាវ រកឃើញរូបមន្តវ៉ាក់សាំងនេះ ប៉ុន្តែក្រុមចោរព័ត៌មានវិទ្យាទំនង មិនទាន់លួចទិន្នន័យនេះ បាននៅឡើយទេ ។

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក៏បានចោទប្រកាន់ ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ប្រហាក់ប្រហែលគ្នា នឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែរ ដោយអ្នកជំនាញរបស់ក្រុមប្រឹក្សានេះ បាននិយាយថា ក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង បានចូលលួចយកលុយ នៅក្នុងធនាគារបស់អង្គការនេះ អស់ប្រមាណជាង៣០០លានដុល្លារអាមេរិក ។

អ្នកជំនាញផ្នែកបច្ចេកវិទ្យា របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បាននិយាយថា ទឹកប្រាក់ទាំងជាង ៣០០លានដុល្លារអាមេរិកនេះ ត្រូវបានក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងលួចយក ក្នុងរយៈពេល២ឆ្នាំ គឺកាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងទៅ ដោយបានបង្វែរទិន្នន័យ ចូលទៅក្នុងធនាគាររបស់ខ្លួន ។

អ្នកជំនាញផ្នែកប្រព័ន្ធបច្ចេកវិទ្យា របស់អង្គការសហប្រជាជាតិ របស់សហរដ្ឋអាមេរិក និងរបស់កូរ៉េខាងត្បូង បានក្រើនរំលឹកប្រហាក់ប្រហែលគ្នា អោយមេដឹកនាំប្រទេសនានា នៅជុំវិញពិភពលោក រឹតបន្តឹងសន្តិសុខប្រព័ន្ធ Internet អោយបានម៉ត់ចត់ ។

ដើមចមនាំអោយកើតរឿង
លោក Bruce Bennett អ្នកវិភាគជាន់ខ្ពស់ នៅមជ្ឈមណ្ឌលស្រាវជ្រាវ Rand Corp.របស់សហរដ្ឋអាមេរិក បាននិយាយថា ដើមចមដែលនាំ អោយក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ចូលលួចទិន្នន័យទឹកប្រាក់ រាប់ពាន់លានដុល្លារអាមេរិក នៅក្នុងធនាគារ គឺដោយសារប្រទេសនេះ កំពុងបង្កើនល្បឿន ផលិតអាវុធមហាប្រល័យ ។

លោក Bruce Bennett បានបន្ថែមថា ទឹកប្រាក់ស្ទើរតែទាំងអស់ ដែលក្រុមចោរព័ត៌មានវិទ្យាកូរ៉េខាងជើង ចូលលួចបានពីធនាគារ គឺយកទៅបំពេញតម្រូវការ នៃមហិច្ឆិតាផលិតអាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ ខណៈដែលអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះ ។

កូរ៉េខាងជើង បានយកថវិកាជាតិភាគច្រើន ទៅបំប៉នកម្មវិធីនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីលបាលីស្ទិករបស់ខ្លួន តាមរយៈការទិញបច្ចេកវិទ្យា និងឧបករណ៍ពាក់ព័ន្ធពីប្រទេសរុស្ស៊ី និងប្រទេសផ្សេងទៀត ហើយការចូលលួច ទិន្នន័យទឹកប្រាក់ពីធនាគារនេះ គឺជាផ្នែកមួយ នៃការបន្តទំនើបកម្មនុយក្លេអ៊ែរ របស់ប្រទេសនេះ ៕
អ៊ី ជិន

To Top