Covid-19

អ្នកនាំពាក្យក្រសួងសុខាភិបាល៖ មានអ្នកខ្លះយល់ច្រឡំ ការធ្វើចត្តាឡីស័ក ជាការឃុំខ្លួន

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានស្នើប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំថា ការធ្វើចត្តាឡីស័ក គឺជាការឃុំខ្លួនព្រោះការ គិតបែបនេះគឺខុសស្រឡះ ដោយសារចត្តាឡីស័កគឺមានភាពងាយស្រួល និងសិទ្ធិសេរីភាពគ្រប់ពេលវេលា ។

ក្នុងសន្និសីទសារព័ត៌មានជុំវិញការ កែសម្រួលអនុក្រឹត្យស្តីពីវិធានការ សុខាភិបាលនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ថា “អ្នកខ្លះយល់ច្រឡំថា ចត្តាឡីស័កជាការឃុំខ្លួន តែកុំគិតចឹងព្រោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការរៀបចំ ចត្តាឡីស័កយ៉ាងត្រឹមត្រូវ មានសេរីភាពគ្រប់គ្រាន់” ។

លោកស្រីបន្តថា គ្មានប្រទេសណាដូចកម្ពុជា ឡើយរឿងចត្តាឡីស័កនេះ ព្រោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានគិតគូ ជាពិសេសបានផ្តល់ថវិកា ២ម៉ឺន ផ្តល់អាហារ ៣ពេល មានកន្លែងស្នាក់នៅ ផ្តល់មី ទឹកសុទ្ធ និងឃីតជាដើម ។

លោកស្រីក៏បានលើកពី អ្នកមួយចំនួនដែលបានបញ្ចប់ ធ្វើចត្តាឡីស័កហើយក្នុងរយៈពេល ១៤ថ្ងៃហើយ មិនចង់ត្រឡប់ទៅផ្ទះវិញទេ ។ លោកស្រីថា ពួកគេចង់នៅបន្ត ដោយអះអាងថា រស់នៅស្រួលមានទាំងគ្រូពេទ្យ មានថវិកាទៀត និងអាហារ ៣ពេលទៀត។

ចំពោះអ្នកបំភ្លៃព័ត៌មានថា មានអ្នកស្លាប់ដោយការចាក់វ៉ាក់សាំងស៊ីណូហ្វាម លោកស្រីបានហៅពួកគេថា អ្នកបំពុលសង្គម ជាមនុស្សគ្មានបេះដូង និងគ្មានសារជាតិមនុស្សជាតិឡើយ ។
លោកស្រីឱ វណ្ណឌីន ចាត់ទុកពួកគេថា ជាឧក្រិដ្ឋជន។ លោកស្រីបានស្នើឲ្យអ្នកផ្សាយព័ត៌មាន បំពុលសង្គមត្រូវបញ្ឈប់ការ ផ្សព្វផ្សាយព័ត៌មានប្រឌិតភ្លាម។

ចំពោះអ្នកចាក់វ៉ាក់រួចគិតមកដល់ថ្ងៃ១៨ កុម្ភៈ មានចំនួន ៣៨០៣នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃ១៩ កុម្ភៈ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៨៤ នាក់ អ្នកជាសះស្បើយចំនួន៤៧០ នាក់ និងអ្នកកំពុងព្យាបាលចំនួន១៤ នាក់ ៕

To Top