ព័ត៌មានជាតិ

សម្ដេច ហេង សំរិន អំពាវនាវយុវជនជាទំពាំងស្នងឫស្សី និងអ្នកបន្តវេនក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ

ភ្នំពេញ ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាព បានអំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេន ក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាយុវជនគំរូដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុករបស់ សម្ដេច ហេង សំរិន។

ក្នុងពិធីបញ្ចុះបឋមសិក្សា សាងសង់អគារសិក្សាថ្មី ស្ថិតនៅក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ សម្តេច ហេង សំរិន បានផ្ដាំផ្ញើដល់ មាតា-បិតា សិស្សទំាងអស់ ត្រូវបញ្ជួនកូនទៅសិក្សាឲ្យ បានគ្រប់គ្នា។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេច មានប្រសាសន៍ថា «សូមអំពាវនាវដល់យុវជន ដែលជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេនក្នុងការគ្រប់គ្រង និងអភិវឌ្ឍប្រទេសជាតិ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យខ្ពង់ខ្ពស់ ហើយក្លាយជាយុវជនគំរូ ដែលមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ទាំងចំណេះដឹង និងចរិយាសម្បត្តិ ដែលនឹងក្លាយជាអ្នកដឹកនាំ នៅក្នុងពេលអនាគត ទាំងការគ្រប់គ្រងស្ថាប័ន ក៏ដូចជាមេគ្រួសារ ផងដែរ»។

ឆ្លៀតឱកាសនេះដែរ សម្តេចប្រធានរដ្ឋសភា លើកឡើងថា រាជរដ្ឋាភិបាលបានគ្រប់គ្រង និងដោះស្រាយវិបត្តិជំងឺកូវីដ- ១៩ បានទាន់ពេលវេលា តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការណ៍ច្បាស់លាស់ ម៉ឺងម៉ាត់ ម៉ត់ចត់ និងគ្រប់ជ្រុងជ្រោយ ដូចជា កម្មវិធីជំនួយសង្គម ពិសេស ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងកូវីដ១៩ ការឧបត្ថម្ភសាច់ប្រាក់ពលកម្ម ជូនកម្មករបាត់បង់ការងារ ការឧបត្ថម្ភសាច់ប្រាក់ចំពោះស្រ្តី មានផ្ទៃពោះ និងក្មេងអាយុក្រោម២ឆ្នាំ និងវិធានការអន្តរាគមន៍ ផែ្នកសេដ្ឋកិច្ច ជាដើម៕

To Top