ព័ត៌មានជាតិ

សមាគម TYDA ចុះអប់រំផ្សព្វផ្សាយ អំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាព មាត់ធ្មេញ ដល់សិស្សានុសិស្ស អនុវិទ្យាល័យ ទួលស្នោរ ស្ថិតក្នុងខណ្ឌកំបូល

ភ្នំពេញ៖​ នាចុងសប្តាហ៍នេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ និងអប់រំសុខភាពមាត់ធ្មេញ ដល់សិស្សានុសិស្សសរុបចំនួន២៨៦នាក់ និងលោកគ្រូអ្នកគ្រូចំនួន២៥នាក់ ស្ថិតក្នុងអនុវិទ្យាល័យ ទួលស្នោរ ភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

តាមរយៈបេសកកម្មថ្មីគឺ TYDA ចុះតាមសាលារៀន ដែលជាកម្មវិធីអប់រំសុខភាព ដោយផ្ដោតលើសុខភាពមាត់ធ្មេញ អនាម័យសុវត្ថិភាពអាហារក្នុងសាលា និងវិធានការនៃការចម្លងជំងឺ កូវីដ-១៩ ដោយអនុវត្ត៣ការពារ គឺពាក់ម៉ាស លាងដៃអោយញឹកញាប់ គម្លាតសុវត្ថិភាពសង្គម និង៣កុំគឺ កុំចូលទៅកន្លែងបិទគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក កុំទៅកន្លែងមនុស្សច្រើនកុះករកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា អ្នកមានជំងឺផ្តាសាយឬសង្ស័យថាមានជំងឺកូវីដ-១៩។ 

គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅ ចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងក្រុមការងារគ្រូពេទ្យសមាគម TYDA ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការសិក្សារស់នៅ និងសុខភាពរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅទីនេះ។ 

នាឱកាសនោះ ក្រុមការងារ​ បានផ្តល់ជូនអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សាលាបឋម សិក្សា និងអនុវិទ្យាល័យទួលស្នោរ ទទួលបាន ឈុតថ្នាំច្រាសដុសធ្មេញចំនួន ១.៣៣៨ ប្រអប់ សៀវភៅ ២៤០ក្បាល​ និងប៊ិចចំនួន ២៤០ ដើម និងសិស្សានុសិស្សម្នាក់ៗទទួលបានសៀវភៅ១ក្បាល ប៊ិច១ ដើម និងឈុតច្រាសថ្នាំដុសធ្មេញ២ ។ 

សូមបញ្ជាក់ថា នេះគឺជាបេសកកម្មថ្មីមួយទៀត របស់សមាគមTYDA ចុះតាមសាលារៀន ដើម្បីអប់រំសុខភាពទូទៅ ជំងឺមាត់ធ្មេញ និងពិនិត្យព្យាបាលជំងឺមាត់ធ្មេញជូនដល់ក្មួយៗ សិស្សានុសិស្ស។ ជាក់ស្ដែងនៅថ្ងៃនេះ បានអប់រំផ្សព្វផ្សាយអំពីវិធានការនៃការចម្លងជំងឺ កូវីដ-១៩ នឹងអប់រំសុខភាពមាត់ធ្មេញ ជូនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូសរុបចំនួន៣០១នាក់៕

To Top