ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ប្រមូលមេខ្យល់ នាំមនុស្សឆ្លងដែន ខុសច្បាប់ទុកម្ដុំ ចាំផុតកូវីដ-១៩ កាត់ទោស ក៏មិនទាន់ហួសពេលដែរ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាទៅកាន់អាជ្ញាធរថា ត្រូវប្រមូលពួកមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ទុកម្ដុំ រួចហើយចាំផុតជំងឺកូវីដ-១៩ កាត់ទោសក៏មិនទាន់ហួសដែរ ខណៈសម្ដេចថា ការធ្វើបែបនេះ ដើម្បីការពារប្រជាពលរដ្ឋខ្មែរកុំឲ្យឆ្លងជំងឺកូវីដ-១៩។

តាមរយៈសារសំឡេង នៅយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា «មុខសញ្ញាទាក់ទិនជាមួយនឹងពួករត់ពន្ធមនុស្ស មេខ្យល់នាំមនុស្ស និងអ្នកឆ្លងកាត់ គឺប្រមូលដាក់ម្ដុំទៅ ចាំប៉ុន្មានឆ្នាំ ចាំប៉ុន្មានខែទៀត ចាំផុតកូវីដ កាត់ទោសក៏មិនទាន់យឺតពេលដែរ»។

សម្ដេចតេជោបន្ដថា ការធ្វើបែបនេះគឺការពារអាយុជីវិតប្រជាជនខ្មែរ ហើយតុលាការកាត់ទោសរួច គឺបញ្ជូនទៅពន្ធនាគារតែម្ដង។ សម្ដេចបញ្ជាក់សារជាថ្មីថា ឥឡូវនេះមិនឲ្យប្រជាពលរដ្ឋខ្មែរចេញទៅប្រទេសថៃឡើយ ទោះបីស្របច្បាប់ ក៏ដោយ។

សម្ដេចតេជោ បន្ថែមថា ប្រជាពលរដ្ឋខ្មែរចូលមកកម្ពុជាវិញដោយស្របច្បាប់ ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផងដែរ ។ សម្ដេចផ្ដាំផ្ញើទៅអាជ្ញាធរ ត្រូវប្រមូលពួកអ្នករត់ពន្ធមនុស្សឲ្យអស់ ដើម្បីកាត់បន្ថយពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់។ សម្ដេចបញ្ជាក់ថា «នេះជាគោរពសិទ្ធិរស់រានមានជីវិត គោរពសិទ្ធិរបស់ប្រជាជនទូទាំងប្រទេស»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ខាងខេត្តឧត្តមមានជ័យ ចំពោះអ្នក ពាក់ព័ន្ធនាំផ្លូវមនុស្សឆ្លងដែនខុសច្បាប់ គឺចាប់បានយកធ្វើចត្តាឡីស័កនៅមន្ទីរឃុំឃាំង ហើយចាំ៥ឆ្នាំទៀតកាត់ទោសក៏បានដែរ ខណៈសម្ដេចថា ចាប់ពួក មេខ្យល់ អ្នករត់ពន្ធមនុស្សអស់ហើយ ពោរគឺអស់អ្នកឆ្លងដែន។

សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការ លួចឆ្លងដែន និងការមិនធ្វើចត្តាឡីស័ក ស្របពេលដែលជំងឺកូវីដ១៩ កំពុងរីករាលដាលយ៉ាងខ្លាំងនៅប្រទេសថៃ និងវៀតណាម។ អ្នកគេចវេសមិនធ្វើចត្តាឡីស័ក នឹងត្រូវផាកពិន័យ១លាន ទៅ៥លាន ចំណែកអ្នកសម្របសម្រួល ឬមេខ្យល់នឹងត្រូវផាកពិន័យពី១០លានទៅ៥០លានរៀលផងដែរ។ ចំណែកគ្រឹះស្ថានសុខាភិបាលឯកជន ដែលលាក់បាំង និងមិនបានជូនដំណឹងបន្ទាន់ពីអ្នកជំងឺដែលគេចវេស មិនធ្វើចត្តាឡីស័កនឹងពិន័យដូចមេខ្យល់ ផងដែរ៕

To Top