ព័ត៌មានជាតិ

ក្រសួងសាធារណការ រៀបចំកម្មវិធី តម្រង់ទិសជំនាញសិក្សា និងការងារ នៅវិទ្យាស្ថានតេជោសែន

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធី តម្រង់ទិសជំនាញសិក្សា និងការងារ នៅវិទ្យាស្ថានតេជោសែន សាធារណការ និង ដឹកជញ្ជូន នៅទីស្ដីការក្រសួង។

សូមរំលឹកថា សិស្សនិស្សិត អាចចុះឈ្មោះប្រឡងចូលរៀន នៅវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដោយចាប់ទទួលពាក្យ ពីថ្ងៃទី២១ ដល់ ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១ ។ តម្លៃសិក្សា ៦០០ដុល្លារ ក្នុង១ឆ្នាំ ហើយអាហារូបករណ៍ ១០០% សម្រាប់និស្សិតឆ្នើម ចំនួន ៥០នាក់ រយៈពេល ៤ឆ្នាំ (៥ឆ្នាំ សម្រាប់វិស្វករ) ហើយត្រូវវាយតម្លៃលទ្ធផលសិក្សា ប្រចាំឆ្នាំនីមួយៗ។ អាហារូបករណ៍ ៥០% សម្រាប់និស្សិតនារី រយៈពេល ៤ឆ្នាំ (៥ ឆ្នាំ សម្រាប់វិស្វករ) ហើយត្រូវវាយតម្លៃលទ្ធផល សិក្សាប្រចាំឆ្នាំនីមួយៗ។

លក្ខខណ្ឌដាក់ពាក្យ៖ បេក្ខជនត្រូវមានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រសមមូល។

ជាងនេះទៅទៀត ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងមានអាទិភាព ក្នុងការប្រឡងចូលក្របខណ្ឌ ក្រសួងសាធារណការ និងដឹកជញ្ជូន ,កំឡុងពេលសិក្សា និស្សិតអាចចុះអនុវត្តជាក់ស្ដែង តាមការដ្ឋាននានា ដែលកំពុងសាងសង់ ផ្លូវថ្នូល់ទូទាំង ប្រទេស ដោយក្រសួងសាធារណការ និងក្រុមហ៊ុន ,និស្សិតអាចុះហ្វឹកហាត់ការងារ (Intmship) នៅតាមបណ្ដាលក្រុម ហ៊ុន ឬអង្គភាពក្រោមឱវាទក្រសួង ដែលកំពុងសាងសង់ផ្លូវថ្នល់ និងគម្រោងនានា លើវិស័យសាធារណការ និងដឹកជញ្ជូន ,និស្សិតមានឱកាសទទួលបាន អាហារូបករណ៍ នៅបន្ដការសិក្សា នៅក្រៅប្រទេស។

សូមបញ្ជាក់ថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានទទួលស្គាល់ គាំទ្រ និងអនុញ្ញាតឲ្យ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ផ្តល់ការបណ្តុះបណ្តាល គ្រប់កម្រិតចាប់ពីកម្រិតជំនាញ បច្ចេកទេស (វគ្គខ្លីៗ រយៈពេលសិក្សាក្រោម១ឆ្នាំ ឬ១ឆ្នាំកន្លះ) កម្រិតមធ្យមបច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ (បរិញ្ញាបត្រ+១ វិស្វករ) និងបរិញ្ញាបត្រជាន់ខ្ពស់។ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន មានទីតាំង ស្ថិតនៅផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕

To Top