Covid-19

ក្រសួងសុខាភិបាល៖ ការរុករកស្រាវជ្រាវ នៃការចម្លងជំងឺកូវីដ១៩ ក្នុងសហគមន៍លើកនេះ មានលក្ខណៈធំ និងសាំញ៉ាំជាងព្រឹត្តិការណ៍ ២៨វិច្ឆិកា

ភ្នំពេញ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានបង្ហាញឲ្យដឹងថា ការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។

ក្រសួងបន្តថា ចំពោះវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ គឺអាស្រ័យទៅតាមស្ថានភាព នៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង ។

ការមានលក្ខណៈទ្រង់ទ្រាយធំនេះ ដោយព្រឹត្តិការណ៍សហគមន៍២២កុម្ភៈ មានទីតាំងជាប់ពាក់ព័ន្ធចំនួន២៣ ហើយក៏បានបិទជាបណ្តោះអាសន្នទាំង ២៣កន្លែងនោះដែរ ។

ផ្ទាំងពាណិជ្ជកម្ម

ទីតាំង២៣នោះ រួមមាន៖ ១. ក្លឹប N8 ២.ក្លិប Casa Bay Meridian ៣.សណ្ឋាគារ Le Gong Guan Hotel ៤.City Comfort ៥.អគារ The Bridge ៦. The Point Service Apartment ៧. Mekong Street ៨.Pent House Apartment ៩.Skyline DUMEX ១០.Somet Condoninium ១១.Residence L Olympic ១២.Prince Plaza Centre ១៣. Celeste Skybar ១៤.Diamond Twin ១៥. JinZun ខារ៉ាអូខេមុខព្រលាន ១៦.ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ ១៧. JuHao មុខហាងឆ្នេរមាស ១៨.ហាង The World ១៩.ហាង វ័នមែនសិន ២០.ក្លឹប ១៦៨ អតីតនគរសំរឹទ្ធិ ២១.Love ២២.វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី ២៣.សាលា SIS។

ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យបុគ្គល ដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃ៦-២០ កុម្ភៈ ឬបុគ្គលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ៕

To Top
×