ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ ចុះបិទទីតាំងចំនួន៤៤កន្លែង ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៣ កុម្ភៈ នេះ នៅរាជធានីភ្នំពេញ មានទីតាំងចំនួន៤៤កន្លែងហើយ ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ ក្រសួងសុខាភិបាល បានយកសំណាក និងបានបិទទីតាំងទាំងនោះ ដើម្បីបង្ការនិងទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩។

ក្នុងឱកាសប្រចាំការ ដោះស្រាយកិច្ចការបន្ទាន់ៗមួយចំនួន ពាក់ព័ន្ធបញ្ហាទប់ស្កាត់កូវីដ-១៩ និងដកស្រង់បទពិសោធន៍ការងារ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ លោក ឃួង ស្រេង បានលើកឡើងថា «រដ្ឋបាលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ បានយកចិត្តទុកដាក់ខ្លាំងណាស់ ជុំវិញការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះដោយយើងបានបិទទីតាំង ចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះ ក្រោយពីយើងបានយក សំណាកចេញពីទីតាំង ទាំង៤៤នេះ»។

លោកក៏បានណែនាំ ទៅដល់អាជ្ញាធរ មន្ទីរសុខាភិបាល និងមន្ត្រីពាក់ព័ន្ធត្រូវតែសហការ គ្នាធ្វើការងារនេះ ឲ្យបានលឿន និងមានប្រសិទ្ធភាព ដើម្បីឈានទៅលុបបំបាត់ ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ ។

គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំង បន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញ សហការជាមួយ នឹងក្រសួងសុខាភិបាល គ្រោងនឹងយកសំណាកជាមួយ នឹងការបិទទីតាំងទាំងនោះផងដែរ ក្រោយពីបានទទួលព័ត៌មានថា ទីតាំងនោះគឺមានអ្នក ដែលសង្ស័យពាក់ព័ន្ធសហគមន៍ ព្រឹត្តិការណ៍ ២០ កុម្ភៈ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×