នយោបាយ

វិភាគ: អ៊ីរ៉ង់និងអាមេរិក ចង់ត្រូវរ៉ូវគ្នា ប៉ុន្តែប្រទេសទាំងពីរ ខ្លាចបាក់មុខដូចគ្នា

បច្ចុប្បន្នភាព
ប្រព័ន្ធផ្សព្វផ្សាយ NHK របស់ប្រទេសជប៉ុន បានចុះផ្សាយនៅថ្ងៃអង្គារ ទី២៣ ខែកុម្ភៈនេះថា ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ពិតជាចង់ត្រូវរ៉ូវគ្នាវិញ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ប៉ុន្តែដោយសារខ្លាចបាក់មុខបាក់មាត់ នៅលើឆាកអន្តរជាតិ ទើបប្រទេសទាំងពីរ នៅអែរអង់ចាំមើលអ្នកបោះដៃមុន ទៅរកភាគីម្ខាងទៀត ។

សហរដ្ឋអាមេរិក ចង់អោយអ៊ីរ៉ង់ ជាអ្នកបោះដៃមុនទៅរកអាមេរិក ក្នុងការជួបពិភាក្សាគ្នា ស្តីពីកិច្ចព្រមព្រៀង នុយក្លែអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលអាមេរិកបានដកខ្លួនចេញ កាលពីឆ្នាំ២០១៨កន្លងទៅ ប៉ុន្តែអ៊ីរ៉ង់ខ្លាចអន់ ឬខ្លាចបាក់មុខបាក់មាត់ លើឆាកអន្តរជាតិ ទើបអ៊ីរ៉ង់ចង់អោយអាមេរិក បោះដៃទៅរកខ្លួនមុន ដើម្បីពិភាក្សា ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ ។

លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ចង់ដាក់បញ្ចូលសហរដ្ឋអាមេរិក ទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ ទៅតាមគោលនយោបាយ របស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ហើយអ៊ីរ៉ង់ ក៏ចង់បានវត្តមានសហរដ្ឋអាមេរិក នៅក្នុងកិច្ចព្រមព្រៀងនេះដែរ ប៉ុន្តែអ៊ីរ៉ង់មិនអាចបោះដៃ ទៅរកអាមេរិកមុនទេ ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៨កន្លងទៅ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិក បានដកប្រទេសនេះ ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខា ដោយលោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាមួយនឹងប្រទេសមហាអំណាច ៤+១ផ្សេងទៀត នៅលើពិភពលោក រួមទាំងប្រទេសអ៊ីរ៉ង់ ។

ក្រោយពីដកអាមេរិក ចេញពីកិច្ចព្រមព្រៀងនេះ លោក ត្រាំ បានដាក់សម្ពាធគ្រប់បែបយ៉ាង លើប្រទេសអ៊ីរ៉ង់ ដែលជាការបង្ខំអោយអ៊ីរ៉ង់ចូលតុចរចា ប៉ុន្តែបំណងរបស់លោក ត្រាំ មិនបានសម្រេចទេ ដោយសារអ៊ីរ៉ង់ មិនព្រមចូលតុចរចាតាមការចង់បាន របស់ប្រធានាធិបតីជិតផុតអាណត្តិ របស់អាមេរិករូបនេះ ដោយអ៊ីរ៉ង់បានអះអាងថា អ៊ីរ៉ង់កំពុងស្ថិតក្នុងសម្ពាធ គឺមិនអាចជួបចរចា ជាមួយអាមេរិកបានទេ ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាចពិភពលោក ៥+១ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស និងប្រទេសអាល្លឺម៉ង់ ហើយក្រោយពីសហរដ្ឋអាមេរិក បានដកខ្លួនចេញ ប្រទេសមហាអំណាច ៤+១ នៅតែបន្តគាំទ្រកិច្ចព្រមព្រៀងនេះ រហូតដល់បច្ចុប្បន្ន ។

ប្រធាននយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក ចូសេប បូរ៉ែល (Josep Borrell) បាននិយាយថា ប្រទេសហត្ថលេខី ៤+១ រួមទាំងអ៊ីរ៉ង់ ពេញចិត្ត នឹងទទួលស្វាគមន៍សហរដ្ឋអាមេរិក អោយចូលក្នុងកិច្ចព្រមព្រៀងអ៊ីរ៉ង់ឡើងវិញ ប្រសិនបើលោក ចូ បៃដិន មានបំណងដាក់សហរដ្ឋអាមេរិក ចូលក្នុងកិច្ចព្រមព្រៀងនេះវិញ ។

សេចក្តីប្រកាសរបស់លោក ចូសេប បូរ៉ែល ត្រូវបានធ្វើឡើងក្រោយពីលោក ចូ បៃដិន ដែលនឹងចូលកាន់តំណែង ជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខ ធ្លាប់បានអះអាងថា លោកនឹងនាំសហរដ្ឋអាមេរិក អោយវិលត្រឡប់ទៅកាន់ កិច្ចកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់វិញ ។

ទោះបីប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនហ៊ានបោះដៃរកគ្នាមុនក៏ដោយ ក៏ប្រទេសហត្ថលេខី និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) នៅតែបន្តប្រឹងប្រែងសម្របសម្រួល អោយមេដឹកនាំរបស់ប្រទេសទាំងពីរនេះ បានជួបពិភាក្សាគ្នានៅពេលខាងមុខ ដើម្បីស្វែងរកដំណោះស្រាយ ក្នុងភាពតានតឹងរវាងប្រទេសទាំងពីរ ។

បញ្ហានៅត្រង់ថា អ៊ីរ៉ង់ចង់អោយរដ្ឋបាល របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដកទណ្ឌកម្មចេញពីអ៊ីរ៉ង់ មុនពេលជួបចរចា ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយអាមេរិកចង់អោយអ៊ីរ៉ង់ បញ្ឈប់សកម្មភាព ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម និងអនុញ្ញាត អោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ចូលទៅពិនិត្យសិន ទើបជួបចរចា ។ ជំហរបែបនេះ របស់ប្រទេសទាំងពីរ នៅតែអូសបន្លាយបន្តទៀត ដោយអាមេរិកមិនដកទណ្ឌកម្ម ហើយអ៊ីរ៉ង់មិនព្រមចូលតុចរចា និងមិនព្រមបញ្ឈប់នូវសកម្មភាព ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងគោលដៅផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន ។

ដើមចមនាំអោយកើតរឿង
លោក អាបាស់ អារ៉ាក់ជី (Abbas Araghchi) អនុរដ្ឋមន្ត្រីការបរទេស របស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា ដើមចមដែលនាំអោយអ៊ីរ៉ង់ មិនព្រមចូលតុចរចា ជាមួយសហរដ្ឋអាមេរិក គឺដោយសារអ៊ីរ៉ង់ កំពុងស្ថិតនៅក្រោមសម្ពាធ របស់សហរដ្ឋអាមេរិក ដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងកងម្លាំងយោធា ។

លោក អាបាស់ អារ៉ាក់ជី បានបន្ថែមថា អ៊ីរ៉ង់ត្រូវតែធ្វើតាមការចង់បាន របស់សហរដ្ឋអាមេរិក ប្រសិនបើអ៊ីរ៉ង់ចូលតុចចរចា ពីព្រោះបើអ៊ីរ៉ង់មិនយល់ព្រម តាមការចង់បានរបស់អាមេរិក គឺអាមេរិក នឹងមិនដកទណ្ឌកម្មចេញពីអ៊ីរ៉ង់ទេ ដែលនេះជាសម្ពាធមួយធ្ងន់ធ្ងរ លើអ៊ីរ៉ង់ក្នុងកិច្ចចរចា ប្រសិនបើមាននៅពេលខាងមុខ ។

ប្រសិនបើអាមេរិក ដកទណ្ឌកម្មសេដ្ឋកិច្ច និងដកសម្ពាធយោធាចេញពីអ៊ីរ៉ង់ កិច្ចចរចារវាងភាគីទាំងពីរ នឹងប្រព្រឹត្តទៅ ដោយមិនមានសម្ពាធទេ ហើយក៏ជាលទ្ធផលនៃកិច្ចចរចា ដែលមានការយល់ព្រមទាំងសងខាងដែរ ៕
អ៊ី ជិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។

All rights reserved by: DAP News

To Top
×