ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត ៖ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលឆ្លងដ៏សាហាវ គឺផ្តើមចេញពីខ្លួនយើង

ភ្នំពេញ ៖ ខណៈនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានបន្តរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀតនោះ កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែតបានផ្ញើសារឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងជំងឺដ៏សាហាវនេះ ។ ដោយលោកថា ដើម្បីប្រយុទ្ធប្រឆាំងនូវជំងឺនេះ គឺផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា ។

លោកបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ក្នុងកាលៈទេសៈនៃការរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ១៩ នាពេលនេះ សូមបងប្អូនចូលរួមអនុវត្តនូវវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏សាហាវនេះ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកនៅជុំវិញខ្លួនយើង” ។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត គឺជាជនទី១នៃកម្ពុជាដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលផ្តល់ដោយមិត្តចិនមុនគេ ក្រោយវ៉ាក់សាំងស៊ីណូហ្វាមបានមកដល់កម្ពុជាកាលពីថ្ងៃ៧ កុម្ភៈ៕

To Top