ព័ត៌មានជាតិ

អភិបាល ស្រុកខ្សាច់កណ្ដាល ប្រជុំផ្សព្វផ្សាយ សេចក្តីសម្រេចបង្កើត គណៈកម្មការប្រយុទ្ធ ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ

កណ្តាល ៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល និងជាប្រធានគណបញ្ជាការ ឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយលើសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការស្រុក ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្នុងភូមិសាស្រ្តស្រុក។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលស្រុក ក៏បានផ្តោតសំខាន់លើការងារដូចជា ៖តាមដានស្រាវជ្រាវ និងបន្តរកគ្រួសារពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ កម្លាំងសមត្ថកិច្ច និងបុគ្គលិកសុខាភិបាល ត្រូវពិនិត្យគ្រប់គ្រងគ្រួសារ ឬអ្នកដែលធ្វើចត្តាឡីស័កឲ្យបានហ្មត់ចត់ និងតឹងរឹងបំផុត។ ពិនិត្យគ្រួសារ ឬបុគ្គលដែលគេចចេញពីកន្លែងធ្វើចត្តាឡីស័ក ត្រូវផាកពិន័យ ឬដាក់ទោសទៅតាមច្បាប់បានចែង (ករណីបំពាន មិនស្ដាប់តាមការណែនាំ)។ ក្នុងនោះគ្រប់ឃុំបន្តចុះផ្សព្វផ្សាយចែកម៉ាស់ បាញ់អាល់កុល នៅតាមផ្សារ ទីប្រជុំជន អាហារដ្ឋាន ភោជនីយដ្ឋាន ទីប្រជុំជន និងឲ្យអនុវត្តវិធានការ ៣ការពារ ៣កុំ តាមប្រសាសន៍របស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំក្រសួងសុខភិបាល។

នាឱកាសនោះដែរ លោកអភិបាលស្រុកខ្សាច់កណ្ដាលក៏បានចែកម៉ាស់ជូនតាមបណ្តាឃុំទាំង១៨ និងកងកម្លាំងទាំង៣ ក្នុងស្រុក ដើម្បីបង្ការការពារ និងទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ។ ក្នុង១ឃុំ និង១អង្គភាព ទទួលបានចំនួន ២៥០០ ម៉ាស សរុបចំនួន ៥០,០០០ម៉ាស និងផ្តល់ថវិកាមួយចំនួនដល់ឃុំចំនួន៤ ដែលមានប្រជាពលរដ្ឋ ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ច្រើនន ដោយក្នុង១ឃុំទទួលបានថវិកា ៤០០,០០០រៀល ។ ៤ឃុំនោះ មានឃុំបាក់ដាវ , ស្វាយជ្រុំ , ព្រែកលួង , ព្រែកតាកូវ សរុបថវិកាចំនួន១,៦០០,០០០រៀល ៕

To Top