ព័ត៌មានជាតិ

ក្រសួងសុខាភិបាល កំពុងទាក់ទង ទៅអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់ យកមកព្យាបាល

ភ្នំពេញ ៖ ក្រោយបង្ហាញលទ្ធផល នៃការធ្វើតេស្តរកអ្នកឆ្លងជំងឺកូវីដ១៩ ដោយមានអ្នកកើតថ្មី៤០នាក់ទៀតនោះ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបាន និងកំពុងទំនាក់ទំនងទៅអ្នកជំងឺ១៥នាក់ ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ចំនួន៤០នាក់ ដើម្បីយកមកសម្រាកព្យាបាល នៅតាមមន្ទីរពេទ្យនានា ដែលបានកំណត់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងនៅថ្ងៃ២៤ កុម្ភៈ បានឲ្យដឹងថា អ្នកជំងឺទាំង១៥នោះ គឺជាជនជាតិចិន ដែលមានចំនួន១៤នាក់ និងម្នាក់ទៀតជាជនជាតិវៀតណាម ពួកគេស្នាក់នៅក្នុងរាជធានីភ្នំពេញ ។

ក្រសួងថា មូលហេតុមិនអាចទាក់ទង ពួកគេទាំង១៥នាក់បាន ដោយសារក្រសួង ទទួលបានលទ្ធផលវិភាគ វិជ្ជមានវីរុសកូវីដ១៩ ពីមន្ទីរពិសោធន៍វិទ្យា ស្ថានប៉ាស្ទ័រកម្ពុជា នាវេលាម៉ោង ៣ទាបភ្លឺទៅហើយ ។

ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា «ដូច្នេះក្រុមការងារកំពុងតែធ្វើការ ចាត់ចែងទំនាក់ទំនងអ្នកជំងឺ ដើម្បីដាក់ឲ្យសម្រាកព្យាបាល ដោយគ្រោងធ្វើការបែងចែកចំនួន៧នាក់ យកទៅមជ្ឈមណ្ឌលជាតិកំចាត់រោគ របេង និងហង់សិន ។ រីឯអ្នកជំងឺចំនួន៨នាក់ទៀត គ្រោងយកទៅដាក់សម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល»

ក្រសួងបន្ថែមថា នៅពេលដែលមានព័ត៌មាន ជាក់លាក់លើករណីអ្នកជំងឺទាំង១៥នាក់ ក្រសួងនឹងរាយការណ៍ ជំរាបជូនជាបន្តបន្ទាប់ទៀត ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៤ កុម្ភៈនេះ កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបទូទាំងប្រទេសមានចំនួន ៦៣៣នាក់ ព្យាបាលជាសះស្បើយចំនួន៤៧៦នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១៤២នាក់ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×