ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ ជនជាតិចិន៦នាក់ រកឃើញកូវីដ-១៩ នៅព្រះសីហនុ មិនចាត់ចូលក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានឲ្យដឹងថា ជនជាតិចិនមានជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ មិនចាត់ទុកពួកគាត់ឆ្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើយ។

តាមរយៈសារសំឡេងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានរៀបរាប់ថា ក្រសួងមិនចាត់ទុកជនជាតិចិន៦នាក់ រកឃើញវិរុសកូវីដ-១៩ នៅក្រុងព្រះសីហនុ ចូលទៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ឡើយ ។ អះអាងរបស់លោកស្រីនេះ ដោយសារពួកគេមាន គោលបំណង ធ្វើដំណើរទៅ ចិនវិញ ទើបទៅធ្វើតេស្ដ ដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាព កាលពីថ្ងៃទី២៣ កុម្ភៈ តែលទ្ធផលធ្វើតេស្ដវត្ថុ សំណាសក់របស់បុគ្គល ទាំង៦នាក់នេះ ផ្ដល់ដោយវិទ្យាស្ថាន ជាតិសុខ ភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវិរុសកូវីដ-១៩ ។

លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «កាលដែលយើងដាក់បែបនេះ ដោយយើងឈរលើមូលដ្ឋាន គឺពួកគាត់នេះជាអ្នកដំណើរ ថ្វីត្បិតតែគាត់ធ្វើដំណើរចូលមក គាត់រួចផុតពីការធ្វើចត្តាឡីស័ក គាត់នៅលេងចឹង ប៉ុន្ដែគាត់នៅជាដំណើរ ហើយនៅពេលគាត់វិលត្រឡប់ទៅវិញ គាត់មានតម្រូវឲ្យធ្វើតេស្ដ ដើម្បីវិភាគរក មាន ឬមិនមាននូវវិរុសកូវីដ-១៩ហ្នឹង»

លោកស្រីបន្ដថា «ចឹងនៅពេលណាគាត់មក យកវិញ្ញាបនបត្រហ្នឹង យើងធ្វើតេស្ដទៅរកឃើញវិជ្ជមានកូវីដ-១៩ ចឹងអ្នកណុងនៅដាក់ជាអ្នកដំណើរនៅឡើយ ។ ដោយឡែក ហេតុអ្វីបានជាយើងមិនដាក់ចូលទៅ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយសារយើងអត់ទាន់មានការស្រាវជ្រាវឃើញថា គាត់មានពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ហ្នឹងនៅឡើយទេ ពីព្រោះនេះគាត់មកខ្លួនគាត់ មិនមែនក្រុមការងារយើង ដែលចុះទៅស្រាវជ្រាវហើយឃើញថា គាត់ជាអ្នកសង្ស័យ យើងយកគាត់មកធ្វើតេស្ដអីមិនមែនទេ គឺគាត់មកធ្វើតេស្ដដោយខ្លួនគាត់ ក្នុងវត្ថុបំណងគឺដើម្បីវិលត្រឡប់ទៅវិញ»។

សូមជម្រាបថា នៅព្រឹកថ្ងៃ២៥ កុម្ភៈ កម្ពុជារកឃើញករណីជំងឺកូវីដ-១៩ ចំនួន៦៥នាក់ ក្នុងនោះ ៖ ករណីឆ្លងសហគមន៍នៅភ្នំពេញ ចំនួន៥៨នាក់ ក្រុងព្រះសីហនុចំនួន៦នាក់ ករណីនាំចូលចំនួន១នាក់ និងមិនមានអ្នកជាសះស្បើយឡើយ ។ ដូច្នេះ រហូតមកដល់ពេលនេះ នៅកម្ពុជាចំនួនករណីជំងឺកូវីដ-១៩ សរុបកើនឡើងដល់ ៦៩៧នាក់ ចំនួនសំរាកពេទ្យកើន២២០នាក់ ។ ដោយឡែកចំនួនជាសះស្បើយសរុបកើន ៤៧៧នាក់ និងស្លាប់គ្មាន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×