ព័ត៌មានជាតិ

ទន្លេមេគង្គ ស្រកដល់កម្រិត «គួរឲ្យព្រួយបារម្ភ» ដោយផ្នែកខ្លះ ប្រែពណ៌ជាបៃតងខៀវ

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បាននិយាយថា កម្រិតទឹកទន្លេមេគង្គនៅចន្លោះស្ថានីយវារីអគ្គិសនី Jinghong ក្នុងខេត្ត Yunnan នៃប្រទេសចិន និងដីសណ្តទន្លេមេគង្គនៅប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតគួរឲ្យបារម្ភ ។ នេះបើតាមការចុះផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ។

កម្រិតទឹកបានស្រកចុះយ៉ាងច្រើនតាំងពីដើមឆ្នាំនេះ ដោយសារមានភ្លៀងតិច ការប្រែប្រួលលំហូរនៅផ្នែកខាងលើ ការដំណើរការវារីអគ្គិសនីនៅតាមដៃទន្លេ និងការកំហិតលើលំហូរចេញពីទំនប់ Jinghong ។ បណ្ឌិត Winal Wangpimool ប្រធានផ្នែកគាំទ្របច្ចេកទេសនៃ លេខាធិការដ្ឋាននៃគណៈកម្មការរទន្លេមេគង្គ បាននិយាយថា «មានការឡើង និងស្រកភ្លាមៗ នៃកម្រិតទឹក នៅខាងក្រោមជាប់នៃ Jinghong និងនៅខាងក្រោមមកទល់នឹងទីក្រុងវៀងចន្ទន៍ ដែលចោទជាបញ្ហាប្រឈមសម្រាប់អាជ្ញាធរ និងសហគមន៍ នៅក្នុងការត្រៀមទប់ទល់ចំពោះផលប៉ះពាល់»។

ការសង្កេតប្រចាំខែរបស់ គណៈកម្មការទន្លេមេគង្គ លើរបាយទឹកភ្លៀងបង្ហាញថា តាំងពីខែវិច្ឆិកា ឆ្នាំមុន បរិមាណទឹកភ្លៀងគិតជាមធ្យម មានការធ្លាក់ចុះទាបជាកម្រិតមធ្យម ដោយធ្លាក់ចុះ ២៥%។ទិន្នន័យស្តីពីកម្រិតទឹកដែលគណៈកម្មការបានសង្កេតឃើញ ថែមទាំងបង្ហាញទៀតថា កម្រិតទឹកហូរចេញនៅស្ថានីយ Jinghong កាលពីថ្ងៃ១១ កុម្ភៈ មាន ៧៧៥ ម៉ែត្រគូបក្នុងមួយវិនាទី គឺថយចុះជិតពាក់កណ្តាលពីកម្រិតធម្មតា ដែលមានប្រហែល១៤០០ ម៉ែត្រគូបក្នុងមួយវិនាទីដែលត្រូវបានគេសង្កេតឃើញ នៅខែធ្នូ។

ចាប់តាំងពីការធ្លាក់ចុះដំបូងនៅថ្ងៃ១ ខែមករា កម្រិតទឹកហូរចេញពីស្ថានីយ Jinhong ពីថ្ងៃទី១ ដល់ថ្ងៃ៧ មករា គឺថេរត្រឹម៧៨៥ម៉ែត្រគូបក្នុង១វិនាទី។ បន្ទាប់មក កម្រិតទឹកហូរចេញញបានធ្លាក់មក ៧៤០ម៉ែត្រគូបក្នុង១វិនាទី នៅចន្លោះពីថ្ងៃ១៥ដល់ថ្ងៃ ២៣ មករា មុននឹងឡើងដល់៩៩០ ម៉ែត្រគូបក្នុង១វិនាទី នៅថ្ងៃទី ២៩ ខែមករា។ បន្ទាប់មក វាធ្លាក់ចុះបន្តិចម្តងៗមកដល់៨០០ ម៉ែត្រគូបក្នុង១វិនាទី នៅថ្ងៃ១១ កុម្ភៈ។ នៅដើមខែមករា ក្រសួងធនធានទឹកចិនបានប្រាប់ទៅប្រទេស នៅតំបន់ទន្លេមេគង្គក្រោមទាំង ៤ ថា លំហូរចេញពីស្ថានីយ Jinghong នឹងត្រូវកំហិតត្រឹម ១០០០ ម៉ែត្រគូបក្នុង១វិនាទី ពីថ្ងៃ ៥ ដល់ថ្ងៃ ២៤ មករា ដោយសារការជួសជុលប្រព័ន្ធខ្សែបញ្ជូនចរន្តភ្លើង។ តែក្រសួងនេះមិនបានបញ្ជាក់ពីកម្រិតទឹក នៅមុនពេលនៃការកំហិតទឹកហូរចេញ និងបរិមាណទឹកដែលត្រូវស្តារឡើងវិញ នៅថ្ងៃ ២៥ មករាទេ។

កាលពីឆ្នាំទៅ ចិនបានយល់ព្រមចែករំលែក ទិន្នន័យស្តីពីបរិមាណទឹកភ្លៀង និងកម្រិតទឹកទន្លេក្នុងឆ្នាំទាំងមូល ជាមួយគណៈកម្មការទន្លេមេគង្គ។ តាមរយៈកិច្ចព្រមព្រៀងជាមួយគណៈកម្មការនេះ ចិនបានសន្យាប្រាប់ទៅគណៈកម្មាការ និងប្រទេសជាសមាជិក នូវការឡើងឬការស្រកចុះមិនធម្មតានៃកម្រិតទឹក ឬការបញ្ចេញទឹក ហើយផ្តល់ព័ត៌មានទាក់ទង ស្តីពីកត្តាដែលអាចនាំឲ្យមានការជន់លិចភ្លាមៗ។

បណ្ឌិត Winal បានមានប្រសាសន៍ថា «ការបន្តលំហូរបែបនេះ អាចមានផលប៉ះពាល់ទៅលើការដឹកជញ្ជូនតាមទន្លេ បម្លាស់ទីនៃមច្ឆា កសិកម្ម និងការប្រមូលស្មៅទន្លេ។ ដើម្បីជួយប្រទេសនៅតំបន់ទន្លេមេគង្គក្រោម ក្នុងការគ្រប់គ្រងហានិភ័យឲ្យមានប្រសិទ្ធភាព យើងអំពាវនាវឲ្យប្រទេសចិន និងប្រទេសនៅតំបន់ទន្លេមេគង្គក្រោម ចែករំលែកផែនការក្នុងការបញ្ចេញទឹករបស់គេ ដល់យើង»។

លោក Chiang Sean ដែលជាស្ថានីយតាមដានទី១ នៅលើទន្លេមេគង្គ នៅប្រទេសថៃ ហើយស្ថិតនៅប្រមាណជា ៣០០គីឡូម៉ែត្រ ពីស្ថានីយប្រមាណជា ៣០០គីឡូម៉ែត្រពីស្ថានីយ Jinghong មានកម្រិតទឹកធ្លាក់ចុះយ៉ាងច្រើន គឺធ្លាក់ចុះ១ម៉ែត្រ ពីថ្ងៃទី ២ ដល់ទី ៤ ខែមករា។ ពី Chiang Khan ក្នុងប្រទេសថៃ ដល់ក្រុងវៀងចន្ទន៍ ក្នុងប្រទេសឡាវ កម្រិតទឹកទន្លេមានការប្រែប្រួល រវាងពី ០,៣២ម៉ែត្រទៅ ០,៥០ម៉ែត្រ។

ក្នុងដងទន្លេមេគង្គទាំងមូលចាប់ពី Nakhon Phanom, Mukdahan និង Khon Chiam ក្នុងប្រទេសថៃ ដល់ Thakhek, Savanakhet និង Pakse ក្នុងប្រទេសឡាវ កម្រិតទឹកបានស្រកពី ០,០៤ម៉ែត្រ ដល់ ០,០៨ម៉ែត្រ។ នៅតំបន់ខាងក្រោមទៀត ក្នុងប្រទេសកម្ពុជា កម្រិតទឹកនៃទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ មានការប្រែប្រួលពី ០,០២ម៉ែត្រទៅ ០,០៥ម៉ែត្រ។ តែកម្រិតទឹកនៅខ្ពស់ជាង កម្រិតមធ្យមយូរអង្វែង។ កម្រិតទឹកពីកំពង់ចាមអ្នកលឿង និងបាសាក់នៅភ្នំពេញ និងព្រែកក្តាមបានស្រកចុះជាលំដាប់ ហើយនៅទាបជាងកម្រិតមធ្យមរយៈពេលយូរ គិតតាំងពីដើមខែវិច្ឆិកាមក។ តាំងពីខែមករា មានការស្រកប្រចាំថ្ងៃចំនួន ០,០២ម៉ែត្រ ដោយគិតជាមធ្យម។

តំបន់ដីសណ្តនៅវៀតណាមរាប់ពី Tan Chau នៅតាមទន្លេមេគង្គ និង Chau Doc តាមទន្លេបាសាក់ ច្រើនតែរងនឹងផលនៃទឹកជន់ និងនាចនៃសមុទ្រ។ កម្រិតទឹកនៅតាមស្ថានីយទាំងពីរ មានការប្រែប្រួលនៅក្រោមនិងលើកម្រិតមធ្យមរយៈពេលយូរ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំទៅ។ ទឹកទន្លេមេគង្គមានការប្រែពណ៌ ដោយសារលំហូរទាប ការធ្លាក់ចុះយឺតនៃកករទន្លេ និងវត្តមាននៃរុក្ខជាតិសរីរាង្គ Algae នៅបាតទន្លេ ទឹកទន្លេមេគង្គនៅក្នុងខេត្ត Nakhon Phanom នៅភាគឦសាននៃប្រទេសថៃ មានការប្រែពណ៌ ក្នុងពលថ្មីៗនេះ គឺវាបានកើតមានម្តង នៅចុងឆ្នាំ ២០១៩។

ការវិភាគដំបូងៗក្នុងពេលថ្មីៗនេះ របស់គណៈកម្មការទន្លេមេគង្គ គទៅលើបាតុភូតនេះដែលពិនិត្យលើហេតុ និងផលប៉ះពាល់ដែលអាចមាន បានបង្ហាញថា ដូចនៅឆ្នាំ ២០១៩ ដែរ មានកត្តាច្រើននៅក្នុងរឿងនេះ។

ការវិភាគបានបង្ហាញថា លំហូរទឹកទាបដូចនៅពេលនេះ បានធ្វើឲ្យទឹកមានការប្រែពណ៌។ កករល្អិត ដែលតាមធម្មតាត្រូវបានគេឃើញតែ នៅពេលមានទឹកជ្រៅហូរខ្លាំង ដែលធ្វើឲ្យទឹកទន្លេមានពណ៌ត្នោត គឺលែងមានទៀតហើយ ដែលជាការធ្វើឲ្យទឹកមានសភាពថ្លា។ នៅពេលពន្លឺចាំងចូលក្នុងទឹក ទឹកថ្លាស្រូបយកពន្លឺធ្វើឲ្យវាមានការប្រែពណ៌។

ទឹកថ្លាធ្វើឲ្យរុក្ខជាតិជាលក្ខណៈមីក្រុប ដុះនៅលើខ្សាច់ និងបាតទន្លេ ដែលជាការធ្វើឲ្យទឹកមានសភាពបៃតង។ ធម្មតារុក្ខជាតិបែបនេះហូរ ដាច់ទៅដោយសារចរន្តទឹកទន្លេ តែដោយសារកម្រិតទឹកទាប វាកាន់តែដុះច្រើនឡើង នៅផ្នែកខ្លះនៃទន្លេ។

បណ្ឌិត So Nam មន្រ្តីដឹកនាំការគ្រប់គ្រងផ្នែកបរិស្ថាន របស់លេខាធិការដ្ឋាននៃ គណៈកម្មការទន្លេមេគង្គ បានមានប្រសាសន៍ថា «ដូចករណីនៅឆ្នាំ ២០១៩ អីចឹងបាតុភូតទឹកឡើងពណ៌រាងខៀវនឹងមាន នៅកន្លែងដទៃទៀតនៃទន្លេមេគង្គ ដែលមានលំហូរទឹករាក់»។

ដោយលើកឡើងពីការវិភាគនេះ បណ្ឌិត Nam បានបន្ថែមថា ផលប៉ះពាល់ខ្លះ ដែលអាចកើតមានពីកម្រិតទឹកឡើងថ្លាខ្លាំង មានដូចជាការប្រែប្រួលនៃអត្ថប្រយោជន៍នៃទន្លេ ដោយចំណីអាហារសម្រាប់សត្វល្អិត និងត្រីនៅក្នុងទន្លេមានការថយចុះ។ ការនេះប៉ះពាល់ដល់ផល ផ្តល់ដោយជីវសាស្រ្តចម្រុះ ដែលនាំទៅដល់ការធ្លាក់ចុះផលនេសាទ និងគម្រាមកំហែងជីវិតរស់នៅ របស់សហគមន៍មូលដ្ឋាន។

បណ្ឌិត Nam បានធ្វើការកត់សម្គាល់ថា ពណ៌ឡើងខៀវនៃទន្លេមេគង្គនឹងនៅតែមាន រហូតទាល់តែទឹកឡើងហើយយូរខ្លាំង នៅពេលចាប់ផ្តើមនៃរដូវទឹកជំនន់ ដែលតាមធម្មតា ចាប់ផ្តើមនៅចុងខែឧសភា។ ស្ថានភាពធម្មតាអាចត្រូវបានស្តារឡើងវិញបាន ប្រសិនបើបរិមាណទឹកច្រើន ត្រូវបានបញ្ចេញមកពីអាងស្តុក ដែលស្ថិតនៅផ្នែកខាងលើនៃទំទំនប់តាមទន្លេមេគង្គ (ឡាងឆាង) និងទំនប់នៅតាមដៃទន្លេ ដែលនាំកករ ហើយធ្វើឲ្យទន្លេមេគង្គវិលទៅរក សភាពមានពណ៌ត្នោតដូចធម្មតាឡើងវិញ។

ទន្លេមេគង្គ និងដៃរបស់វាទ្រទ្រង់ប្រជាជនចំនួនជិត ៧០ លាននាក់ ដែលរស់នៅតាមអាងទន្លេមេគង្គខាងក្រោម ដោយផ្តល់មុខរបរប្រកបជីវភាព សន្តិសុខស្បៀង និងសេវាប្រព័ន្ធបរិស្ថានអេកូឡូស៊ីដ៏សម្បូរបែប។ ដោយកំណើននៃសេដ្ឋកិច្ចដាក់សម្ពាធកាន់តែច្រើនទៅលើទន្លេ ការគម្រាមកំហែងចំពោះសហគមន៍ នៅតាមទន្លេនេះមានរឹតតែខ្លាំង ដោយគួបនឹងកំណើននៃប្រជាជន ការកសាងទំនប់វារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ការប្រែប្រួលអាកាសធាតុ ទឹកជំនន់ និងគ្រោះរាំងស្ងួត។

សូមបញ្ជាក់ថា គណៈកម្មាការទន្លេមេគង្គ គឺជាអង្គការអន្តររដ្ឋាភិបាលសម្រាប់ធ្វើកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ នៅតំបន់ទន្លេមេគង្គក្រោម ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៥ ផ្អែកតាមកិច្ចព្រមព្រៀងស្តីពីទន្លេមេគង្គរវាងកម្ពុជា ឡាវ ថៃ និងវៀតណាម។ អង្គការនេះគឺជាវេទិកាថ្នាក់តំបន់ សម្រាប់ធ្វើការងារការទូតផ្នែកទឹក ព្រមទាំងជាកន្លែងផ្តល់ចំណេះដឹង លើការគ្រប់គ្រងធនធានទឹកដើម្បីការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃតំបន់ ៕

To Top