ព័ត៌មានជាតិ

រដ្ឋមន្ដ្រីព័ត៌មាន ឲ្យអង្គភាពព័ត៌មាន អង្គការ និងសមាគម ជូនដំណឹងក្នុងករណីរៀបចំ វគ្គបណ្ដុះបណ្ដាលជំនាញ

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានធ្វើស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងប្រធានអង្គការ សមាគម ដែលរៀបចំសិក្ខាសាលា និងបើកវគ្គបណ្ដុះបណ្ដាលជំនាញផ្នែកសារព័ត៌មាន ត្រូវជូនដំណឹងមកក្រសួងជាមុន និងមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធលើការអប់រំ បណ្ដុះបណ្ដាលដើម្បី ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពថែមទៀត។

ក្រសួងព័ត៌មាន ស្នើបែបនេះក្រោយពីក្រសួងសង្កេតឃើញមាន អង្គភាពសារព័ត៌មាន និងអង្គការ សមាគមមួយចំនួន បានរៀបចំសិក្ខាសាលា និងបើកវគ្គបណ្តុះបណ្តាលជំនាញ ផ្នែកសារព័ត៌មានដល់ អ្នកសារព័ត៌មានដែលកំពុងបំពេញ ការងារលើវិស័យព័ត៌មាន និងជាពិសេស ក្រុមយុវជន ដែលមានបំណងចង់បំពេញការងារ លើវិស័យព័ត៌មានទាំង នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ប៉ុន្តែពុំមានកិច្ចសហការជាមួយក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីធ្វើការអប់រំបណ្ដុះបណ្ដាលឲ្យបានត្រឹមត្រូវ តាមក្រឹតក្រមក្បួនខ្នាតក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាននៅឡើយ។

យោងតាមលិខិតរបស់ ក្រសួងព័ត៌មាននៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបញ្ជាក់ថា «ដើម្បីធ្វើការអប់រំ បណ្ដុះ បណ្ដាល និងអភិវឌ្ឍធនធានមនុស្សលើវិស័យ សារព័ត៌មានឲ្យចំគោលដៅ មានគុណភាព និងមានការទទួលខុសត្រូវ ក្នុងការបំពេញការងារជា អ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ ព្រមទាំង លើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មានស្រប តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពី របបសារព័ត៌មាន ក្រសួងព័ត៌មាន សូមធ្វើការណែនាំដល់ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ និងអង្គការ សមាគម ដែលមានបំណងរៀបចំសិក្ខាសាលា ឬបើកវគ្គបណ្តុះបណ្តាល លើវិស័យសារព័ត៌មាន ក្រៅពីអង្គភាពរបស់ខ្លួន ត្រូវជូនដំណឹងជាមុនមកក្រសួងព័ត៌មាន ដើម្បីមានកិច្ចសហការជាមួយ ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការអប់រំ បណ្តុះបណ្តាលលើវិស័យសារព័ត៌មាន ដ៏មានសារសំខាន់នេះ កាន់តែមានប្រសិទ្ធភាព និងគុណភាព ខ្ពស់ថែមទៀត» ៕

To Top