Covid-19

រាជរដ្ឋាភិបាល យល់ព្រមឲ្យអនុវត្តវិធានការច្បាប់ ចំពោះជនបរទេសត្រូវបណ្ដេញចេញ និងបិទទីតាំង ដែលមិនសហការពាក់ព័ន្ធជំងឺកូវីដ-១៩

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានយល់ព្រម ឲ្យអនុវត្តវិធានការច្បាប់បន្ថែមទៀត ចំពោះបុគ្គល និងទីតាំងមិនសហការ ពាក់ព័ន្ធករណីជំងឺកូវីដ-១៩ រួមមាន ៖ ជនបរទេសត្រូវបណ្តេញចេញពីកម្ពុជា និងបិទទីតាំងចោលតែម្តង។

យោងតាមលិខិត របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ២០ កុម្ភៈ រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ ឲ្យអនុវត្តនូវវិធានការច្បាប់បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ នូវវិធានការមួយចំនួនដូចខាងក្រោម ៖

ទី១-ចំពោះជនបរទេស ត្រូវបណ្ដេញចេញពីកម្ពុជា និងហាមចូលប្រទេសសារជាថ្មី។

ទី២-ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់។

ទី៣-ចំពោះទីតាំង ត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មក្នុងទីតាំង។

កាលពីថ្ងៃ២៥ កុម្ភៈ កម្ពុជាបានបណ្តេញ ជនជាតិចិនម្នាក់ចេញពីកម្ពុជា ក្រោយពីផ្សាយព័ត៌មាន បំភ្លៃខុសពីការពិតដែលថា កម្ពុជាលក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយរបស់ចិនក្នុងតម្លៃថ្លៃ។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧៤១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៧នាក់ និងអ្នកជំងឺ ចំនួន២៦២នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ក្នុងនោះ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ រកឃើញមានអ្នកឆ្លង រហូតដល់ ២៣៤នាក់ ផងដែរ៕

To Top