ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ មេរោគកូវីដ-១៩ ក្រៅពីឆ្លងចូលមាត់ និងច្រមុះអាចឆ្លងចូលតាមភ្នែក-ត្រចៀក

ភ្នំពេញ ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា មេរោគកូវីដ-១ ៩ មិនមែនអាចឆ្លងតាមរយៈ មាត់-ច្រមុះ ប៉ុណ្ណោះទេ ប៉ុន្ដែអាចឆ្លងចូលតាម ភ្នែក-ត្រចៀក ដូច្នេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប់ជាប្រចាំ ដើម្បីបង្ការកុំឲ្យឆ្លងជំងឺកូវីដ។

ការលើកឡើងរបស់លោកស្រី បន្ទាប់ពីលោកស្រីបានដឹងព័ត៌មានបរទេសមកថា មានគ្រួសារមួយមិនសូវលាងដៃជាមួយសាប៊ូទេ ទើបជួបបញ្ហារហូតដល់ស្លាប់ដោយសារជំងឺកូវីដ១៩។

តាមរយៈសំឡេង នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក យក់ សម្បត្តិ បានថ្លែងថា «ខ្ញុំសូមផ្ដល់ព័ត៌មានមួយដែលជាការដកពិសោធន៍ នៅក្នុងបណ្ដាប្រទេសនៅអន្តរជាតិផ្សេងៗ ការពាក់ម៉ាស់នេះ គឺការពារបានតែចម្រុះ ហើយនិងមាត់ទេ ហើយដោយឡែក ភ្នែក ត្រចៀក អត់មានអីគ្របបានទេ អីចឹងហើយសំខាន់ គឺការលាងដៃ»។

លោកស្រីបន្ដថា «មានប្រទេសមួយចំនួន គាត់ធ្វើរបាយការណ៍ព្រឹកមិញនេះ ខ្ញុំមើលបន្តផ្ទាល់នេះគឺថា មួយគ្រួសារ គឺគាត់បាន Quarantineខ្លួនគាត់ត្រឹមត្រូវ គាត់មិនចេញទៅ មិនចូលរួមក្នុងហ្វូងមនុស្សធំៗ លើសពី១០នាក់ហ្នឹង គឺថា មានការហាមឃាត់ហ្នឹង ប៉ុន្តែការអនុវត្តរបស់គាត់អត់បានត្រឹមត្រូវ គាត់មិនសូវលាងដៃ គាត់ប៉ះពាល់គ្នា អីចឹងទីបំផុតទៅ ឥឡូវនេះឪពុកម្ដាយស្លាប់ទាំងពីរនាក់ហើយ ដូច្នេះ នៅតែកូន កំពុងដាក់វ៉ង់ទីឡាទើនៅមន្ទីរពេទ្យ»។

ជាងនេះទៅទៀត អ្នកនាំពាក្យ ក៏បានអំពាវនាវដល់ក្រុមគ្រួសារពេទ្យ ត្រូវជួយណែនាំដល់ប្រជាពលរដ្ឋឲ្យពួកគាត់ ត្រូវលាងដៃជាមួយសាប៊ូ និងអាកុល ព្រមទាំង ងូតទឹកសម្អាតខ្លួនជាប្រចាំ ព្រោះជារឿងមួយដ៏សំខាន់បំផុតសម្រាប់បង្ការកុំឲ្យឆ្លងជំងឺកូវីដ-១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២៦ កុម្ភៈ នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៧៤១នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន២៦២នាក់ ៕

To Top