ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង លើកទឹកចិត្ត ដល់វិស័យឯកជន ក្នុងការវិនិយោគ អចលនទ្រព្យដីធ្លី

ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនាមរដ្ឋបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់ វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគ វិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ី នៅខេត្ត ហើយខេត្តក៏មានទីតាំងដីអំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគផងដែរ ។

ការថ្លែងប្រកាសគាំទ្រ របស់លោកអភិបាល ខេត្តស្វាយរៀង បែបនេះ បានធ្វើឡើង នៅក្នុងឱកាស ដែលលោកអញ្ជើញ ចូលរួមសម្ភោធបើកការដ្ឋាន សាងសង់គម្រោងអចលនទ្រព្យភូមិមរតក ដែលមានផ្ទៃដី សរុបជាង ១៤ហិចតា មានដីឡូតិ៍ មានផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្ត ស្ថិតនៅក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២១ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត និងលោកលោកស្រីជាប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋ ដែលមកចូលស្វែងយល់ អំពីគំរោងលំនៅដ្ឋាននេះជាច្រើននាក់ផងដែរ ។

លោកអភិបាលខេត្ត ក៏បានអំពាវនាវ ដល់អ្នកវិនិយោគទុនទាំងអស់ ត្រូវចូលរួមបង្ការទប់ស្កាត់ជំងឺ covid 19 ដោយធ្វើយ៉ាង ណាត្រូវចូលរួមគោរព នូវវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវធ្វើអនាម័យ ជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាកុល ជែលនិងនៅគម្លាតគ្នាជាដើម ។

លោកសោម សុធាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យភូមិមរតក បានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ភូមិមរតក គ្រោងចំណាយថវិកាសរុបជាង ៨លានដុល្លារ ដោយដំណាក់កាលទី១ គ្រោងចំណាយថវិកា ២.៦លានដុល្លារ។អ្វីដែលពិសេស គម្រោងភូមិមរតក អាចដំណើរការយ៉ាងឆាប់រហ័ស ដោយទទួលបានការលើកទឹកចិត្ត ពីថ្នាក់ដឹកនាំខេត្ត ដែលបានបង្ហាញពីភាពជោគជ័យមួយជំហាន ពីព្រោះនេះគឺជាគម្រោងមួយ ដែលអាចកែប្រែវាសនាតំបន់តំបន់ជុំវិញ កាន់តែអ៊ូអរ ក្លាយជាទីប្រជុំជន ក្រុងរណបរបស់ខេត្តមួយ នាពេលអនាគត ខាងមុខដ៏ខ្លី។

គម្រោងភូមិមរតក បានចូលរួមចំណែកអភិវឌ្ឍន៍ តំបន់រស់នៅ ដោយមានការបង្កើត ជាផ្សារសហគមន៍ បង្កើតការងារ បង្កើតមុខរបរកាន់តែច្រើន ជាពិសេសនៅក្នុងគម្រោង មានការកសាងផ្លូវ ដើម្បីបងប្អូនក្នុងសហគមន៍ កាន់តែងាយស្រួលធ្វើដំណើរ រីឯប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ត្រូវបានរៀបចំតាមស្ដង់ដា គោរពតាមបទដ្ឋាន មិនមានក្ដីបារម្ភក្នុងការរស់នៅឡើយ។

គួរបញ្ជាក់ផងដែរថា គម្រោងអចលនទ្រព្យភូមិមរតក បើកសម្ពោធលក់ជាផ្លូវការហើយ នៅលើផ្ទៃដី សរុបជាង ១៤ហិចតា មានដីឡូតិ៍ មានផ្សារសហគមន៍ ផ្ទះល្វែងបែបអាជីវកម្ម និងមានតំបន់កំសាន្តជាដើម ហើយតម្លៃគឺធូរថ្លៃសមរម្យបំផុត ដែលបងប្អូនជាច្រើនអាចមានលទ្ធភាព វិនិយោគទិញ សម្រាប់ការរស់នៅ ឬប្រកបអាជីវកម្មបាន៕

To Top