ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចាត់មន្ត្រីជំនាញ ចុះយកសំណាក ប្រជាពលរដ្ឋ ពាក់ព័ន្ធបុរសជនជាតិខ្មែរ ១នាក់ វិជ្ជមានកូវីដ-១៩ ក្នុងពិធីមង្គលការ នៅស្រុកកងមាស

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការប្រឆាំងជំងឺកូវីដ-១៩ខេត្ត លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាត់ក្រុមឆ្លើយតបបន្ទាន់ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះយកសំណាកបងប្អូនប្រជាពលរដ្ឋ ជាមុខសញ្ញាដែលពាក់ព័ន្ធ ក្នុងករណីបុរសជនជាតិខ្មែរ ១នាក់ មានវិជ្ជមានកូវីដ-១៩ ដែលបានមកចូលរួមក្នុងពិធីមង្គលការក្មួយ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពីក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរកឃើញបុរសម្នាក់ដែលបានមកចូលរួមក្នុងពិធីមង្គលការ នៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស មានផ្ទុកជំងឺកូវីដ-១៩ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍នេះ និងបានរៀបចំទីតាំងសម្រាប់ពិនិត្យសុខភាព យកសំណាក ចំនួន២ កន្លែង គឺនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស និងនៅមណ្ឌលសុខភាពស្វាយខ្សាច់ភ្នំ នៅភូមិស្វាយកណ្តាល ឃុំស្វាយខ្សាច់ភ្នំ ស្រុកស្រីសន្ធរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានអំពាវនាវ ដល់អ្នកដែលបានមកចូលរួមក្នុងមង្គលការ និងអ្នកពាក់ព័ន្ធនៅស្រុកកងមាស ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅទីតាំងចំនួន២កន្លែង ដែលមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានរៀបចំ។ 

ដោយឡែកចំពោះបងប្អូនដែលមិនស្ថិតក្នុងស្រុកទាំងពីរខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅតាមមណ្ឌលសុខភាព ដែលនៅជិតកន្លែងស្នាក់នៅ ឬរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារ ដោយឡែកបងប្អូនដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងបុរសខាងលើ  ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំរបស់មន្ត្រីសុខាភិបាល ប្រកបដោយស្មាតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺនេះ។

To Top