ព័ត៌មានជាតិ

រដ្ឋាភិបាលសហរដ្ឋអាមេរិក រៀបចំការប្រកួត ស្តីពីភាពជាដៃគូ ផ្នែកកសិកម្ម នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរៀបចំបង្កើតការប្រកួតប្រជែងថ្មីមួយ សម្រាប់វិស័យឯកជន ក្នុងភាពជាដៃគូក្នុងផ្នែកកសិកម្ម ទាក់ទង នឹងបញ្ហាប្រឈមសំខាន់ៗ នៅក្នុង វិស័យកសិកម្ម របស់ប្រទេសកម្ពុជា ដូចជា ការប្រើប្រាស់ប្រព័ន្ធរក្សាភាពត្រជាក់ លទ្ធភាពក្នុងការទុកដាក់ ក្នុងឃ្លាំង និងផ្នែកភស្តុភារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានមានប្រសាសន៍ថា «សហរដ្ឋអាមេរិក គឺជាដៃគូ យូរអង្វែង របស់ ប្រទេសកម្ពុជា និងវិស័យកសិកម្ម ក្នុងប្រទេសនេះ។ ការប្រកួតប្រជែង នេះមានបំណងជំរុញឲ្យ ក្រុមហ៊ុន ក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ រកដំណោះស្រាយថ្មីៗ ដើម្បីបង្កើនសមត្ថភាព ប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ដោយពង្រីកទីផ្សារ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារហើយ និងជំរុញការ វិនិយោគ និងការចូលរួម របស់វិស័យឯកជន នៅក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ក្នុងវិស័យកសិកម្ម»។

ការប្រកួតប្រជែង នេះ ដែលបានបើក នៅថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ ២០២១ នឹងផ្តល់ជំនួយ ក្នុងទឹកប្រាក់ចំនួន ៣,៥លានដុល្លារ ដល់ក្រុមហ៊ុនឯកជន។ ក្រុមហ៊ុននានា ក៏តម្រូវឲ្យផ្តល់នូវដៃគូហិរញ្ញប្បទានមួយ ទល់នឹងមួយ ហើយធ្វើការ ជាមួយវិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ បន្ទាន់បំផុត ក្នុងការងារទាក់ទង នឹងប្រព័ន្ធរក្សាភាព ត្រជាក់លទ្ធភាពក្នុងការទុកដាក់ ក្នុងឃ្លាំង និងផ្នែកភស្តុភារ នៅក្នុងវិស័យ កសិកម្ម។ ការប្រកួតនេះ មានបំណងជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ របស់ប្រទេសកម្ពុជា ឲ្យសម្រេចជោគជ័យ លើអាទិភាពជាយុទ្ធសាស្រ្ត ក្នុងផែនការអភិវឌ្ឍក្នុងវិស័យកសិកម្ម ឆ្នាំ២០១៩ – ២០២៣ របស់ខ្លួន ជាមួយនិងដំណោះស្រាយផ្អែកតាមទីផ្សារ។

ការប្រកួតប្រជែង នេះនឹងបញ្ចប់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។ ភាគីពាក់ព័ន្ធ មានចំណាប់អារម្មណ៍ សូមចូល មើល ក្នុងគេហទំព័រ៖ https://www.mspgrants.com/cambodia/ ដើម្បីយល់ដឹងបន្ថែម ពីឱកាសមួយនេះ។

ស្ថានទូតសហរដ្ឋអាមេរិក កំពុងទាញការចាប់អារម្មណ៍លើការ ដែលកម្មវិធីដៃគូរបស់ខ្លួន រួមចំណែក ដល់ការអភិវឌ្ឍ របស់ប្រទេសកម្ពុជានៅឆ្នាំនេះ ជាផ្នែកមួយ នៃយុទ្ធនាការ កម្ពុជា-អាមេរិក ២០២១ ឬ «AmCam 2021» ។ នៅត្រីមាសទី១ នៃឆ្នាំនេះ ស្ថានទូត ផ្តោតលើប្រធានបទវិបុលភាព និងនិរន្តរភាព៕

To Top