នយោបាយ

សម្ដេចតេជោ ៖ វិបត្តិកូវីដ១៩ ធ្វើឲ្យទីផ្សារការងារ-ចំណូល ពីផ្នែកសិល្បៈវប្បធម៌ រងផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្ទាល់និងប្រយោល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឲ្យទីផ្សារការងារ និងចំណូល ពីផ្នែកសិល្បៈវប្បធម៌ របស់កម្ពុជារងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្ទាល់ និងប្រយោល ។

ការថ្លែងរបស់សម្ដេចបែបនេះ ធ្វើឡើងបន្ទាប់ពីពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា បាននិងកំពុងជួបវិបត្តិកូវីដ១៩ ដែលបានអូសបន្លាយអស់ រយៈពេលជិត ១ឆ្នាំមកនេះ ។

តាមរយៈសារលិខិត អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ចុះថ្ងៃទី១ មីនានេះ សម្ដេចតេជោ បានប្រកាសថា ទិវាវប្បធម៌តែងតែប្រារព្ធធ្វើឡើង នៅថ្ងៃទី៣ មីនា ជារៀងរាល់ឆ្នាំ ប៉ុន្តែដោយសារ ឆ្នាំ២០២១នេះ មិនអាចរៀបចំការជួបជុំ ដូចសព្វដង ដោយការរីករាលដាលជាសកល នៃជំងឺកូវដ១៩ កំពុងគំរាមកំហែងដល់សុខភាព សាធារណៈ សេចក្តីសុខ និងអាយុជីវិតរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជននានាទូទាំងសកលលោក។

សម្ដេចតេជោបន្តថា រយៈពេលជិត១ឆ្នាំមកនេះ ការរីករាលដាលនៃវីរុសកូវីដ១៩ រួមទាំងការបំប្លែងខ្លួនជាវីរុសប្រភេទថ្មីផងនោះ បាននិងកំពុងរាតត្បាត ជាបន្តបន្ទាប់និងជះឥទ្ធិពលអវិជ្ជមានមកលើសង្គម និងសេដ្ឋកិច្ច នៅតាមបណ្តាប្រទេសនានា ក្នុងពិភពលោក ក្នុងតំបន់ និងកម្ពុជា ក្នុងនោះរួមមានទាំងវិស័យវប្បធម៌ផងដែរ ។ ដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ សារមន្ទីរ រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅទូទាំងប្រទេស បានតម្រូវឲ្យបិទទ្វារបណ្តោះអាសន្ន ជាច្រើនលើក រីឯវិស័យឯកជនដែលធ្វើអាជីវកម្មនៅក្នុងផ្នែកសិល្បៈវប្បធម៌ រួមមានក្រុមហ៊ុន ក្រុមតន្ត្រី និងក្រុមសិល្បៈ ទាំងអាជីពនិងមហាជន ដែលពឹងផ្អែកលើភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ជាពិសេសពិធីដែលជាតម្រូវការផ្នែកសិល្បៈវប្បធម៌ ដូចជាពិធីរៀបអាពាហ៍ពិពាហ៍ របស់ប្រជាជនក៏ត្រូវបានផ្អាក ឬរឹតត្បិតលក្ខខណ្ឌរៀបចំ យ៉ាងយកចិត្តទុកដាក់បំផុត ស្របទៅតាមការកំណត់ របស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃការឆ្លងចូលទៅក្នុងសហគមន៍។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចបញ្ជាក់ថា «ជារួម វិបត្តិកូវីដ១៩ បានធ្វើឲ្យទីផ្សារការងារ និងចំណូលពីផ្នែកសិល្បៈវប្បធម៌ រងនូវផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្ទាល់និងប្រយោល ។ប៉ុន្តែទោះជាយ៉ាងនេះក្តី អ្នកដែលមានអាជីពក្នុងវិស័យនេះបានខិតខំពុះពារជម្នះរាល់ការលំបាកនានា ជាបុគ្គលផ្ទាល់ក្តី ជាការផ្ដុំគ្នាជាក្រុមក្តី ផ្សព្វផ្សាយចែករំលែកការណែនាំ នានាពីហានិភ័យ នៃជំងឺកូវីដ១៩ ក៏ដូចជាបង្កើតនូវស្នាដៃផ្សេងៗ ក្នុងវិស័យវប្បធម៌ ផ្សព្វផ្សាយនៅក្នុងបណ្តាញព័ត៌មាន ឬទៅកាន់មហាជន ដើម្បីរក្សានិងលើកតម្កើង សិល្បៈវប្បធម៌ខ្មែរ ពុំឲ្យមានការដាច់ដោចទាំងស្រុងនោះឡើយ ទោះជាវិស័យភាពយន្ត សិល្បៈ និងសកម្មភាពវប្បធម៌ផ្សេងទៀតក្តី”

សម្ដេចគូសបញ្ជាក់ថា ទោះបីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅតែជាបញ្ហាប្រឈមចម្បងយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលកម្ពុជានៅ តែបង្ហាញឆន្ទៈដ៏រឹងមាំ ក្នុងការបន្តរៀបចំតាមបែបបទនៃការរស់នៅបែបថ្មីនៃ “ទិវាវប្បធម៌ជាតិ ” ដែលជាព្រឹត្តិការណ៍វប្បធម៌ ប្រចាំឆ្នាំដ៏ធំ ហើយដែលត្រូវបានរៀបចំឡើងចំនួន២២ លើករួចមកហើយចាប់តាំងពីឆ្នាំ១៩៩៩មក។

សម្ដេចមានប្រសាសន៍ថា ទោះបីស្ថិតក្នុងស្ថានភាពដ៏អាក្រក់នៃវិបត្តិកូវីដ១៩ក៏ដោយ ក៏ក្រសួងវប្បធម៌ នៅតែបង្ហាញឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យជាបន្តបន្ទាប់ ៕

To Top
×