ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ហៅមន្ដ្រីសំខាន់ៗប្រជុំដោះស្រាយជូនពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន រាជធានី-ខេត្ត ត្រូវអញ្ជើញមន្ដ្រី ដែលមានតួនាទីសំខាន់ៗ ដើម្បីចូលរួមគ្រប់កិច្ចប្រជុំថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានបានរៀបចំ ដើម្បីដោះស្រាយ បញ្ហាប្រឈមជូនប្រជាពលរដ្ឋ។

ក្នុងលិខិតរបស់សម្ដេចក្រឡាហោម ស ខេង កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដើម្បីធានាឲ្យការបំពេញ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់កាន់តែទទួល បានលទ្ធផលល្អប្រសើរ ជាពិសេសការគាំទ្រ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម សំណើ និងសំណូមពរ នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព»។

សម្ដេចក៏បានណែនាំ ដល់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ ត្រូវ អញ្ជើញមេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀនឃុំ សង្កាត់ និងមេភូមិ ដែលជាតួអង្គដ៏សំខាន់ និង មានការទទួលខុសត្រូវផ្ទាល់ ជាមួយប្រជាពលរដ្ឋ ក្នុងការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមសំណើសំណូមពរនានារ បស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ចូលរួមនៅគ្រប់កិច្ចប្រជុំថ្នាក់ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងកម្មវិធីនានា ដែលក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានបានរៀបចំ។

រីឯការចំណាយលើការស្នាក់នៅ ការធ្វើដំណើរ និងការហូបចុក ជាបន្ទុក របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង ស្រុក ខណ្ឌ៕

To Top