ព័ត៌មានជាតិ

ក្រសួងសាធារណការ លុបចោលជ្រើសរើស មន្ត្រីថ្មី ដើម្បីសន្សំសំចៃ ថវិកាជាតិ

ភ្នំពេញ ៖ ក្រោយទទួលគោលការណ៍ ឯកភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានលុបចោល ការជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១ ដើម្បីសន្សំសំចៃថវិកាជាតិ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ក្នុងស្ថានភាពកម្ពុជា កំពុងជួបវិបត្តិជំងឺកូវីដ១៩ ។

តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ក្រសួងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ក្រសួងសាធារណការ បានស្នើ និងទទួលយកគោលការណ៍ ឯកភាពពីសម្តេចតេជោ ដោយលុបចោលការជ្រើសរើស មន្ត្រីក្របខណ្ឌថ្មី ចំនួន១៣៣កន្លែង សម្រាប់ឆ្នាំ២០២១»។

ក្រសួងបន្ដថា ទាំងនេះជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងបន្តរាតត្បាត ក្នុងពិភពលោក ក៏ដូចជានៅកម្ពុជា ជាពិសេសដើម្បីចូលរួមសន្សំសំចៃថវិកាជាតិ សម្រាប់ទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ច និងសង្គមក្នុងគ្រាលំបាកនេះ។

សូមជម្រាបថា គិតត្រឹមថ្ងៃ២ មីនា កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៨៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៣៦៦នាក់ ៕

To Top