Covid-19

ប្រមុខការទូតអាស៊ាន ប្ដេជ្ញាបង្កើនកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ១៩ និងស្តារស្ថានភាពសេដ្ឋកិច្ចសង្គមឡេីងវិញ

ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវ បង្កើនកិច្ចប្រឹងប្រែងរួមគ្នា របស់អាស៊ានដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយ​និងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ ។ 

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅយប់ថ្ងៃទី២ មីនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់​លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅថ្ងៃទី២ មីនា តាមប្រព័ន្ឋវីដេអូ។

​រដ្ឋមន្រី្តការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាព ក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនង របស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។

ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា “រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយ​និងស្តារឡើងវិញ នូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺនេះ” ។ 

រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរ​លើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នារួមទាំងការវិវឌ្ឍនៃ ស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top