ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសុខាភិបាល ៖ វ៉ាក់សាំងកូវីដ១៩ មិនត្រឹមជួយការពារជីវិតមនុស្ស តែក៏ជួយពន្លឿនការស្ដារសេដ្ឋកិច្ចកម្ពុជា ឡើងវិញ

ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ មិនត្រឹមតែជួយការពារជីវិត មនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពន្លឿនស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញផងដែរ។

ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ នាយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី១០ កុម្ភៈ ដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិតប្រជាពល រដ្ឋ ពិសេសមន្ដ្រីសុខាភិបាលជួរមុខអ្នកដែលប្រឈមខ្ពស់ ទៅនឹងការឆ្លងជំងឺកូវីដ-១៩។

លោកបញ្ជាក់ថា «វ៉ាក់សាំង មិនត្រឹមតែជួយការពារ ជីវិតមនុស្សប៉ុណ្ណោះទេ តែក៏ជួយពន្លឿនស្ដារសេដ្ឋកិច្ច ប្រទេសជាតិយើងឡើងវិញដែរ»។

ជាងនេះទៅទៀត រដ្ឋមន្ត្រីសុខាភិបាល ក៏បានទទូចឲ្យអ្នកគ្រប់គ្នា បន្តអនុវត្តតាមគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបា ល និងក្រសួងសុខាភិបាល អំពីវិធីការពារខ្លួន ៣ការពារ និង៣កុំ។ វិធីការពារ រួមមាន ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព១,៥ម៉ែត្រ ហើយសកម្មភាពគួរចៀសវាងទាំង៣ រួមមាន កុំទៅ កន្លែងបិទជិត កន្លែងមានមនុស្សកុះករ និងកុំប៉ះពាល់គ្នា ជាដើម។ សូមនៅផ្ទះ ប្រសិនបើអ្នកមានជំងឺ គ្រុនក្តៅ ឬសង្ស័យថា បានឆ្លងជំងឺកូវីដ-១៩ និងត្រូវស្វែងរកជំនួយសុខាភិបាលភ្លាមៗ។

សូមរំលឹកថា វ៉ាក់សាំង អាស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ដែលទទួលអាជ្ញាបណ្ណ ផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា បានមកដល់ប្រទេសកម្ពុជាហើយនៅយប់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១៕

To Top