ភ្នំពេញ៖ បើតាមការអះអាងពីស្ថានទូតអូស្រ្តាលី ប្រចាំរាជធានីភ្នំពេញនៅថ្ងៃ៣ មីនា គឺថារដ្ឋាភិបាលអូស្រ្តាលីបានផ្តល់ជំនួយចំនួន ៨០លានដុល្លារអូស្រ្តាលី ដល់គំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌល COVAX AMC ដែលជាជំនួយបន្ថែម លើជំនួយវ៉ាក់សាំងទ្វេភាគីចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ដែលផ្តល់ដល់កម្ពុជា។
ក្នុងកំឡុងពេលជំងឺរាតត្បាតនេះ អូស្រ្តាលីមានមោទនភាពគាំទ្រមិត្តភក្តិ និងអ្នកជិតខាងទាំងក្នុងគ្រាល្អនិងអាក្រក់។
ជាមួយគ្នានេះ អូស្ត្រាលីក៏បានបង្ហាញក្តីរីករាយ ស្វាគមន៍ការមកដល់ដំបូងនៃវ៉ាក់សាំងរបស់ COVAX Advance Market Commitment (AMC) មកកម្ពុជា។ អូស្រ្តាលីបានចូលរួមតាំងពីដំបូង ក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការផ្តល់មូលនិធិទិញវ៉ាក់សាំងការពារពីជំងឺកូវីដ-១៩ ដែលមានសុវត្ថិភាពនិងប្រសិទ្ធភាព សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
វ៉ាក់សាំងអាស្ដ្រាហ្សឺណិការ (AstraZeneca /SII) ចំនួន ៣២៤.០០០ដូស ទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌាបានមកដល់កម្ពុជានាយប់ថ្ងៃ២ មីនា ។ ការមកដល់នាពេលនេះ គឺជាចំនួនវ៉ាក់សាំងលើកដំបូង ផ្តល់ជំនួយឲ្យកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ។ មជ្ឈមណ្ឌលកូវ៉ាក់ គឺជាកិច្ចខិតខំប្រឹងប្រែង សកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឲ្យ ប្រទេសទាំងអស់ក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំង ប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ឲ្យបានឆាប់ ។
មជ្ឈមណ្ឌលកូវ៉ាក់ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូ ជាមួយអង្គការយូនីសេហ្វ (UNICEF)។ កម្ពុជាគឺជាប្រទេសមួយដែលស្ថិតក្នុងចំណោម ប្រទេសដំបូងគេ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់នេះ ៕