ព័ត៌មានជាតិ

ទូតកម្ពុជា ប្រាប់ពលរដ្ឋ និងនិស្សិតខ្មែរឲ្យប្រយ័ត្ន ខណៈវៀតណាម អាចប្រឈមខ្យល់ពុល កម្រិតធ្ងន់

ភ្នំពេញ ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានអំពាវនាវឲ្យនិស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សាស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសភាគខាងជើង ត្រូវមានការ ប្រុងប្រយ័ត្ន ឲ្យបានខ្ពស់បំផុត ខណៈវៀតណាម អាចប្រឈមនឹងខ្យល់ពុលកម្រិតធ្ងន់ ដែលបង្កគ្រោះថ្នាក់ខ្លាំង ដល់សុខភាព ។

យោងតាមសេចក្ដីជូនដំណឹង របស់ទូតកម្ពុជានៅថ្ងៃទី៣ មីនានេះ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១-៦ មីនា នៅភាគខាងជើង ឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Hong វៀតណាមប្រឈម នឹងខ្យល់ពុលមានលាយ ជាមួយនឹងកំទិចល្អិតៗបំផុត ដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំង ដល់សុខភាពមនុស្ស ។ ដោយវាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (alveoli) នៃសួត និងក្នុងសរសៃឈាម អាចបង្កឲ្យមានជាជំងឺមហារីក, ឬប៉ះពាល់ដល់ DNA និងនាំឲ្យមានបំរែបំរួលសេណេទីក ។

ស្ថានទូតបញ្ជាក់ថា អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំ ឲ្យជៀសវាងការចេញក្រៅ , បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាស់ការពារធូលី ពេលចេញក្រៅ ត្រូវលាងសំអាតរន្ធច្រមុះនឹងទឹកអំបិល ៕

To Top